ត្រៀមខ្លួន​បន្តិច​មុននឹង​មានគភ៌…

ការរៀបចំ​ផែនការ​គ្រួសារ​ គឺ​ការ​ត្រៀមខ្លួន​ទាំង​ស្វាមី​ និង​ភរិយា​ក្នុង​ការរស់នៅ​ជា​ជីវិត​គូ​ជាមួយគ្នា​ ដោយសារតែ​ទាំងពីរ​នាក់​មក​ពី​ក្រុម​គ្រួសារ​ដែល​ផ្សេង​ពីគ្នា​ ការរស់នៅ​ផ្ទាល់ខ្លួន​ក៏​ច្បាស់ជា​មិន​ដូចគ្នា​ដែរ​ ទោះជា​ស្រឡាញ់​គ្នា​ក្នុងអំឡុងពេល​ជាគូ​ស្នេហ៍​ខ្លាំង​ប៉ុនណា​ក៏ដោយ​ តែ​នៅពេល​ដែល​អ្នក​ទាំងពីរ​ត្រូវ​មក​រស់នៅ​រួមគ្នា​ស្ទើរតែ​ពេញ​ 24ម៉ោង​នោះ​ ធ្វើ​ឱ្យ​ទាំងពីរ​នាក់​ត្រូវតែ​មានការ​សម្របសម្រួល​ខ្លួន​ និង​រៀប​ផែនការ​ជីវិត​រួមគ្នា​។ ក្រៅពីនោះ​ បើ​គូ​ស្វាមីភរិយា​ណា​ចង់បាន​បុ​ត្រ​ភ្លាម​ៗក្រោយពេល​រៀបការ​ហើយ​ ការ​រៀប​ផែនការ​គ្រួសារ​រឹតតែ​មាន​ភាព​ចាំបាច់​ និង​មាន​ភាព​សំខាន់​ខ្លាំង​ទៅទៀត​ ហើយ​បើសិនជា​គូស្នេហ៍​ណា​ដែល​មិនទាន់​ត្រៀមខ្លួន​ក្នុង​ការ​មាន​បុត្រ​ ការ​រៀប​ផែនការ​គ្រួសារ​ ក៏អាច​រាប់​បាន​ថា​ ជា​បច្ច័យ​សំខាន់​បំផុត​ក្នុង​ការ​ធ្វើ​ឱ្យ​ការ​គ្រង​ជីវិត​គូ​អាច​រស់នៅ​រួមគ្នា​យ៉ាង​មាន​សេចក្ដីសុខ​យូរអង្វែង​បាន​ដែរ​។ ថ្ងៃនេះ​អ្នកគ្រូ​ ឆវី​ នឹង​មក​ណែនាំ​ពី​ការរៀបចំ​ផែនការ​គ្រួសារ​លើ​ផ្នែកការ​មាន​បុត្រ​ថា​ តើមាន​ភាព​សំខាន់​យ៉ាងណា​ខ្លះ​ ដូច​ខាងក្រោម​…។ការ​មាន​បុត្រ​នៅពេល​ដែល​អ្វី​ៗត្រូវ​បាន​រៀបចំ​ហើយ​នោះ​ អាច​រាប់​បាន​ថា​ ជា​ការ​ត្រៀមខ្លួន​ដ៏​ល្អ​របស់​គ្រួសារ​។ ការ​ត្រៀមខ្លួន​រៀប​ផែនការ​ក្នុង​ការ​មាន​បុត្រ​ ត្រូវ​ប្រកបដោយ​ 2ចំ​ណុច​ធំៗ​ ៖
1. ភាព​ត្រៀម​រួចជាស្រេច​លើ​ផ្នែក​រាងកាយ​របស់​ឪពុកម្ដាយ​
សុខភាព​គួរតែ​រឹងមាំ​ទាំងពីរ​នាក់​ ទាំង​ឪពុក​និង​ម្ដាយ​គួរ​ត្រៀម​រាងកាយ​ឱ្យ​ព្រម​ជាស្រេច​ ក្រៅ​ពីនោះ​ គួរតែ​បាន​ទទួលការ​ពិនិត្យ​ឈាម​ថា​ មិន​មាន​កើតជំងឺ​ ឬរោគា​អ្វី​ដែល​អាច​នឹង​ហុច​ផល​ប៉ះពាល់​បន្ត​ទៅដល់​កូន​។ បើ​អ្នកណា​ម្នាក់​មាន​ជំងឺ​ឬរោគ​អ្វីមួយ​ គួរតែ​ប្រឹក្សា​គ្រូពេទ្យ​មុននឹង​សម្រេច​ចិត្ត​មាន​បុត្រ​ ដើម្បី​ឱ្យ​កូន​កើតមក​មិន​ចាំបាច់​ឈឺ​ថ្កាត់​ព្រោះតែ​ឆ្លង​រោគ​ពី​ឪពុកម្ដាយ​។ រោគ​ដែល​ឪពុកម្ដាយ​សម័យថ្មី​គួរតែ​ត្រូវ​បាន​ពិនិត្យ​មុន​ពេល​ចង់បាន​បុត្រ​នោះ​គឺ​ រោគ​លោហិត​ ប្រភេទ​ ថា​ឡាស់​សេ​មៀរ​ (Thalassemi​ ជា​រោគ​ខាង​លោហិត​ដែល​ឆ្លង​បន្ត​តាម​ពូជ​កំណើត​) រួម​ទាំង​ជំងឺ​ឆ្លង​ខាង​ផ្លូវ​ភេទ​ផ្សេង​ៗទៀត​។
ក្រៅពីនោះ​ស្ត្រី​មានគភ៌​គួរតែ​បាន​ទទួលទាន​វីតាមីន​ ហ្វូ​លេ​ត ឱ្យ​បាន​គ្រប់គ្រាន់​ ព្រោះ​ហ្វូ​លេ​តមាន​ចំណែក​ជួយ​ក្នុង​ការ​សាង​ផ្នែក​ប្រព័ន្ធ​ប្រសាទ​របស់​កូន​។ បើ​ខ្វះ​ហ្វូ​លេ​ត ឱកាស​ដែល​កូន​នឹង​កើត​មក​ពិការ​មាន​ខ្ពស់​គួរ​ឱ្យ​ពិចារណា​។ ស្ត្រីជា​ភរិយា​ថ្មីថ្មោង​ដែល​ត្រៀមខ្លួន​មានគភ៌​ គួរតែ​ទទួលទាន​ហ្វូ​លេ​តឱ្យ​បាន​គ្រប់គ្រាន់​មុន​ពេល​តាំង​គភ៌​ ដោយ​អាច​ទទួល​បាន​ពី​ការ​ញ៉ាំ​បន្លែ​ស្លឹក​បៃតង​ ដូចជា​ ខាត់ណា​ ប្រូ​ខូ​លី​ រួម​ទាំង​ថ្លើម​សត្វ​ផង​ដែរ​។ បើ​មិន​ប្រាកដ​ក្នុងចិត្ត​ថា​ នឹង​បាន​ទទួល​ហ្វូ​លេ​តគ្រប់​ ឬយ៉ាងណា​នោះ​ គួរតែ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​។

2. ភាព​ត្រៀម​រួចជាស្រេច​លើ​ផ្នែក​ហិរញ្ញវត្ថុ​ និង​ពេលវេលា​
ការ​មាន​បុត្រ​ 1នាក់​ ត្រូវ​ចំណាយ​ប្រាក់​ និង​ពេលវេលា​ច្រើនឡើង​ក្នុង​ការ​មើលថែ​ទាំ​ ទម្រាំ​នឹង​កូន​ធំធាត់​ឡើង​រហូត​អាច​ពឹងពាក់​លើ​ខ្លួនឯង​បាន​។ ការចាយវាយ​តាំងពី​ចាប់ផ្ដើម​តាំង​គភ៌​ រហូត​ដល់​ក្រោយ​ប្រសូត​ ទាំង​ថ្លៃ​អាហារ​ការ​ហូបចុក​ សម្លៀកបំពាក់​ វត្ថ​ប្រើប្រាស់​ រួម​ទាំង​ប្រាក់​បម្រុង​បន្ទាន់​ដែល​ត្រូវ​ត្រៀម​ទុក​ក្នុងករណី​ឈឺថ្កាត់​ផង​។ អ្វី​ទាំងអស់​នេះ​សូម​ឱ្យ​លោកឪពុក​អ្នកម្ដាយ​ថ្មោងថ្មី​ត្រូវ​គិត​ និង​ត្រៀម​ឱ្យ​រួចជាស្រេច​ ក្រៅពីនោះ​ រឿង​ពេលវេលា​ដែល​យើង​អាច​នឹង​លះបង់​ដល់​កូន​ក្នុង​ការ​មើលថែ​ទាំ​ក៏​ជា​រឿង​មួយ​សំខាន់​ខ្លាំង​ដែរ​។ កំលោះក្រមុំ​ជាច្រើន​គូ​មិនបាន​ត្រៀមខ្លួន​ទុកជាមុន​ ដល់ពេល​មាន​បុត្រ​ ក៏​គ្មាន​ពេលវេលា​ក្នុង​ការ​ចិញ្ចឹម​ថែទាំ​ បណ្ដោយ​ឱ្យ​ក្លាយជា​បន្ទុក​របស់​សាច់ញាតិ​ ឬមេដោះ​មក​ចិញ្ចឹម​មើលថែ​ជំនួស​។ រឿង​ទាំងអស់​នេះ​នឹង​ធ្វើ​ឱ្យ​កូន​កើតមក​មិនបាន​ទទួល​សេចក្ដី​ស្រឡាញ់​ និង​ភាព​កក់ក្ដៅ​ពី​ឪពុកម្ដាយ​តាមដែល​គួរ​បាន​ទទួល​ រួម​ទាំង​ការ​អភិ​វឌ្ឍ​ផ្សេង​ៗដែល​គួរតែ​បាន​ទទួលការ​ជំរុញ​អំពី​ឪពុកម្ដាយ​ផ្ទាល់​ផង​នោះ​ នឹង​ធ្វើ​ឱ្យ​ក្មេង​មាន​វិវឌ្ឍនាការ​យឺតយ៉ាវ​ និង​មាន​សុខភាព​ផ្លូវចិត្ត​ដែល​យ៉ាប់យ៉ឺន​ជាង​ក្មេង​ដែល​ក្រុម​គ្រួសារ​មាន​ពេលវេលា​ឱ្យ​គ្នា​ទៅវិញទៅមក​។ចំណែក​ឯវិធីការ​មើលថែ​ទាំ​កូន​ពេល​នៅក្នុង​ផ្ទៃ​ ឬក្រោយពេល​ប្រសូត​ ឪពុកម្ដាយ​អាច​សិក្សា​រៀនសូត្រ​ជា​បណ្ដើរ​ៗក្នុងអំឡុងពេល​ដែល​ភរិយា​ចាប់ផ្ដើម​តាំង​គភ៌​បាន​។ “បើ​គូ​ស្វាមីភរិយា​ណា​មានការ​ត្រៀមខ្លួន​ និង​រៀបចំផែនការ​គ្រួសារ​យ៉ាង​ល្អ​ក្នុង​រឿង​ទាំង​ 2ចំណុច​ខាងលើ​នោះ​ហើយ​ ភាគច្រើន​នៅពេល​កូន​កើតមក​ បញ្ហា​ផ្សេង​ៗច្រើនតែ​អាច​ដោះស្រាយ​បាន​យ៉ាង​ងាយ​”៕

Advertisement