វិធី5យ៉ាង​ជួយ​ឱ្យ​បបូរមាត់​កាន់តែ​គួរឱ្យ​ស្រឡាញ់

បន្ទាប់ពី​រៀប​អាពាហ៍ពិពាហ៍​រួច ការធ្វើដំណើរ​កម្សាន្ត​សម្រាប់​រាត្រី​ទឹកឃ្មុំ​បាន​ក្លាយជា​ទម្លាប់​មួយ​សម្រាប់​គូរ​ស្វាមីភរិយា​សម័យថ្មី។ ការធ្វើដំណើរ​បន្ទាប់ពី​ការរៀប​ការ​រួច​នេះ​មិន​ត្រឹមតែ​ជួយ​បង្កើន​ភាព​រីករាយ បន្ថយ​ភាព​ហត់នឿយ​បន្ទាប់ពី​មមាញឹក​អស់​រយៈពេល​យ៉ាងយូរ​នា​មុនពេល​រៀបការ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ការជួយ​បង្កើន​អនុស្សាវរីយ៍ រឹតបន្តឹង​ចំណងស្នេហា​មនុស្ស​ពីរ​នាក់​ឱ្យ​កាន់តែ​តឹង​ណែន ស្រឡាញ់គ្នា​កាន់តែខ្លាំង​ឡើង​ផងដែរ។

មនុស្ស​ជាច្រើន​បាន​និយាយថា ស្នេហា​ពិតប្រាកដ​គឺ​មិន​ស្ថិតនៅលើ​រូប​សម្រស់​នោះទេ ប៉ុន្តែ​វា​ស្ថិតនៅលើ​ចិត្ត។ មែនហើយ​វា​ពិតជា​ត្រឹមត្រូវ​ណាស់ ប៉ុន្តែ​សូម​កុំភ្លេចថា ភាព​ទាក់ទាញ​ពី​ខាងក្រៅ​ដែល​អ្នកមាន​ក៏​នៅតែមាន​ចំណែក​ចូលរួម​ក្នុងការ​ធ្វើឱ្យ​ស្នេហា​របស់​អ្នក​កាន់តែ​កើនឡើង​ដែរ។ បបូរមាត់​ដ៏​ទាក់ទាញ​គួរឱ្យ​ចង់​ថើប​ជា​ផ្នែក​មួយ​នៃ​ស្នេហា​រវាង​មនុស្ស​ពីរ​នាក់ ដូច្នេះ​អ្នក​គួរតែ​ចេះ​យក​វា​មក​ធ្វើជា​ប្រយោជន៍ ដើម្បី​បង្កើន​នូវ​ចំណង​ស្នេហ៍​នា​រាត្រី​ទឹកឃ្មុំ​របស់​អ្នក​ឱ្យ​កាន់​តែមាន​អត្ថន័យ​ឡើង​ថែម​មួយកម្រិត​ទៀត។ អូ​ខេ! មក​មើល​បន្តិច​ទៅ​មើល៍ថា តើ​ដើម្បីឱ្យ​បបូរមាត់​របស់​អ្នក​ក្លាយជា​បបូរមាត់​ដែល​គួរឱ្យ​ស្រឡាញ់​នោះ ត្រូវធ្វើ​ដូចម្តេចខ្លះ?

1/ ការពារ​គឺជា​កូនសោ៖ បបូរមាត់​របស់​អ្នកមាន​ស្រទាប់​ស្បែក​ខាងលើ​ស្តើង​ខ្លាំងណាស់ ដូច្នេះ​វា​ជា​រឿង​សំខាន់​ណាស់​ដែល​អ្នក​ត្រូវការពា​រ​វា​ឱ្យបាន​ល្អ​ពី​កម្តៅថ្ងៃ។ ចូរ​ប្រើ​ផលិតផល​លាប​លើ​បបូរមាត់​ណា​ដែលមាន​ជាតិ SPF, UVA, UVB ជាប្រចាំ។ ទុកដាក់​វា​នៅក្បែរ​ដៃ​ចៀសវាង​ការ​ភ្លេច​ហើយ​បើ​អ្នក​ត្រូវ​ធ្វើដំណើរ​កម្សាន្ត​ទៀត​នោះ គួរតែ​ដាក់​វា​ក្នុង​កាបូបស្ពាយ​ជាប់​ខ្លួន​របស់​អ្នក។

2/ រក្សា​សំណើម៖ បបូរមាត់​នឹង​ឡើង​ស្ងួត​ប្រេះ​បែក ប្រសិនបើ​អ្នក​មិនបាន​បំពេញ​ជាតិ​ទឹក​ឱ្យបាន​គ្រប់គ្រាន់ ដូច្នេះ​មិន​ថា​អ្នក​ទៅដល់​ទីណា​នោះទេ ទឹក​ត្រូវតែ​នៅ​ជាមួយ​អ្នកជា​និច្ច ហើយ​អ្នក​ត្រូវ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ផ្តល់នូវ​ជាតិ​សំណើម​ដល់​រាងកាយ​របស់​អ្នក ក៏ដូចជា​បបូរមាត់រ​បស់​អ្នក​ផងដែរ។

3/ កុំ​លិទ្ធ​បបូរមាត់៖ ការ​លិទ្ធ​បបូរមាត់​មិនមែនជា​វិធី​ផ្តល់​សំណើម​នោះទេ តែ​វា​នឹង​កាន់តែ​ធ្វើឱ្យ​បបូរមាត់​របស់​អ្នក​ស្ងួតទៅៗម្តង​បន្តិច។ ជំនួស​ដោយ​ការប្រើ​អណ្តាត​លិទ្ធ​បបូរមាត់ អ្នក​គួរតែ​ព្យាយាម​លាប​ផលិតផល​ដូចដែល​បាន​ជម្រាបជូន​ខាងលើ​ឱ្យបាន​ញឹកញាប់​វិញ​ប្រសើរ​ជាង។

4/ វីតាមីន៖ ជឿ​ឬទេ​ដែលថា​កង្វះ​វីតាមីន​ធ្វើឱ្យប៉ះពាល់​ដល់​រាងកាយ ទាំង​ផ្នែក​ខាងក្នុង និង​ផ្នែក​ខាងក្រៅ? ហើយ​វា​ក៏​នាំឱ្យ​បបូរមាត់​ប្រេះ​បែក​ផងដែរ។ ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា អាហារ​ដែល​អ្នកទទួលទាន​ជា​អាហារ​ដែលមាន​ប្រយោជន៍​ចំពោះ​សុខភាព ហើយក៏​កុំ​ភ្លេច​ដាក់បញ្ចូល​វីតាមីន​ចម្រុះ​ដូចជា វីតាមីន B, C, E… ផងដែរ។

5/ អាហារ​ល្អ៖ ពេលធ្វើ​ដំណើរ​កម្សាន្ត​អ្នក​ពិត​ជាមាន​ជម្រើស​ច្រើនណាស់​ក្នុងការ​ភ្លក្ស​អាហារផ្សេងៗតាម​តំបន់ ប៉ុ​ន្ត​សូម​កុំភ្លេចថា អាហារ​មួយចំនួន​ដែលមាន​ផ្ទុក​អាស៊ីត​ខ្លាញ់ និង​អាហារ​មួយចំនួនទៀត​ដូចជា ផ្លែឈើ បន្លែ ត្រី ធញ្ញជាតិ និង​ប្រេង​អូ​លីវ​ជាដើម គឺជា​អាហារ​ដ៏​សំខាន់​សម្រាប់​អ្នក​ដែលមាន​បបូរមាត់​ស្ងួត​ប្រេះ​បែក​ដូចជា​រូបអ្នក ដើម្បី​ជួយ​ឱ្យ​សុខភាព​ស្បែក​ត្រង់​បបូរមាត់​របស់​អ្នក​ប្រែ​មកជា​មាន​សភាព​ស្រស់ថ្លា និង​មាន​សំណើម​គួរ​ជាទី​ពេញចិត្ត​វិញ។

អនុវត្តតាម​វិធីងាយៗខាងលើ នោះ​អ្នកនឹង​ទទួលបាន​នូវ​បបូរមាត់​ដែល​ទន់​រលោង មាន​សុខ​ភាពល្អ​គួរឱ្យ​ចង់​ថើប និង​គួរឱ្យ​ទាក់ទាញ​ដូច​បំណង​ជាមិនខាន៕

Advertisement