នេះគឺអារម្មណ៍របស់អ្នកម្តាយ ដែលទើបប្រសូតបុត្រថ្មីៗ ពេលមានអ្នកមកបីកូនរបស់ខ្លួន

ខាងក្រោមនេះគឺជារឿងរ៉ាវដែលអ្នកម្តាយម្នាក់ចង់ផ្ញើជូនអ្នកម្តាយថ្មោងថ្មីទាំងឡាយ ក្នុងរឿងការទៅសួរសុខទុក្ខ និងមើលទារកទើបនឹងកើតថ្មីៗថា មិនគួរបណ្តោយឱ្យទារកត្រូវបានគេមកមើល ឬប៉ះពាល់ពីសំណាក់បុគ្គលដែលមកសួរសុខទុក្ខនោះឡើយ គួរតែរង់ចាំឱ្យគ្រប់ 1 សប្តាហ៍បន្ទាប់ពីប្រសូតរួចសិន។

ឡូរ៉ា ហ្គ្រេស វេលដន អ្នកម្តាយម្នាក់បានលះបង់ពេលវេលាពាក់ព័ន្ធនឹងរឿងនេះ នាងតែងតែដាស់តឿនមនុស្សនៅក្នុងក្រុមគ្រួសារ និងសាច់ញាតិបងប្អូនថា មិនគួរទៅសួរសុខទុក្ខ ឬធ្វើរបស់របរទៅផ្ញើទារកដែលមានអាយុមិនទាន់លើស 1 សប្តាហ៍ឡើយ ព្រោះអាចធ្វើឱ្យទារកកើតមានគ្រោះថ្នាក់ ឬឈឺបាន តែក៏មិនសូវមានអ្នកណាយកចិត្តទុកដាក់ស្តាប់ប៉ុន្មានឡើយ ជាពិសេសលោកយាយរបស់ស្វាមីនាង។

អ្នកម្តាយម្នាក់នេះបានរៀបរាប់ថា ពេលដែលខ្ញុំឆ្លងទន្លេកូនដំបូងហើយថ្មីៗ ក៏មានអ្នកមកសួរសុខទុក្ខ និងមានលោកយាយរបស់ស្វាមីផងដែរ។ គាត់មកដល់ ក៏ចូលមកចាប់ឱប និងថើបថ្ពាល់ទារក ហើយលើកពយកចេញពីដើមទ្រូងខ្ញុំភ្លាមតែម្តង គាត់យកទារកទៅឱបរឹត និងបលេងយ៉ាងគ្មានក្រែងចិត្តខ្ញុំបន្តិចណាឡើយ។

“ខ្ញុំខឹងខ្លាំងណាស់ ព្រោះកើតចេញពីអារម្មណ៍ និងទើបតែឆ្លងផុតអំឡុងពេលក្រោយប្រសូតដ៏សែននឿយល្វើយ ខ្ញុំមិនចង់ឱ្យទារកទើបនឹងកើតប៉ះបាល់ជាមួយសារធាតុគីមីផ្សេងៗ ដូចជា ទឹកអប់ គ្រឿងសម្អាង សម្លៀកបំពាក់ដែលមានក្បាច់ក្បូរផ្សេងៗនោះទេ ព្រោះអាចធ្វើឱ្យស្បែកទារករលាកក្រហាយបាន ដូច្នេះពេលខ្ញុំឃើញលោកយាយរបស់ស្វាមីពកូនខ្ញុំយកទៅបែបនោះ ខ្ញុំចង់តែទៅកញ្ឆក់យកកូនមកវិញ តែក៏មិនអាចធ្វើបានឡើយ ពេលនោះខ្ញុំមានអារម្មណ៍ចង់តែលោតទៅខាំដៃលោកយាយឱ្យព្រលែងដៃចេញពីកូនរបស់ខ្ញុំមែនទែន” ឡូរ៉ា ហ្រ្គេស វេលដន និយាយ។

បន្ទាប់ពីនាងបានកូនមកវិញ កូនរបស់នាងក៏មានស្លាកស្នាមនៅលើផ្ទៃមុខបាត់ទៅហើយ នាងប្រញាប់បីកូនចូលទៅក្នុងបន្ទប់គេងផ្ទាល់ខ្លួនភ្លាមតែម្តង។ ប្តីរបស់នាង និងអ្នកជំនួយការគ្រូពេទ្យបើកទ្វាបន្ទប់ឡើងយឺតៗ ចូលទៅមើលនាង ព្រោះយល់ពីអារម្មណ៍របស់នាងថា នាងមានអារម្មណ៍យ៉ាងណា គេជួយលួងលោមនាងថា គួរតែទប់ទល់នឹងស្ថានការណ៍បែបនេះយ៉ាងណា។

ឡូរ៉ា ហ្រ្គេស វេលដន អ្នកម្តាយកូន 3 ម្នាក់នេះនៅបានប្រាប់ទៀតថា មិនមែនត្រឹមតែរឿងសុវត្ថិភាពរបស់ទារកដែលអាចកើតការឆ្លងមេរោគនោះទេ តែវាជារឿងអារម្មណ៍របស់អ្នកម្តាយក្រោយពេលប្រសូតទៀតផងដែលមានផលប៉ះពាល់។ អ្នកម្តាយក្រោយពេលប្រសូតមួយចំនួនមានអាការនឿយល្វើយ និងមានអារម្មណ៍សោកសៅបន្ទាប់ពីប្រសូតរួច ហើយនៅពេលជួបនឹងហេតុការណ៍បែបនេះរឹតតែហុចផលប៉ះពាល់ដល់ផ្លូវចិត្តធ្វើឱ្យកាន់តែយ៉ាប់យ៉ឺនជាងមុនទៅទៀត។

ដូច្នេះហើយទើបឡូរ៉ាចង់មនុស្សម្នាទាំងឡាយបានដឹងពីអារម្មណ៍ និងសុជីវធម៌ក្នុងការទៅសួរសុខទុក្ខទារកក្រោយពេលប្រសូតដែលនៅមិនទាន់បាន 1 សប្តាហ៍នោះថា តើអ្នកម្តាយមានអារម្មណ៍ដូចម្តេច និងបាននាំគ្នាប្រយ័ត្នប្រយែងខ្លាំងជាងនេះហ្នឹងឯង៕

Advertisement