មូលហេតុ​អ្វី​បានជា​អ្នក​ភ្នួ​ង ​ត្រូវ​ផាត់មុខ​ឱ្យ​កូនក្រមុំ​ក្រាស់​ជាង​ធម្មតា?

ដោយសារតែ​កូនក្រមុំ​ជា​មនុស្ស​ម្នាក់​ដែលមានភាព​សំខាន់បំផុត​នៅក្នុង​ថ្ងៃនេះ ហេតុនេះហើយ​បានជា​ការជ្រើសរើស​អ្នក​ផាត់មុខ​ដែល​ពេញ​ទៅដោយជំនាញ​ក្នុងការ​ផាត់មុខ​គឺជា​រឿង​សំខាន់បំផុត ហើយ​អ្វីដែល​យើង​គ្រប់គ្នា​តែង​សម្គាល់​ឃើញ​នោះ​គឺ អ្នកភ្នួ​ង​ស្ទើរតែ​គ្រប់គ្នា​ទាំងអស់ តែងតែ​ផាត់មុខ​កូនក្រមុំ​ឱ្យមាន​ភាព​ក្រាស់​ខ្លាំង​ជាង​ពេល​ធម្មតា។ អ្នកភ្នួ​ង​គេ​មិនមែន​ចេះតែ​ធ្វើតាម​គ្នា ឬ​ធ្វើ​តាមតែ​ចិត្ត​នឹកឃើញ​នោះទេ តែ​ដែល​គេ​ធ្វើ​នេះ​ព្រោះតែ​គេ​មានហេតុផល​របស់គេ ចំណែកឯ​ហេតុផល​នោះ​គឺ ៖

កូនក្រមុំ​ត្រូវការ​ភាពលេច​ធ្លោ​ជាងអ្នកណាៗទាំងអស់ ហើយក៏​ត្រូវតែ​តុបតែង​ឱ្យ​ស្អាត​ប្លែកជាង​ពេល​រាល់ដង​ដែល​កូនក្រមុំ​ធ្លាប់​តុបតែង​ផងដែរ ហើយ​ការផ្លាស់ប្តូរ​ដើម្បី​ភាពស្រស់ស្អាត​ប្លែក​ភ្នែក​នេះ​អាចធ្វើ​ទៅបាន​គឺ​ត្រូវ​ពឹងផ្អែក​លើការ​ផាត់មុខ​នេះហើយ។

ការ​ផាត់មុខ​ក្រាស់​មាន​ប្រសិទ្ធភាព​ក្នុង​ការជួយ​បិទបាំង​ភាពស្លេកស្លាំង ស្នាម​មុន ស្លាកស្នាមផ្សេងៗ ស្បែក​កន្ទួល​ក្រហម ឬ​ខូង និង​ស្នាម​ខ្មៅ​ស្រអាប់ ហើយ​អ្វីដែល​ពិសេស​ជាងនេះទៀត​នោះ​គឺ ការ​ផាត់មុខ​អាចជួយ​ឱ្យ​ទម្រង់​មុខ​របស់​កូនក្រមុំ​មើលទៅ​សម​ស្អាត​ទៀតផង។

– ការតុបតែង​មុខ​ឱ្យបាន​ក្រាស់​ជាង​ធម្មតា​ក៏ដើម្បី​បន្ថែម​ភាពស្រស់ស្អាត​នាពេល​ថតរូប​ផងដែរ។ ធ្លាប់​ឮ​ដែរ​ទេ​នៅពេលដែល​អ្នក​និយាយថា “ផាត់មុខ​ក្រា​ស់អ៊ី​ចឹ​ង​ខ្លាច​ថា​អាក្រក់​មើល​ទេ?” តែ​ពេលនោះ​អ្នក​តែង​មុខ​ក៏​ប្រាប់​វិញ​ថា “មិន​អី​ទេប៉ុណ្ណឹង​ទើប​ពេល ​ថតរូប​ទៅ​មើល​ឃើញ​ស្រស់ស្អាត” ហើយ​បន្ទាប់ពីនោះ​អ្នកនឹង​ឃើញថា​វា​ពិត​ដូច​អ្នក​តែង​មុខ​ប្រាប់​មែន។

– បើទោះជា​ថ្ងៃនេះ​កូនក្រមុំ​ផាត់មុខ​ឱ្យ​ក្រាស់ជាង​ពេល​ធម្មតា​ក៏ដោយ ក៏​មិន​ធ្វើឱ្យ​អ្នកមានអារម្មណ៍​ថា​ក្រាស់​ជ្រុល​ពេក​ដែរ ព្រោះ​នៅពេល​ដែល​អ្នក​ភ្នួ​ង​បន្ថែម​គ្រឿងអលង្ការ សម្លៀកបំពាក់ និង​គ្រឿង​តុបតែងផ្សេងៗទៀត​នោះ កូនក្រមុំ​នឹង​មើលទៅ​ស្អាត និងស័ក្តិសម​បំផុត។

តាមរយៈ​ការរៀបរាប់​ខាងលើ​អ្នក​ប្រហែលជាលែង​ឆ្ងល់​ហើយ​មែន​ទេ​ថា ហេតុអ្វី​បានជា​អ្នក​ភ្នួ​ងចូលចិត្ត​តែង​មុខ​ឱ្យ​កូនក្រមុំ​រាង​ក្រាស់​ជាង​ពេលធម្មតា។ ប៉ុន្តែ​អ្វី​ដែលជា​ចំណុច​ពិសេស​មួយទៀតដែល​អ្នក​គួរ​ដឹង​នោះ​គឺ​ភាព​ក្រាស់​នៃ​ការ​ផាត់ម្សៅ​លើ​ផ្ទៃមុខ​កូនក្រមុំ​មិនមាន​ភាពស្មើគ្នា​នោះទេ អ្នកខ្លះ​អាច​ក្រាស់​តិច អ្នកខ្លះ​អាច​ក្រាស់​ខ្លាំងនិយាយ​រួម​គឺ​វា​អាស្រ័យទៅលើ​ស្បែក​មុខ​របស់​កូនក្រមុំ​ដែរ។

បើ​កូនក្រមុំ​ណា​ដែលមាន​ស្បែកមុខ​ស​ស្អាត គ្មាន​ស្នាម ភ្លឺ​ម៉ដ្ឋ​រលោង​ជាស្រេច​ហើយ​នោះ បរិមាណ​នៃ​ការប្រើ​ម្សៅ និង​ភាពក្រាស់​នៃ​ការ​ផាត់ម្សៅ​ក៏​នឹងមាន​កាន់តែ​តិច ដូច្នេះសម្រាប់​អនាគត​កូនក្រមុំ​ណា​ដែល​មិន​ចង់​ប្រើម្សៅ​ជា​ជំនួយ​ច្រើនពេក​ទេនោះ ត្រូវតែ​ថែរក្សា​សម្រស់​ផ្ទៃមុខ​របស់ខ្លួន​ឱ្យ​បានល្អ​ស្អាត​ជាមុនឱ្យ​ហើយ​ទៅ៕

Advertisement