រុក្ខជាតិ​បណ្ដេញ​សត្វ​មូស ដ៏​ពូកែ​ដែល​អ្នក​គួរ​ដាំ​នៅក្នុង​ផ្ទះ

សត្វ​មូស ចូលចិត្ត​រស់នៅ​កន្លែង​ដែលមាន​ទឹក​ដក់ និង​នៅតាម​កន្លែង​ដែល​ស្តុក ព្រោះ​កន្លែង​ទាំងនោះគឺជា​ជម្រក និង​ជា​កន្លែង​បង្ក​កំណើត​សត្វ​មូស​ជាច្រើន​ពាន់​ច្រើន​មឺ​ុ​ន​ក្បាល។ ក៏ប៉ុន្ដែ​នៅក្នុង​ចំណោម​សត្វ​មូស​ទាំងអស់នោះ​គឺមាន សត្វ​មូស​ខ្លាដែលជា​សត្វ​ចម្លង​មេរោគ​គ្រុនឈាម​ដ៏​សាហាវ។ ដូច្នេះហើយ​នៅ​រដូវភ្លៀង​ធ្លាក់ អ្នក​ចាំបាច់​ត្រូវតែ​ប្រុងប្រយ័ត្ន​ជាមួយនឹង​សត្វ​មូស មិនត្រូវ​បណ្ដោយឱ្យ​សត្វ​កំណាច​នេះ បានចាប់កំណើត​នៅក្នុង​បរិវេណ​ផ្ទះ​របស់​អ្នក​នោះទេ ដើម្បី​ការពារ​បុត្រ​ធីតា​របស់​អ្នក​មិនឱ្យ​សត្វ​មូស​ខាំ ព្រោះ​វា​ជា​មូលហេតុ​បង្ក​ឱ្យ​កើតមាន​ជំងឺគ្រុនឈាម និង​ជំងឺគ្រុនក្ដៅផ្សេងៗ។

គ្រោះថ្នាក់​ដែល​កើត​ពីស​ត្វ​មូស​ខាំ​មាន​ច្រើនណាស់​ដូចជា៖
• ជំងឺគ្រុនឈាម ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ដែល​ចម្លង​ដោយ​សត្វ​មូស​ខ្លាញី​ វា​អាចមាន​គ្រោះថ្នាក់​ដល់​ជីវិត​របស់​មនុស្ស​ថែម​ទៀតផង។
• ជំងឺ​រលាក​ខួរក្បាល ប្រភេទ JE ក៏​ជា​ប្រភេទ​ជំងឺ​ដែល​កើតឡើង​ដោយសា​សត្វ​មូស​ជា​ភ្នាក់ងារ​ចម្លង​ដូចគ្នា​ដែរ។
• ជំងឺ​ហើមជើង​ដំរី ក៏​បណ្ដាលមកពី​សត្វ​មូស​ខាំ​ដែរ។
• ជំងឺ​ស៊ីកា គឺជា​ជំងឺ​ដ៏​គ្រោះថ្នាក់​ថ្មី​មួយទៀតដែល​អ្នក​គួរតែ​ប្រុងប្រយ័ត្ន។

ដូច្នេះហើយ​នៅក្នុង​ខែ​ថ្មី​នេះ ឡា​រ៉ែ​ន សូម​លើកយក​នូវ​ឥទ្ធិពល​របស់​រុក្ខជាតិ​មួយចំនួន​ដែលមាន​សមត្ថភាព​ក្នុងការ​បណ្ដេញ​សត្វ​មូស​កំណាច​ចេញពីផ្ទះ​របស់​អ្នក​បាន​តាមរយៈ​ក្លិន​របស់​វា។ ដូច្នេះ​សូម​តាមដាន និង​ស្វែងយល់​ទាំងអស់គ្នា​ដូចតទៅ។

1- Rosemary
រុក្ខជាតិ​មួយ​ប្រភេទ​នេះ មិនមែន​មានគុណ​ប្រយោជន៍​តែ​ជា​គ្រឿងទេស​សម្រាប់ធ្វើ​ម្ហូប​នោះទេ វា​ក៏មាន​ប្រសិទ្ធភាព​ក្នុងការ​បណ្ដេញ​សត្វ​មូស​ឱ្យ​ចេញពី​លំនៅឋាន​របស់​អ្នក​ផងដែរ ដោយ​គ្រាន់តែ​ដាំ​រុក្ខជាតិ​ប្រភេទ​នេះ នៅក្នុង​សួនច្បារ​ជាមួយ​រុក្ខជាតិ ឬ​ដើម​ផ្កាផ្សេងៗជាការ​ស្រេច។

2- ស្លឹកគ្រៃ
ស្លឹកគ្រៃ គឺជា​ប្រភេទ​រុក្ខជាតិ​ដែលមាន​ក្លិនក្រអូប តែ​ផ្ទុយទៅវិញ​ក្លិន​របស់​វា​មាន​ឥទ្ធិពល​អាច​បណ្ដេញ​សត្វ​មូស​យ៉ាង​ពូកែ។ ម្យ៉ាងវិញទៀតការដាំ​ស្លឹកក្រៃ​នៅក្បែរ​ផ្ទះ គឺជា​រឿង​ដ៏​ប្រសើរ​បំផុត ព្រោះ​វា​អាចជួយ​បណ្ដេញ​សត្វ​កំណាច​មួយចំនួន​បាន​ដូចជា សត្វ​ពស់ សត្វ​ក្អែប និង​សត្វ​មូស​ជាដើម។

3- ជី​អង្កាម
ជា​រុក្ខជាតិ​ឱសថ​បុរាណ​មួយ​ប្រភេទ ដែលមាន​សមត្ថភាព​អាច​បណ្ដេញ​សត្វ​មូស​បាន ដោយ​នៅក្នុង​ជី​អង្កាម​មាន​ក្លិន​ម៉ុង​តុល ឬ​ក្លិនប្រហើរ​រសជាតិ​ហឹរតិចៗ ដែល​ធ្វើឱ្យ​មូស​ចាញ់​ក្លិន និង​អាចឱ្យ​មូស​ស្លាប់​បាន។ មិន​ត្រឹមតែ​មូស​នោះទេ នៅមាន​សត្វ​ស្រមោច សត្វ​កន្លាត និង​សត្វ​ឃ្មុំ​ក៏​ចាញ់​ក្លិន​នេះដែរ។

4- ជី​នាងវង
ជនជាតិខ្មែរ​យើង​ពេញនិយម​ជាមួយនឹង​ក្លិន​ជី​នាងវង​នៅក្នុង​ការបង់​សម្លរ ឬ​ស្ងោរជ្រក់​ជាដើម តែ​អាថ៌កំបាំង​របស់​ជី​មួយ​ប្រភេទ​នេះ ក៏​អាចជួយ​កម្ចាត់​សត្វ​មូស​ឱ្យ​ចេញពីផ្ទះ​របស់​អ្នក​ផងដែរ។

5- ជីប​ហោ
ជីប​ហោ មិន​ត្រឹមតែ​ជា​ឱសថ​បុរាណ​ព្យាបាល​ជំងឺ​ប្រព័ន្ធ​ផ្លូវដង្ហើម​នោះទេ វា​ក៏​អាច​កម្ចាត់​សត្វ​មូស​បាន ព្រមទាំង​ធ្វើឱ្យ​អ្នកមាន​សុខភាព​ល្អ​ថែម​ទៀតផង៕

Advertisement