វីតាមីន10មុខសម្រាប់​ស្ត្រី​គ្រប់រូប

អាហារ​ហូបចុក​ប្រចាំថ្ងៃ​វា​ពិតជា​សំខាន់​ណាស់​សម្រាប់​ស្ត្រី​យើង ដូច្នេះ​ក្នុងនាម​ជា​អ្នក​ចាត់​ចែក​ចំណីអាហារ​ក្នុង​គ្រួសារ​អ្នក​គួរតែ​ជ្រើសរើស​អាហារ​ណា​ដែល​ល្អ​សម្រាប់​អ្នក និង​សមាជិក​គ្រប់គ្នា ទាំង​ចំពោះ​សុខភាព និង​សម្រស់។ វីតាមីន​សំខាន់​ណាស់​សម្រាប់​អ្នក ហើយ​វីតាមីន​ទាំង10ខាងក្រោម​នេះ​រឹតតែ​សំខាន់​ទៅទៀត ព្រោះ​វា​គឺជា​វីតាមីន​ដែល​ស្ត្រី​គ្រប់រូប​គួរតែ​ផ្គត់ផ្គង់​ទៅឱ្យ​រាងកាយ​ឱ្យបាន​គ្រប់គ្រាន់ ដើម្បីឱ្យ​ក្លាយជា​ស្ត្រី​ម្នាក់​ដែល​ប្រកបដោយ​សុខភាព​ល្អ​ប្រពៃ និង​មាន​សម្រស់​ដ៏​ផូរផង់​ជាទី​ទាក់ទាញ​ចិត្ត។

1-វីតាមីន A ៈ ផ្ទុក Antioxidant ដែល​ស្ត្រី​គ្រប់​វ័យ​ត្រូវការ​ចាំបាច់​ដើម្បី​ជួយ​សាងសង់ និង​ទ្រទ្រង់​ឆ្អឹង ធ្មេញ ស្បែកនិង​ភ្នាស​រំអិលជាដើម។ វីតាមីន A ក៏​ជួយ​កាត់បន្ថយ​ឱកាស​នៃ​ការកើត​ជំងឺ​រលាក​សន្លាក់​រាំ​រ៉ៃជំនួយ​ភ្នែក និង​ជួយ​ការពារ​ប្រព័ន្ធ​ភាពស៊ាំ​ផងដែរ។ អាហារ​ដែល​សម្បូរ​វីតាមីន A មានដូចជា ការ៉ុត ល្ពៅ ត្រសក់ Cantaloupe ប៉េងប៉ោះ ត្របែក ឪឡឹក ខាត់ណា​ខៀវ ល្ហុង ស្ពៃ ស៊ុត ថ្លើម ទឹកដោះគោ និង​ធញ្ញជាតិ​ជាដើម។

2-វីតាមីន B2 ៈ ជា​វីតាមីន​ដែល​អាចជួយ​ឱ្យ​រាងកាយ​លូតលាស់​បានល្អ មាន​សុខ​ភាពល្អ និងផ្តល់​ថាមពល​ដល់​រាងកាយ។ ជួយ​ព​ង្រឹ​ក​ប្រព័ន្ធ​ភាពស៊ាំ បន្ថយ​ភាព​ហត់នឿយ ធុញថប់ និង​ស្ពឹក​ស្រពន់​ជាដើម។វត្តមាន​របស់​វីតាមីន B2 ជួយ​ការពារ​មិនឱ្យ​កើតមាន​បញ្ហា​ប្រេះ​បែក​បបូរមាត់ សក់​ស្ងួត ស្បែក​ជ្រួញ និង​រមាស់​ស្បែក​ជាដើម។ ប្រភេទ​អាហារ​ដែល​សម្បូរ​វីតាមីន​ប្រភេទ​នេះ​មានដូចជា Cheeseទឹកដោះគោ បន្លែ​បៃតង ស៊ុត ធញ្ញជាតិ សណ្តែកបាយ អាល់​ម៉ុ​ន និង​ផ្សិត​ជាដើម។

3-វីតាមីន B6 ៈ បន្ថែម​ការចងចាំ កាត់បន្ថយ​ជំងឺ​បេះដូង អស់កម្លាំង ជំនួយ​ខួរក្បាល សម្រួល​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម បន្ថយ​អាការ​ចាញ់កូន និង​ការពារ​ជំងឺ​ខ្វះ​ឈាម។ចេក សាច់ ផ្លែ​ប៊័រ សណ្តែក ត្រី គ្រាប់​ធញ្ញជាតិ គឺជា​អាហារ​ដែលមាន​ផ្ទុក​វីតាមីន​ប្រភេទ​នេះ​ច្រើនជាងគេ។

4-វីតាមីន B7 ៈ វីតាមីន​ប្រភេទ​នេះ​ត្រូវការ ដើម្បី​ភាព​រីកលូតលាស់​នៃ​កោសិកា​ស្បែក និង​ការ​សំយោគ​របស់​អាស៊ីត​ខ្លាញ់។ វា​ជួយ​រក្សា​សំណើម​ឱ្យ​សក់ និង​ស្បែក ជួយ​ជុំរុញ​ការលូតលាស់​នៃ​សក់ ព្យាបាល​បញ្ហា​ក្រចក​ឆាប់​បាក់។ វីតាមីនB7 ក៏​ជា​តម្រូវការ​សម្រាប់​ការលូតលាស់​នៃ​ឆ្អឹង និង​ជួយ​គ្រប់គ្រង​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ផងដែរ។ អាហារ​មួយចំនួន​ដែល​សម្បូរ​វីតាមីន​ប្រភេទ​នេះ​មានដូចជា ត្រី ដំឡូងជ្វា អាល់​ម៉ុ​ន ការ៉ុត ចេក ផ្លែឈើ​ពណ៌​លឿង បន្លែ​បៃតង សណ្តែក ទឹកដោះគោ យ៉ា-​អួរ និង​ម្ទេស…។

5-វីតាមីន B9 ៈ សំខាន់​ណាស់​សម្រាប់​ស្ត្រី​យើង ព្រោះ​វា​ជួយ​ការពារ​ជំងឺ​បេះដូង សំពោ​ធ​ឈាម​ឡើង​ខ្ពស់ Alzheimer អស់កម្លាំង មហារីក និង​ការចងចាំ​ថយចុះ​ជាដើម។ក្រៅពីនោះ​វា​ជួយ​ដល់​សុខភាព​ខួរក្បាល ព្រមទាំង​ជួយ​ដល់​ការលូតលាស់​របស់​ទារ​ក​ក្នុង​ផ្ទៃ​
ផងដែរ។ B9 មាននៅ​ក្នុង​អាហារ​មួយចំនួន​ដូចជា បន្លែ​បៃតង ទឹកក្រូច ត្រសក់ស្រូវ ស្ត្រូ​ប៊ឺ​រី ស៊ុត និង​សណ្តែក…។

6-វីតាមីន B12 ៈ វីតាមីន​ផ្សេងទៀត​ដែល​ស្ត្រី​គួរ​ទទួលទាន​គឺ B12 ដែលមាន​សារសំខាន់​ក្នុង​ការជួយ​បំ​លែង​អាហារសំយោគ​ប្រូ​តេ​អី​ុ​ន។ វីតាមីន​នេះ​ជួយ​ដល់​បេះដូងនិង​ខួរក្បាល​មិនឱ្យ​កើតមាន​បញ្ហា​ខ្វះ​ឈាម។ អាច​រកបាន​នៅក្នុងត្រី សាច់ ទឹកដោះគោ ស៊ុត និង​យ៉ា​អួជាដើម។

7-វីតាមីន E ៈ សំខាន់​សម្រាប់​ស្បែក សក់ និង​គុណប្រយោជន៍​ជាច្រើន​ទៀត។ វា​មាននៅ​ក្នុងស្ពៃ ប្រេង​ពោត ប្រេង​អូ​លីវ គ្រាប់​ផ្កាឈូករ័ត្ន ស៊ុត និង​ត្រសក់…។

8-វីតាមីន C ៈ ជួយ​បន្ថយ​ឱកាស​នៃ​ការកើត​ជំងឺមហារីក ជួយ​បង្កើត​កោសិកា​ឈាមក្រហម ព​ង្រឹ​ក​ប្រព័ន្ធ​ការពារ បង្កើត​សមត្ថភាព​ក្នុងការ​ព្យាបាល​រាងកាយ។ ខាត់ណា​ខៀវ ក្រូចថ្លុង គី​វី ក្រូច ត្របែក ដំឡូងបារាំង ប៉េងប៉ោះ និង​ស្ត្រូ​ប៊ឺ​រី … សុទ្ធតែជា​អាហារ​ដែល​សម្បូរ​ទៅដោយ​វីតាមីន C។

9-វីតាមីន D ៈ គឺជា​ភ្នាក់ងារ​បឺត​ស្រូប​កាល់ស្យូម ដែល​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការជួយ​ពង្រឹង​ឆ្អឹង​ឱ្យ​រឹងមាំ និង​គុណប្រយោជន៍​ជាច្រើន​ទៀត។ ខ្លាញ់ត្រី ទឹកដោះគោ ថ្លើម និង​ស៊ុត… ជា​អាហារ​ដែលមាន​វីតាមីន​ប្រភេទ​នេះ​ខ្ពស់​ជាងគេ។

10-វីតាមីន K ៈ ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង​ឆ្អឹង សម្រួល​ឈាម បន្ថយ​ឱកាស​កើត​ជំងឺ​បេះដូង និង​ជួយ​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​ផងដែរ។ សម្បូរ​នៅក្នុង ស្ពៃក្តោប ត្រសក់ ម្ទេសចេក ប៉េងប៉ោះ ប្រេងសណ្តែក និង​ខ្លាញ់ត្រី….។

នៅពេលដែល​រាងកាយ​របស់​អ្នកមាន​វីតាមីនទាំង10ប្រភេទ​នេះ​គ្រប់គ្រាន់​ហើយ​នោះ ធានាថារាងកាយ​របស់​អ្នក​ពិតជា​ប្រកបដោយ​សុខភាព​ល្អ និង​មាន​សម្រស់​ស្រស់ស្អាត​ជាមិនខាន៕

Advertisement