ហេតុអ្វី​បុរសៗ​ត្រូវ​គិតពី​ការថែរក្សា​សម្រស់?

ពេលខ្លះ​មនុស្ស​មួយចំនួន ក៏ដូចជាបុរសៗផ្ទាល់​បានគិត​ថា វា​ហាក់ដូចជា​រឿង​ចម្លែក​ដែលបុរសៗត្រូវ​ប្រើប្រាស់​ផលិតផល​ថែរក្សា​សម្រស់​ស្បែក។ ទោះយ៉ាងណា​សូម​ចាំ​ថា គំនិត​មួយ​ដែលថា​ត្រូវតែ​រក្សា​ភាពស្រស់ស្អាត​នោះ​មិនមែន​សម្រាប់តែស្រីៗនោះទេ តែ​បុរស​ក៏ត្រូវ​ការ​ស្បែក​ដែល​ស្រស់ស្អាត​ដូចគ្នា​ដែរ។ មានអី​ទៅ​ពិបាក​គ្រាន់តែ​អនុវត្តតាម​វិធីងាយៗមួយចំនួន នោះ​អ្នក​ពិតជា​មាន​អារម្មណ៍​ដឹងថា ស្បែក​ដែល​ធ្លាប់តែ​ព្រលែង​ចោល និង​ស្បែក​ដែល​មានតែ​ការយកចិត្ត​ថែទាំ​មាន​ភាពខុសគ្នា​យ៉ាងណា​ជាមិនខាន។

ថែរក្សា​ស្បែក​ជា​រឿង​សំខាន់ : ជាធម្មតា​រន្ធ​ញើស​បុរស​គឺ​ធំ​ជាង​នារី នោះ​មានន័យថា ខ្លាញ់ និង​ការ​ស្រូបយក​ក្អែល​គឺ​កាន់តែ​ងាយ​ជាង។ នេះ​ជា​មូល​ហេតុដែល​តម្រូវឱ្យបុរសៗទាំងឡាយ​សម្អាត​ស្បែក​របស់ខ្លួន​ជា​រៀងរាល់ថ្ងៃ។ នៅពេលដែល​អ្នក​ជ្រើសរើស​ផលិតផល ដើម្បី​ប្រើប្រាស់អ្នក​គួរតែ​យកបែប​ធម្មជាតិ និង​គ្មាន​ក្លិនក្រអូបដូច្នេះ​អ្នក​មិនចាំបាច់​ភ័យ​ថា​នឹង​បំ​ភាយ​ក្លិនក្រអូប​ដូច​មនុស្ស​ស្រី​នោះទេ។

សម្រប​ខ្លួន​ប្រើ​ម៉ាស​បិទមុខ : ចង់បាន​មុខស្រស់​ស្រាយ ប៉ុន្តែ​ដូចជា​មិន​ដាច់ចិត្ត​ដើរទៅ​ទិញ ព្រោះ​ខ្មាសអ្នកលក់ផង​ខ្មាសស្រីៗ​ដែល​នៅ​ទីនោះ​ផងហើយក៏​ដូចជា​ពិបាក​រក​ម៉ាស​សម្រាប់បុរសៗទៀត​មែន​ទេ? កុំ​បារម្ភ អ្នក​មិនទាន់​អស់​ផ្លូវ​ទេនៅមាន​ជម្រើស​ដ៏​ឆ្លាត​វៃ​មួយទៀត​គឺ​ម៉ាស់​បិទមុខ​បែប​ធម្មជាតិ។ ងាយ​ណាស់​មិនចាំបាច់​ទៅ​ទិញ​មិនចាំបាច់​ទៅ​ហាង​នាំ​តែមាន​អ្នកឃើញ​នោះទេ ធ្វើ​ខ្លួនឯង​ក្នុង​បន្ទប់ មើល​ទូរទស្សន៍​បណ្តើរ ស្តាប់​ចម្រៀង​បណ្តើរ​ក៏បាន ឬ​គេង​លក់​តែម្តង​ក៏​មិន​អី​ដែរ។ ឡា​រ៉ែ​ន ធ្លាប់បាន​ជម្រាប​ច្រើន​មកហើយ​ពី​របៀប​ធ្វើ​ម៉ាស​បិទមុខ តែបើ​ចង់​សាកល្បង ទឹកឃ្មុំ ម្សៅ​តែ​ជប៉ុន និង​ទឹក​យកមក​លាយ​ចូលគ្នា​យកមក​បិទមុខ​ម្តង​មើល​ក៏​បាន​ដែរ។ ទុកចោល15នាទី រួច​លាង​សម្អាត​ចេញ​នោះ ធូលី​ដី និង​ជាតិ​កខ្វក់ផ្សេងៗក៏​នឹង​ត្រូវបាន​សម្អាត​ចេញពី​ផ្ទៃមុខ​របស់​អ្នក​យ៉ាង​​មាន​ប្រសិទ្ធភាព​ជាមិនខាន។

ខាត់​ស្បែក​ជា​រឿង​ដែល​ត្រូវធ្វើ​បន្ទាប់ : ស្បែកបុរស​ត្រូវការ​ការសម្អាត​ជាខ្លាំង ហើយ​ការ​ដុសខាត់​ស្បែកថ្នមៗ នឹង​ជួយ​សម្អាត​ស្បែក និង​កម្ចាត់​កោសិកាចាស់ៗចេញ​យ៉ាង​ល្អ។ ស្ករត្នោតជាមួយនឹង​ប្រេងល្ង2-3តំណក់ យកមក​ដុស​លើ​ស្បែកថ្នមៗ រួច​លាង​សម្អាត​ចេញ​នោះ​អ្នក​នឹងមាន​អារម្មណ៍​ថា​ស្បែ​កមាន​សំណើម​ជាង​មុន។

កោរ​រោម​ជា​រឿង​គេច​មិន​ផុត : ការ​កោរ​រោម​គឺជា​កត្តា​មួយ​ដែល​ធ្វើឱ្យ​ស្បែក​រមាស់ ដូច្នេះ​បន្ទាប់ពី​កោរ​រោម​មុខ​រួច អ្នក​គួរ​ផ្តល់​ជំនួយ​ឱ្យ​ស្បែ​កមុខ​ ដោយ​ប្រទាល​កន្ទុយក្រពើ ព្រោះ​វា​អាចជួយ​បង្រួម​រន្ធ​ញើស​ជាង​ការប្រើ​ផលិតផល​ដែល​ផ្សំ​ដោយ​ជាតិ​អាល់កុល​ដែល​អាចធ្វើឱ្យ​ស្បែក​មុខ​របស់​អ្នក​ស្ងួត និង​ងាយ​ដាច់​រលាត់។

ហាត់ប្រាណ : មនុស្ស​ឆ្លាត​គេ​មិនដែល​បោះបង់ចោល​ការហាត់​ប្រាណ​នោះទេ ព្រោះ​គេ​ដឹង​ច្បាស់​ថា វា​មាន​ប្រយោជន៍​យ៉ាង​ច្រើន ទាំង​ផ្នែក​សម្រស់ និង​សុខភាព៕

Advertisement