ខ្យង​ខ្ចប់​សាច់ជ្រូក​ចិញ្ច្រាំ​ស្លឹកគ្រៃ

បច្ចុប្បន្ននេះ ខ្យង​ស្រែ ឬ​ខ្យង​បឹង​ត្រូវបាន​ក្លាយទៅជា​ប្រភេទ​អាហារសម្រន់ ឬ​ច្នៃ​ចេញ​ជា​មុខម្ហូប​សម្រាប់​ទទួលទាន​ជាមួយ​អាហារ​ពេលធំៗយ៉ាង​មាន​ប្រជាប្រិយភាព រហូត​មាន​ទីតាំង​ខ្លះ​បានសម្រេច​ជ្រើស​យកពាក្យ​ថា “ខ្យង” មក​ធ្វើជា​យីហោ​អាហារ​ដ្ឋា​ន​ថែម​ទៀតផង។ ដោយឡែក​ពេលនេះ ដោយ​សម្លឹង​ឃើញ​ពី​ការនិយម​ចូលចិត្ត​ទទួលទាន​ពី​សំណាក់​មនុស្ស​ទូទៅ ជាពិសេស​អ្នករស់នៅ​ក្នុង​តំបន់​ទីប្រជុំជន​នៃ​រាជធានី​ភ្នំពេញ ភោជនីយដ្ឋាន​លក្ខណៈ​ខ្មែរ ដែល​ស្ថិតនៅ​អគារ​លេខ 81 E2 (ជាន់​ទី2) តាមផ្លូវ ព្រះមុនីវង្ស (ទល់មុខ​ធនាគារ កាណាឌីយ៉ា) ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​ទើបតែ​ចាប់​បើក​ដំណើរ​ការបម្រើ​សេវាកម្ម​ម្ហូបអាហារ​បែប​អ្នករស់នៅ​តាម​ដង​ទន្លេមេគង្គ រួមមាន អាហារ​បែប​ជនជាតិខ្មែរ វៀតណាម ថៃ ឡាវ និង​ចិន​នោះ បាន​យក​ខ្យង​មក​ច្នៃ​ធ្វើជា​អាហារ​ដ៏​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ប្លែក ជាប់ចិត្ត ក្រោយ​គំ​និង​ច្នៃប្រឌិត​របស់​មេ​ចុងភៅ​ជា​ជនជាតិខ្មែរ គឺ មុខម្ហូប “ខ្យង​ខ្ចប់​សាច់ជ្រូក​ចិញ្ច្រាំ​ស្លឹកគ្រៃ”។

 

គ្រឿងផ្សំ
• ខ្យង
• សណ្ដែកដី​លីង
• សាច់ជ្រូក​ចិញ្ច្រាំ
• ស្លឹកគ្រៃ
• ខ្ទឹមស
• ខ្ទឹមក្រហម
• ទឹកជ្រលក់​
រសជាតិ​ជូរ ផ្អែម ហឹរ

របៀប​ចម្អិន
បើទោះបីជា​វា​ជា​អាហារ​ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ប្លែក​មាត់ និង​ទទួល​បានការ​ចូលចិត្ត​ទទួលទាន​ពី​សំណាក់​អតិថិជន​បែបនេះ​ក៏ដោយ ប៉ុន្តែ​សម្រាប់​របៀប​ធ្វើ ឬ​វិធី​ចម្អិន​វិញ​ហាក់​មិន​ពិបាក​នោះឡើយ ដោយ​លោកអ្នក​ក៏​អាចធ្វើ​នៅតាម​លំនៅឋាន​ផ្ទាល់ខ្លួន​ក៏បាន។ ជាដំបូង លោកអ្នក​គ្រាន់តែ​រក​ទិញ​ខ្យង​ស្រស់​ល្អ (ខ្យង​នៅរស់) មក​លាង​សម្អាត រួច​ចំហុយ​ឱ្យ​ឆ្អិន។ បន្ទាប់មក​យក​សាច់ជ្រូក​ចិញ្ច្រាំ សណ្ដែកដី​លីង ខ្ទឹមស ខ្ទឹមក្រហម រួមជាមួយ​សាច់​ខ្យង​ដែល​បាន​ចម្អិន មក​ចិញ្ច្រាំ​បញ្ចូល​គ្នា រួច​ច្រកចូល​ទៅក្នុង​សម្បកខ្យង ហើយ​ធ្វើការ​ចម្អិន ដោយ​ចំហុយ​សាជាថ្មី ដោយ​ដាក់​គល់​ស្លឹកគ្រៃ​ចូល​ជាមួយ ដើម្បី​ទទួលបាន​ក្លិន​ឈ្ងុយ​ប្រហើរ​គួរឱ្យ​ចង់​ទទួលទាន​ជាការ​ស្រេច។ លុះ​ពេល​ទទួលទាន លោកអ្នក​គ្រាន់តែ​ធ្វើ​ទឹកជ្រលក់​ដែលមាន​រសជាតិ​ជូរ ផ្អែម​ល្មម ហើយ​ម្ទេសហឹរៗតាម​ចំណូលចិត្ត ឬ​អាច​ទិញ​ទឹកត្រី​ម្ទេស (ទឹកត្រី​កោះកុង) មក​ទទួលទាន​ជាមួយ​ក៏បាន។ ឃើញ​ទេ! ងាយៗ ប៉ុន្តែ​អាច​ទទួលបាន​អាហារ​ចម្អិន​ពី​សាច់​ខ្យង​យ៉ាង​ឆ្ងាញ់​ជក់មាត់​ទទួលទាន​ទៅហើយ។ សូម​សាកល្បង​ធ្វើ​ទាំងអស់គ្នា​ណា៎…៕

Advertisement