វត្ថុសំខាន់ៗត្រូវយក​ទៅជា​មួយពេល​ធ្វើដំណើរ​កម្សាន្ត​នៅ​មាត់សមុទ្រ

ចង់​ធ្វើដំណើរ​កម្សាន្ត​ឱ្យបាន​សប្បាយរីករាយ​នៅក្នុង​ឱកាស​ឈប់សម្រាក​នាពេលខាងមុខ​នេះដែរ​ឬទេ? នៅពេល​នឹកគិត​ទៅដល់​ការធ្វើដំណើរ​កម្សាន្ត អ្នក​ក៏​ប្រាកដជា​នឹកគិត​ដល់​ការថែរក្សា​ស្បែក​ដូចគ្នា​ដែរ ហើយ​មួយ​ភាគ​ធំ​នៃ​គំនិត​របស់​អ្នក​កំពុងតែ​ផ្តោត​សំខាន់​ទៅលើ​ផលិតផលថ្មីៗដែលមាន​តម្លៃ​ថ្លៃ​ដែល​កំពុង​តែមាន​ភាពល្បីល្បាញ​នៅលើ​ទីផ្សារ ប៉ុន្តែ​សូមកុំ​ភ្លេច​ឱ្យសោះ​ណា​ថា ការពិតទៅ​នៅមាន​វត្ថុសំខាន់ៗជាច្រើន​ទៀត ដែល​អាចធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ថា មាន​សុវត្ថិភាព​ជានិច្ច​នៅពេលដែល​បាន​ប្រើ​វា​ជាប្រចាំជាពិសេស​គឺ​សម្រាប់​ការថែទាំ​ស្បែក​ក្នុងអំឡុងពេល​ដើរ​កម្សាន្ត​ដ៏​រីករាយ​នា​ថ្ងៃ​ឈប់សម្រាក​ច្រើន​ថ្ងៃ​នៅ​មាត់សមុទ្រ។ តើ​វត្ថុ​អស់ទាំងនោះ​មាន​អ្វីខ្លះ?

មួក​សំណព្វចិត្ត ៈ ជា​មួក​ដែល​អ្នក​អាច​ពាក់​ទៅបាន​គ្រប់កន្លែង មាន​ប្រសិទ្ធភាព​ក្នុងការ​ការពារ​សក់ ថ្ងាស ច្រមុះ ថ្ពាល់ ក និង​បរិវេណផ្សេងៗទៀត​ពី​ពន្លឺព្រះអាទិត្យ ដែលជា​ដើមហេតុ​នៃ​ការកើតមាន​ស្នាមអុជៗលើ​ស្បែក ស្នាម​ជ្រួញ និង​ការកើត​ជំងឺមហារីក​ស្បែក​ជាដើម។ រកមើល​មួក​ណា​ដែលមាន​ហាម​ធំ ហើយ​ត្រូវចិត្ត​អ្នក ដើម្បីឱ្យ​ប្រាកដថា អ្នកនឹង​ពាក់​វា​គ្រប់ពេល​អ្នកចេញ​ទៅខាង​ក្រៅ ជាពិសេស​ពេល​ដើរលេង​តាម​មាត់សមុទ្រ​តែម្តង។

ក្រែ​ម​ការពារ​កម្តៅថ្ងៃ​ដែលមាន​សារធាតុ​ស័ង្កសី(Zinc) 7-20 % ៈ ហេតុ​អី្វ? ពី​ព្រោះតែ​កាំរស្មី UVA តែងតែមាន​វត្តមាន​ជា​រៀងរាល់ថ្ងៃ សូម្បីតែ​អាកាសធាតុ​កំពុងតែ​ស្រទុំ​ត្រជាក់​ស្រួល​ក៏ដោយហើយ​ដែល​សំខាន់​នោះ​គឺ​សូម្បីតែ​បង្អួច​កញ្ចក់ រួមមាន​ទាំង​កញ្ចក់​រថយន្ត​ក៏​វា​អាច​ជ្រាប​ចូលទៅ​បានដែរ។ ក្រែ​ម​ការពារ​កម្តៅថ្ងៃ​ខ្លះ​មិនអាច​ការពារ UVA បានល្អ​នោះទេ ដូច្នេះ​ក្រៅពី​គិតដល់​កម្រិតSPF ហើយ​នោះ ក្រែ​ម​ការពារ​កម្តៅថ្ងៃ​ក៏ត្រូវ​តែមាន​ផ្ទុក​ជាតិ​ស័ង្កសី​ខ្ពស់(7-20%)ផងដែរ។

ឈុត​ហែល​ទឹក ៈ អ្នកណាៗក៏​ដឹង​ដែរ​ថា ទៅលេង​ទឹកសមុទ្រ ផុតពី​ខោអាវ​ត្រឹមណា គឺ​ខ្មៅ​ត្រឹមហ្នឹង ដូច្នេះ​វិធី​ល្អ​បំផុត​នោះ​គឺ ត្រូវ​ជ្រើសរើស​ឈុត​ហែល​ទឹក​ណា​ដែលមាន​ប្រវែង​វែង​បន្តិច ទើប​អាច​ការពារ​ស្បែ​កបាន​ក្នុងអំឡុងពេល​ងូត-ទឹក​សមុទ្រ​យ៉ាង​សប្បាយរីករាយ។
ក្រែមផ្តល់សំណើម ៈ មិនមែន​តែ​ផ្ទៃមុខ​នោះទេ​ដែល​ត្រូវ​មើលថែ ស្បែក​រាងកាយ​ទាំងមូល​ក៏​សំខាន់​ណាស់ដែរ។ ជាធម្មតា​ពេល​លេង​ទឹកសមុទ្រ​រួច​អ្នក​ប្រាកដជា​ត្រូវ​សម្អាតខ្លួន​ជាមួយ​ទឹកសាប ហើយ​បន្ទាប់ពី​សម្អាតខ្លួន​បាន​ស្អាតហើយ​នោះអ្នក​គប្បី​ចងចាំ​ជានិច្ច​រឿង​បន្ថែមសំណើម​ដល់​ស្បែ​កមុខ និង​ស្បែក​ដងខ្លួន​របស់​អ្នកផង​ណា៎។

វ៉ែនតា ៈ វ៉ែនតា​ដែល​អាច​ការពារ​ពេញ​រង្វង់​ភ្នែក​របស់​អ្នក​គឺជា​វ៉ែនតា​ល្អ​បំផុត​ដែល​អ្នក​គួរតែ​ពាក់​ឱ្យបាន​ជាប់​រាល់​ពេលដែល​អ្នកចេញ​ទៅខាង​ក្រៅ​ប៉ះ​នឹង​ពន្លឺ​ថ្ងៃ ជាពិសេស​នៅក្នុង​ដំណើរ​-កម្សាន្ត​លើ​ឆ្នេរ​ខ្សាច់​នេះ​តែម្តង។ការអនុវត្ត​នៅក្នុង​ថ្ងៃនេះ​អាច​ការពារ​សម្រស់​
រប​ស់​អ្នក​ទាំង​សម្រាប់​ថ្ងៃនេះ និង​នា​ថ្ងៃ​អនាគត ដូច្នេះ​សូមកុំ​ប្រហែស​ឱ្យសោះ​ណា៎ ដើម្បី​សម្រស់​ដ៏​ផូរផង់​របស់​អ្នក៕

Advertisement