ប្រយ័ត្ន! សូម្បីតែ​ជំងឺ​គ្រុនផ្ដាសាយ ក៏មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ក្មេង និង​មនុស្ស​ចាស់​ដែរ

សុខភាព​របស់​ក្រុមគ្រួសារ​គឺជា​រឿង​សំខាន់បំផុត ដូច្នេះ​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​សមាជិកគ្រួសារ​ទាំងមូល​រួមមាន ឪពុកម្ដាយ កូន ក្មួយ និង​ចៅ​ជាដើម​ដោយឡែក​ជំងឺ​គ្រុនផ្ដាសាយ ក៏​អ្នក​គួរតែ​យកចិត្តទុកដាក់​ពី​វា​ផងដែរ។ ជំងឺ​កើតឡើង​មិន​ប្រកាន់​ចំពោះមុខ​សមាជិក​ក្រុមគ្រួសារ ឬ​ប្រកាន់​ថា​កើត​ចំពោះ​នរណា​នោះឡើយ។ ប្រសិនបើ​សមាជិក​ម្នាក់​នៅក្នុង​គ្រួសារ​កើត​ជំងឺ​នេះហើយ វា​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់ទៀត​បាន នៅពេលដែល​ការសម្អាត​ឬ​អនាម័យ​មិន​ស្អាត និង​បរិភោគ​អាហារ​ជុំគ្នា ដែល​អាច​ឆ្លង​តាមរយៈ ក្អក កណ្ដាស់ និង​តាមរយៈ​ផ្លូវដង្ហើម​ជាដើម។

បើតាម​ការបកស្រាយរ​បស់​គ្រូពេទ្យ​ជំនាញ​បានឱ្យដឹងថា គ្រុន​ផ្ដាសាយធំ គឺជា​ជំងឺឆ្លង​មួយ​ប្រភេទ​ដែល​បង្កឡើង​ដោយ​វីរុស​គ្រុនផ្ដាសាយ​ផ្ដល់​អត្រា​គ្រោះថ្នាក់​ខ្ពស់ជាង​ជំងឺ​គ្រុនផ្ដាសាយ​ធម្មតា និង​អាច​កើតមាន​លើ​មនុស្ស​គ្រប់​វ័យ។

លោកអ្នក​អាច​ឆ្លង​ជំងឺ​ប្រភេទ​នេះ​តាម​ប្រព័ន្ធ​ផ្លូវដង្ហើម​ដោយ​រង​សម្ពាធ​ពី​អ្នកជំងឺ ឬ​អ្នក​ផ្ទុកមេរោគ​គ្រុន​ផ្ដាសាយធំ នៅពេល​អ្នកជំងឺ​ក្អក ឬ​កណ្ដាស់, អាច​ឆ្លងតាម​ការប៉ះពាល់​អ្នកជំងឺ​ដោយផ្ទាល់ ឬ​តាម​ការប៉ះពាល់​វត្ថុ​ដែលមាន​វីរុស​បង្ក​គ្រុនផ្ដាសាយ។

ថ្ងៃនេះ​ទស្សនាវដ្ដី ឡា​រ៉ែ​ន សូម​ជម្រាបជូន​ពី​បញ្ហា​ជំងឺ​គ្រុនផ្ដាសាយ និង​ប្រការ​ប្រុងប្រយ័ត្ន​ការពារ​មិនឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ក្មេង​និង​មនុស្ស​ចាស់​នៅក្នុង​ក្រុមគ្រួសារ​របស់​អ្នក​ដូចខាងក្រោម​នេះ៖

1/ គ្រោះថ្នាក់​អាក្រក់​កើតឡើង​ពី​ជំងឺ​គ្រុន​ផ្ដាសាយធំ

មនុស្ស​គ្រប់រូប​សុទ្ធតែ​មានឱកាស​នៃ​ការកើតមាន​ជំងឺ​គ្រុន​ផ្ដាសាយធំ​ទាំងអស់ បើទោះជា​អ្នក​ទាំងនោះ​មាន​សុខ​ភាពល្អ​មាំមួន​ក៏ដោយ ក៏​មិន​ប្រាកដថា​អាច​ចៀស​ផុតពី​ជំងឺ​ប្រភេទ​នេះ​បានដែរ​ព្រោះថា​ការឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយធំ​ពី​មនុស្ស​ម្នាក់​ទៅកាន់​អ្នកដទៃ​វា​ប្រព្រឹត្ត​ទៅដោយ​មិនដឹង​ខ្លួន។ មនុស្ស​ចាស់ជរា កុមារ អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ជំងឺហឺត ខ្សោយតម្រងនោម គឺ​ប្រឈម​កាន់តែ​ខ្ពស់ នោះ​ការគំរាមកំហែង​អាយុជីវិត​ក៏​កាន់តែខ្លាំង នៅពេលដែល​គ្រុន​ផ្ដាសាយធំ​ឈានដល់​ដំណាក់កាល​ធ្ងន់ធ្ងរ។ ម្យ៉ាងទៀត គ្រុន​ផ្ដាសាយធំ​ក៏បាន​ហុច​ផល​អាក្រក់​មួយចំនួនទៀត​ដូចជា​បង្កឱ្យមាន​ជំងឺ​រលាក​សួត​ដោយ​បាក់តេរី រលាក​ត្រចៀក រលាក​ស៊ីនុស បាត់បង់​ជាតិ​ទឹក ជាពិសេស​អាចធ្វើឱ្យ​ស្ថានភាព​ជំងឺ​ប្រចាំកាយ​ដូចជា​ជំងឺ​បេះដូង ជំងឺហឺត ឬ​ជំងឺ​ទឹកនោមផ្អែម​កាន់​ធ្ងន់ធ្ងរ​ថែម​មួយកម្រិត​ទៀត។

2/ កំណត់សម្គាល់​អំពី​រោគសញ្ញា

ជាការ​ពិតណាស់ ជំងឺ​គ្រុន​ផ្ដាសាយធំ មិន​ដូចជា​គ្រុនផ្ដាសាយ​ធម្មតា​នោះទេ ដូច្នេះ​នៅពេលដែល​លោកអ្នក​បាន​ជួបនឹង​អាការ​មួយចំនួន​ដូចជា មាន​គ្រុនក្ដៅ ចាប់ពី​កម្ដៅ 38-39 អង្សា​សេ ឈឺក្បាល ក្អក​ខ្លាំង អស់កម្លាំង ល្ហិតល្ហៃ ឈឺខ្លួន​ប្រាណ​ស្ងួត​បំពង់ក ក្រហាយ​ភ្នែក នោះ​លោកអ្នក​ប្រហែលជា​កំពុង​កើត​ជំងឺ​គ្រុន​ផ្ដាសាយធំ​ហើយ ដែល​តម្រូវឱ្យ​លោកអ្នក​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​រក​ដំណោះស្រាយ និង​ធ្វើការ​ព្យាបាល​បាន​ទាន់ពេលវេលា បើ​មិន​ដូច្នោះ​ទេ ពោល​គឺមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​លោកអ្នក។

3/ ការការពារ

វិធី​ងាយស្រួល​បំផុត​សម្រាប់​ការពារ​ពី​ជំងឺ​ផ្ដាសាយធំ លោកអ្នក​គ្រាន់តែ​ចេះ​ថែរក្សា​ខ្លួនប្រាណ​ដោយ​ការប្រើ​ម៉ាស ឧស្សាហ៍​ពិសា​ទឹក​ក្ដៅ​ជាប្រចាំ ហើយ​ជាពិសេស នៅ​ឱ្យ​ឆ្ងាយ​ពី​អ្នកមាន​ផ្ទុកមេរោគ​គ្រុនផ្ដាសាយ និង​ផ្ដាសាយធំ។ ម្យ៉ាងវិញទៀត ដោយសារតែ​វេជ្ជសាស្ត្រ​កាន់តែ​ទំនើប ដែលមាន​ថ្នាំ​បង្ការ និង​វាក់​សាំង​ហេតុនេះ​លោកអ្នក​អាច​ស្វែងរក​វិធី​ការពារ​ដោយ​ការចាក់​ថ្នាំ​បង្ការ​ជំងឺ​គ្រុនផ្ដាសាយ​ជាការ​ស្រេច​នៅ​តា​មន្ទីរពេទ្យ មណ្ឌល​សុខភាព និង​គ្លីនិក​ឯកជន​ក៏បាន៕

Advertisement