ពិត​ទេ គ្រាប់​ផ្លែ​ត្របែក​ទុំ ទទួលទាន​ហើយ​ប្រថុយ​នឹង​រោគ​រលាក​ខ្នែងពោះវៀន?

«រលាក​ខ្នែងពោះវៀន» ជា​អា​ការដែល​គ្មាន​នរណាម្នាក់​ចង់​កើត​ឡើយ ហើយ​មនុស្ស​ជាច្រើន​ប្រហែលជា​បានដឹង​ច្បាស់​ហើយ​ថា វា​បណ្ដាលមកពី​អាការ​រលាក​របស់​ខ្នែងពោះវៀន​ដែលជា​អវយវៈ​តូច​មួយ​នៅជាប់​នឹង​ចុង​ពោះវៀនធំ ដែល​ធ្វើឱ្យ​យើង​ឈឺពោះ​រហូតដល់​ត្រូវ​ចូលទៅ​ទទួលយក​ការវះកាត់​នៅឯ​មន្ទីរពេទ្យ​យ៉ាង​បន្ទាន់​ទៀតផង ហើយ​មនុស្ស​ដែលមាន​ភាព​ប្រថុយប្រថាន​នឹង​រោគ​រលាក​ខ្នែងពោះវៀន​នេះ​មាន​តាំងពី​អាយុ 15ឆ្នាំ​ដល់45ឆ្នាំ ដែល​អាច​និយាយបានថា ជា​អំឡុង​អាយុ​ដែល​វែង​គួរសម។ មុននឹង​ទៅ​មើលថា តើ​គ្រាប់​ផ្លែ​ត្របែក​ទុំ​ជា​ដើមចម​របស់​រោគរ​លាក​ខ្នែងពោះវៀន​មែនឬ? យើង​នាំគ្នា​មក​មើ​លពី​មូលហេតុ​របស់​ការ​រលា​ក​ខ្នែងពោះវៀន​ជាមុនសិន​ប្រសើរ​ជាង។

មូលហេតុ​របស់​រោគរ​លាក​ខ្នែងពោះវៀន​រលាក​ខ្នែងពោះវៀន បណ្ដាលមកពី​អាការ​រលាក​ដែល​កើតឡើង​ពី​កម្ទេច​ចំណីអាហារ​ធ្លាក់ចូល​ទៅសម្ងំ​នៅក្នុង​ខ្នែងពោះវៀន​រយៈពេល​យូរ​រហូត​វត្ថុ​រាវ ឬ​សារធាតុ​រំអិល​មិនអាច​ហូរ​វិល​ចូលទៅ​បាន​តាម​ប្រក្រតី  ទើប​កើតជា​អាការ​រលាក​ដោយ​វត្ថុ​ដែល​ធ្លាក់​ចូលទៅក្នុង​ខ្នែងពោះវៀន​នោះ​អាចជា​អ្វីមួយ​ក៏បាន​ដែរ ដែល​ក្រពះ​បាន​បញ្ជូន​ទៅក្នុង​ពោះវៀនធំ ដូចជា កម្ទេច​ចំណីអាហារ សត្វល្អិត ដុំ​សាច់​ដុះ ក្បាល​អង្កាម ដុំ​ក្រួស ឬ​ក្រពេញ​ទឹករងៃ​នៅ​បរិវេណ​នោះ​មាន​អាការ​ហើម​ខ្លាំង​រហូត​ធ្វើឱ្យ​ខ្នែងពោះវៀន​កៀប​ជាប់​ណែន​ស្ទះ បង្ក​ឱ្យ​រលាក និង​ឆ្លង​មេរោគ​នៅ​ទីបំផុត។

គ្រាប់​ត្របែក មូលហេតុ​ចម្បង​របស់​រោគ​ពោះវៀន​ដុះ​ខ្នែង?

នៅពេល​បានដឹងហើយថា អ្វី​ក៏ដោយ​ដែល​របូត​ធ្លាក់​ចូលទៅ​ញ៉ុ​ក​ស្ទះ​ក្នុង​ខ្នែងពោះវៀន​រហូត​ធ្វើឱ្យ​រលាក​នោះ សុទ្ធតែជា​មូលហេតុ​បាន​ទាំងអស់ ដូច្នេះ​មិនមែន​មានតែ​គ្រាប់​ផ្លែ​ត្របែក​ទុំ​នោះទេ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ការ​ញ៉ុ​ក​ស្ទះ​របស់​ខ្នែងពោះវៀន​នោះ។ មិន​ថា ចំណីអាហារ​ប្រភេទ​ណា ក៏​សុទ្ធ​តែមាន​ភាព​ប្រថុយប្រថាន​ទាំងអស់ គ្រាន់តែ​លក្ខណៈ​របស់​គ្រាប់​ត្របែក​វា​មាន​ខ្នាត និង​ភាព​រឹង​ងាយ​ក្នុង​ការចូលទៅ​ញ៉ុ​ក​ស្ទះ​ក្នុង​រន្ធ​ខ្នែងពោះវៀន​បាន​ស្រួល​ហ្នឹងឯង។

អាការ​របស់​រោគ​រលា​ក​ខ្នែងពោះវៀន

ដូចដែល​មនុស្ស​ជាច្រើន​បានដឹងហើយថា អាការ​របស់​រោគ​រលា​ក​ខ្នែងពោះវៀន​ច្រើនតែ​បង្កឡើង​ដោយ​ការ​ចុកពោះ អាច​នឹង​មិនបាន​ចុកពោះ​នៅលើ​ទីតាំង​ខាងស្ដាំ​ផ្នែក​ខាងក្រោម​តាំងពី​ដំបូង​តែម្ដង​នោះទេ តែ​អាច​នឹង​ចុកពោះ​ជុំវិញ​រន្ធ​ផ្ចិត​ជាមុន បន្ទាប់ពីនោះ6-12ម៉ោង​តម​ក​អាច​រំកិល​មក​ចុក​នៅត្រង់​ម្ដុំ​ពោះ​ខាងស្ដាំ​ផ្នែក​ខាងក្រោម តែ​ក៏​ធ្លាប់មាន​ខ្លះ​ដែរ​ដែល​នឹង​ចុក​នៅ​ម្ដុំ​កណ្ដាល​ពោះ ឬ​ខាងស្ដាំ​លើ អាស្រ័យ​លើ​ទីតាំង​របស់​ខ្នែងពោះវៀន​របស់​មនុស្សម្នាក់ៗថា ស្ថិតនៅ​ត្រង់ណា។ រឹតតែ​អ្នកណា​ដែល​ចុកពោះ​ខ្លាំងក្លា​ទាំង​ខាងឆ្វេង និង​ខាងស្ដាំ​ផង​នោះ អាចជា​សញ្ញា​មួយ​ដែល​បង្ហាញថា ខ្នែងពោះវៀន​អាច​នឹង​រលាក​ធ្ងន់ធ្ងរ​រហូតដល់​ថ្នាក់​ស្អុយរលួយ មាន​ខ្ទុះ ឬ​បែកធ្លាយ​ខ្ចាត់ខ្ចាយ​ពេញ​ក្នុង​ពោះ​រហូតដល់​ចាប់ផ្ដើម​ឆ្លង​មេរោគ​ទៅហើយ​ទៀតផង។

តែ​មុននឹង​ចុកពោះ​ខ្លាំង​រហូតដល់​ត្រូវ​ចូលទៅ​ទទួលយក​ការវះកាត់​បែប​បន្ទាន់​នោះ វា​អាចមាន​សញ្ញា​ដាស់តឿនតិចៗដែល​មនុស្ស​ជាច្រើន​អាច​មិនដឹងថា វា​ពាក់ព័ន្ធ​នឹង​អាការ​ខុស​ប្រក្រតី​របស់​ខ្នែងពោះវៀន ទើប​ធ្វើឱ្យ​ព្រងើយកន្តើយ​ក្នុង​ការចូលទៅ​ពិនិត្យ​រាងកាយ​នៅ​មន្ទីរពេទ្យ។ ដូច្នេះ បើសិនជា​អ្នកណា​មិន​ចង់​ប្រថុយប្រថាន​នឹង​រោគ​រលាក​ខ្នែងពោះវៀន​នោះ ក្រៅពី​ត្រូវ​ទទួលទាន​អាហារ​ដោយ​ទំពា​ឱ្យបាន​ល្អិត​ម៉ដ្ឋ​មុននឹង​លេប និង​ចៀសវាង​ការទទួល​ទាន​អាហារ​ណា​ដែលរឹងៗ ដែល​ពិបាក​ក្នុងការ​កិន​រំលាយ​របស់​ក្រពះ​ហើយ​នោះ ការពិនិត្យ​សុខភាព​ប្រចាំឆ្នាំ ពិនិត្យ​សុខភាព​ប្រអប់​ពោះ និង​សង្កេតមើល​ចំណីអាហារ និង​ភាពខុសប្រក្រតី​របស់ខ្លួន​ឯង​ជា​ញឹកញាប់រឿយៗ មិន​ព្រងើយកន្តើយ​ក្នុងការ​យកចិត្តទុកដាក់​មើលថែទាំ​ខ្លួនឯង​ក៏​អាចជួយ​កាត់បន្ថយ​ភាព​ប្រថុយប្រថាន​នឹង​រោគ​រលាក​ខ្នែងពោះវៀន​បាន​ដូចគ្នា​ដែរ៕

Advertisement