វិធី 7 យ៉ាង​បញ្ចុះ​ជាតិ​ស្ករ បន្ថយ​រោគា

ទោះជា​រសជាតិ​ផ្អែម​ជួយ​បង្កើន​ភាព​ឈ្ងុយឆ្ងាញ់​ដល់​ម្ហូបអាហារ​ក៏ដោយ តែបើ​បរិភោគ​ក្នុង​បរិមាណ​ច្រើន​នឹងធ្វើ​ឱ្យ​កើតរោគធាត់ រោគ​បេះដូង និង​រោគ​លើសឈាម​បាន ដូច្នេះ​វិធី​ងាយ​បំផុត និង​ឃើញ​លទ្ធផល​ល្អ​បំផុត​ក្នុងការ​សម្រក​ទម្ងន់ និង​ថាមពល​គឺកាត់បន្ថយ​ការទទួល​ទាន​ស្ករ​ចុះ​បន្តិចម្តងៗ ដូចជា បន្ថយ​បរិមាណ​ស្ករ​នៅក្នុង​ទឹកតែ កាហ្វេ ឬ​អាច​ប្រើ​ស្ករ​សិប្ប​និមិត្ត និង​ចៀសវាងអាហារ​ដែលមាន​ស្ករ​ច្រើន ដោយ​វិធី​ដូចខាងក្រោម​នេះ

1 . កុំ​ភ្លេចខ្លួន​ជឿ​ពាក្យឃោសនា​ថា វា​ជា “ស្ករ​សុខភាព” ព្រោះ​មិន​ថា​ជា​ស្ករ​ប្រភេទ​ណាក៏ដោយ ក៏​សុទ្ធតែ​ផ្តល់នូវ​ថាមពលស្មើគ្នា​ទាំងអស់ ។

2 . ទទួលទាន​ផ្លែឈើ​ជំនួស​នំ ឬ​បង្អែម ព្រោះ​ផ្លែឈើ​មាន​វិ​តា​មីន សារធាតុ​រ៉ែ និង​មាន​កាក​សរសៃ​ដែល​ជួយ ឬ​ពន្យារ​ការបឺត​ជ្រាប​ជាតិ​ស្ករ​ទៅក្នុង​រាងកាយ និង​ខា​បូ​ហាយ​ដ្រេ​ត​ដែលជា​មូលហេតុ​របស់​រោគ​ធាត់ និង​គួរ​ចៀសវាង​ញ៉ាំ​ទឹក​ផ្លែឈើ​កំប៉ុង ព្រោះនឹង​ទទួលបាន​ជាតិ​ស្ករ​លើសពី​តំរូវការ ។

3 . បន្ថយ ឬ​កម្ចាត់​ខា​បូ​ហាយ​ដ្រេ​ត​បំប្លែង ពពួក​នំប៉័ង និង​នំ​បេ​ឃើ​រី​ដែល​នឹង​ប្រែ​ក្លាយទៅជា​ស្ករ​នៅក្នុង​ឈាម​បាន​លឿនប្រហាក់ប្រហែលគ្នា​នឹង​ការ​ញ៉ាំ គ្លុយ​ខូ​ស​ដែរ ក្រៅពីនេះ​ខា​បូ​ហាយ​ដ្រេ​ត​ដែល​សល់​ពី​ការប្រើប្រាស់​នឹងត្រូវ​ប្រមូល​សន្សំ​ជា Triglyceride ជា​ខ្លាញ់​ដែល​រាងកាយ​រក្សា​ទុកជា​ស្បៀង ។

4 . ប្រយ័ត្ន​អាហារ​ចម្អាប​គ្មាន​ជាតិ​ខ្លាញ់ តាមរយៈ​ការជឿខុសៗដែលថា បើ​អាហារ​គ្មាន​ជាតិ​ខ្លាញ់ នឹងមិន​ធ្វើឱ្យ​ធាត់​ទេការពិត​វិញ អាហារ​គ្មាន​ជាតិ​ខ្លាញ់ នៅមាន​ស្ករ និង​បរិមាណ​កាឡូរី​ខ្ពស់​ផងដែរ ។

5 . អាន​ស្លាក​ណែនាំ​របស់​អាហារ​ដើម្បី​រកមើល​ជាតិ​ស្ករ និង​ជាតិ​ខ្លាញ់​មិនល្អ សម្រាប់​អ្នក​ដែល​កើតរោគ​ទឹកនោមផ្អែម អាចប្រើប្រាស់​សារធាតុ​ផ្អែម​ប្រភេទ​ផ្តល់​ថាមពល​តិច ដែល​ច្រើន​មាន​បញ្ជាក់​នៅលើ​ស្លាក​អាហារ​ថា “គ្មាន​ជាតិ​ស្ករ” ឬ “Sugar free” ។

6 . ប្រយ័ត្ន​ការប្រើ​សារធាតុ​ផ្តល់​ជាតិ​ផ្អែម​សិប្ប​និមិត្ត ឬ​សារធាតុ​ជំនួស​ភាព​ផ្អែម​ច្រើន​លើស​កំណត់ ព្រោះ​អាចធ្វើឱ្យ​រាងកាយ​កើតមាន​ភាព​ចង់​ញ៉ាំ​ស្ករ ឬ​ខា​បូ​ហាយ​ដ្រេ​ត​កាន់តែខ្លាំង​ឡើង ។

7 . គណនា​បរិមាណ​ជាតិ​ស្ករ​ដោយ​អាន​ព័ត៌មាន​ភោជនាហារ​ដែល​បង្ហាញ​ពី​បរិមាណ​ជាតិ​ស្ករ​ទាំងអស់​ជា​ក្រាម រួច​ចែកជា 4នឹង​បាន​ស្មើនឹង​ចំនួន​ជាតិ​ស្ករ​ដែល​យើង​ញ៉ាំ​ចូល​ទៅជា​រង្វាស់​ស្លាបព្រា​កាហ្វេ៕

Advertisement