ថ្ងៃ​ក្ដៅ​យ៉ាង​ហ្នឹងហើយ នៅ​ខ្វះ​វីតាមីន D ទៀត​ឬ?

ក. នែ បើ​យើង​ខ្វះ​វីតាមីន D ត្រូវធ្វើ​យ៉ាងម៉េច​ទៅ?
ខ. ខ្វះ​វីតាមីន​អី ក៏​ទិញ​វីតាមីន​ហ្នឹង​មក​ញ៉ាំ​ទៅ មាន​លក់​ម៉ា​គំនរ
គ. ធ្លាប់​ឮ​គេ​ប្រាប់ថា ជំងឺ​ពុក​ឆ្អឹង​ពាក់ព័ន្ធ​នឹង​វីតាមីន D ណា៎…
ខ. មែន​ហ្អេ៎? វា​អត់​ពាក់ព័ន្ធ​នឹង​កាល់ស្យូម​សោះ…
គ. វីតាមីន Dហ្អេ៎? វា​មាននៅ​ក្នុង​ពន្លឺ​ថ្ងៃ​ហ្នឹង​ណា៎…
ខ. ស្រុក​យើង​ថ្ងៃ​ក្ដៅ​យ៉ាងហ្នឹង មិន​ខ្វះ​វីតាមីន D ទេ

តាមរយៈ​បទ​សន្ទនា​ខាងលើ វេជ្ជបណ្ឌិត​ជំនាញ និង​ជា​អ្នកធ្វើ​ការវិភាគ​រឿង​វីតាមីន D បាន​ប្រាប់ថា មនុស្ស​ជាច្រើន​ខ្វះ​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​វីតាមីន D ឬ​បើទោះជា​ដឹង និង​ដឹង​យ៉ាងច្បាស់​ពី​ភាព​សំខាន់​របស់​វីតាមីន D មែន តែ​បែរជា​យល់ច្រឡំ​ថា យើង​រស់នៅក្នុង​ប្រទេស​ក្ដៅ នឹង​បានទទួល​ពន្លឺ​ថ្ងៃ​យ៉ាង​បរិបូ​ណ៍​សម្រាប់​រាងកាយ​ក្នុងការ​សាង​វីតាមីន D យ៉ាង​គ្រប់គ្រាន់​ហើយ។

តាមរយៈ​ការស្រាវជ្រាវ​បាន​រកឃើញថា ប្រជាជន​ដែល​រស់នៅក្នុង​តំបន់​ទីក្រុង​មាន​សភាវ​ខ្វះ​វីតាមីន D ច្រើនណាស់ ដោយ​មនុស្ស​ចាស់​អាយុ 60ឆ្នាំ​ឡើង​ខ្វះ​វីតាមីន D មាន​ប្រមាណ​ជា 65% ក្រុមមនុស្ស​ក្នុង​វ័យ​លែងមាន​បុត្រ 60% ក្រុម​ស្ត្រី​ដែល​អស់​វដ្ត​រដូវ​មាន​ច្រើន​ដល់​ទៅ 80% ជាហេតុ​ធ្វើឱ្យ​ក្រុមមនុស្ស​ទាំងនោះ​កើតមាន​ភាព​ប្រថុយប្រថាន​ក្នុង​ការកើត​ជំងឺ​ពុក​ឆ្អឹង​នាពេល​អនាគត។

វីតាមីន D និងរោគ​ពុក​ឆ្អឹង
វីតាមីន D ជា​វីតាមីន​ដែលមាន​ភាពចាំបាច់​ចំពោះ​រាងកាយ​មនុស្ស ដោយ​វា​នឹង​ទៅ​ជួយ​ទប់ស្កាត់​ការបញ្ចេញ​អ័រម៉ូន ប៉ា​រ៉ា​ថៃ​រ៉​យ​ដ៍ (Parathyroid) ជា​អ័រម៉ូន​គ្រោះថ្នាក់ ដែល​នឹង​ទៅ​បំផ្លាញ​កាល់ស្យូម​ចេញពី​ឆ្អឹង។ ក្រៅពីនេះ​វីតាមីន D នៅ​ជួយ​សាង​សារធាតុ អូ​ស្តេ​អូ​ខាល់​ស៊ីន (Osteocalcin) ជួយ​ទាញ​កាល់ស្យូម​ចូ​ម​ក្នុង​ឆ្អឹង និង​ជួយ​សាង​សាច់ដុំ​ឱ្យ​រឹងមាំ។ ជាការ​ការពារ​រោគ​ពុក​ឆ្អឹង​បាន​មួយ​ផ្លូវ ហើយថែមទាំង​ជួយ​កាត់បន្ថយ​ភាព​ប្រថុយប្រថាន​ក្នុងការ​ដួល​របស់​មនុស្ស​ចាស់​បាន​ទៀតផង។

វីតាមីន D និងពន្លឺ​ថ្ងៃ
មនុស្ស​ភាគច្រើន​ប្រហែលជា​ដឹង​ច្បាស់​ស្រេច​ហើយ​ថា វីតាមីន D ពាក់ព័ន្ធ​នឹង​ពន្លឺ​ថ្ងៃតែ… ពាក់ព័ន្ធ​យ៉ាងណា​នោះ យើង​អាច​អធិប្បាយ​បាន​យ៉ាង​ងាយ​បំផុត​គឺ នៅពេល​រាងកាយ​បានទទួល​ពន្លឺ​ថ្ងៃ រាងកាយ​ប្រៀបដូចជា “គ្រឿង​បំប្លែង‟ ដែល​អាច​បំប្លែង​ពន្លឺ​ថ្ងៃ​ដែល​ទទួលបាន​នោះ​ឱ្យក្លាយ​ទៅជា​វីតាមីន D បាន​ដោយ​ឯកឯង​ជា​ស្វ័យប្រវត្តិ។ វីតាមីន D ដែល​កើតឡើង​នោះ​នឹង​ចាក​ចេញពី​ស្បែក​ឆ្ពោះទៅ​សរសៃឈាមតូចៗខាងក្រោម​ស្បែក ដោយ​ធ្វើ​ប្រតិកម្ម​ជាមួយ​ប្រូតេអុីន​ចាប់​វីតាមីន D ចូលទៅក្នុង​ក្រសែ​ឈាម និង​ឆ្ពោះទៅរក​អវយវៈផ្សេងៗជា​បន្ត ដូចជា​ ថ្លើមក្រលៀន ពោះវៀន ឆ្អឹង ដើម្បី​បឺត​ជ្រាប​យក​កាល់ស្យូម​ធ្វើឱ្យ​ឆ្អឹង​រឹងមាំ​ហ្នឹងឯង។

ទទួលបាន​ពន្លឺ​ថ្ងៃ​យ៉ាងម៉េច ទើប​គ្រប់គ្រាន់?
នៅពេល​និយាយថា ត្រូវ​ទទួល​ពន្លឺ​ថ្ងៃ នារីៗច្បាស់​ថ្ងូរ​រហ៊ឹស​ជាមិនខាន ព្រោះ​កម្ដៅ​ដ៏​ក្ដៅ​របស់​ព្រះអាទិត្យ​នៅ​ស្រុក​យើង​នេះ​ពិបាក​នឹង​ទ្រាំទ្រ​បាន​ណាស់ តែ​វេជ្ជបណ្ឌិត​ជំនាញ​បានផ្ដល់​ព័ត៌មាន​ថា អំឡុង​ពេលដែល​ស័ក្តិសម​ក្នុងការ​ទទួលយក​ពន្លឺ​ថ្ងៃ គឺ​ម៉ោង06.00 – 09.00 និង​ម៉ោង15.00 – 17.00 ជា​អំឡុង​ពេលដែល​ពន្លឺ​ថ្ងៃ​មិន​ក្ដៅ​ខ្លាំង និង​មិន​បង្ក​អន្តរាយ​ដល់​ស្បែក​មនុស្ស​ខ្លាំងពេក​ទេ ដោយ​រយៈពេល​ត្រឹមតែ30នាទី​ដែល​ស្បែក​បើក​ទទួលយក​ពន្លឺ​ថ្ងៃ​ចូលមកក្នុង​រាងកាយ​នេះ​នឹង​អាច​សាង​វីតាមីន Dដល់​រាងកាយ​បាន​ដល់​ទៅ1,000យូ​នី​ត​ឯណោះ។

ញ៉ាំ​ផ្សិត ជម្រើស​មួយទៀត​ក្នុងការ​ទទួលបាន វីតាមីន D
រុក្ខជាតិ​ដែលមាន​វីតាមីន D ខ្ពស់បំផុត​គឺ ផ្សិត។ ទាំង​វា​ស្ថិតនៅក្នុង​ទី​ម្លប់ និង​សើម តែ​បែរ​ជាមាន​សារធាតុ​ដែលជា​តួ​ផ្ដើម​កំណើត​ឱ្យ​វីតាមីន D ខ្ពស់បំផុត​នៅពេលដែល​សារធាតុ​ត្រូវ​ពន្លឺ​ថ្ងៃ​ផ្លាស់ប្ដូរ​ក្លាយជា​វីតាមីន D ដូច្នេះ​បើ​អ្នកបេះ​ផ្សិត​បានមក ត្រូវយក​ផ្សិត​នោះ​ទៅ​ដាក់​ហាលថ្ងៃ​ប្រមាណ​ជា​កន្លះ​ម៉ោង ទៅមួយ​ម៉ោង រួច​សឹម​យកមក​រក្សាទុក​ក្នុង​ទូទឹកកក ហើយ​ទាំងអស់នេះ ផ្សិត​ដែល​ហាលថ្ងៃ​រួច​អាច​យកទៅ​រក្សាទុក​ក្នុង​ទូទឹកកក​បានយូរ​រហូត​ដល់​ទៅ14ថ្ងៃ។ ក្រៅពី​ផ្សិត​ហើយ គេ​នៅ​អា​ចរក​វីតាមីន D បាន​ពីសាច់​ត្រី ្រថាត៍ ត្រី​ប្លាធូ និង​គ្រំ​អយ​ស្ទ័​រ​បាន​ផងដែរ។

ឡា​រ៉ែ​ន​សង្ឃឹមថា មិត្ត​អ្នកអាន​ប្រហែលជា​បានទទួល​ចំណេះដឹងល្អៗពាក់ព័ន្ធ​នឹង​វីតាមីន D ដែលជា​ប្រយោជន៍​ល្មម​សមគួរ​ហើយ ជាពិសេសនារីៗដែល​ខ្លាច​ពន្លឺ​ថ្ងៃ ចូរ​ងាក​មក​ផ្ដល់​ភាព​សំខាន់​ជាមួយ​វីតាមីន D ព្រមជាមួយ​ការមើល​ថែទាំ​សុខភាព​លើ​ផ្នែកផ្សេងៗទៀត​ ដើម្បី​ឱ្យបាន​ស្អាត សង្ហា សុខភាព​រឹងមាំ ចាក​ឆ្ងាយ​ពីជំងឺ​ទាំងអស់គ្នា៕

Advertisement