គន្លឹះ​ថែរក្សា​សុខភាព​ក្នុងពេល​ធ្វើដំណើរ​កម្សាន្ត

អ្នក​ដែល​ត្រូវ​ធ្វើដំណើរ​កម្សាន្តឆ្ងាយៗ ជាទូទៅ​រមែង​រអ៊ូ​ដាក់ខ្លួន​ឯង​ថា ត្រូវ​ជួប​បញ្ហា​គ្រប់ជំពូក​គ្រប់​ហេតុ​ម្ដង​ហើយ​ម្ដងទៀត បញ្ហា​ទាំងនោះ​មិនមាន​ច្រើន​ប៉ុន្មាន​ទេ គ្រាន់តែ​អ្នក​មិនសូវ​បាន​យកចិត្តទុកដាក់ និង​ដោះស្រាយ​បញ្ហា​សុខភាព​ដោយ​ខ្លួន​អ្នក​ផ្ទាល់។ ដូច្នេះ​ការធ្វើដំណើរ​កម្សាន្ត ដើម្បី​ថែរក្សា​សុខភាព និង​បញ្ហាឈឺ​ថ្កាត់​មួយចំនួន អ្នក​គួរតែ​ត្រៀមខ្លួន​ជាមុន មុនពេល​ចេញដំណើរ រួមទាំង​ត្រូវ​ប្រុងប្រយ័ត្ន​ការទទួល​ទាន​អាហារ សម្ភារ​ប្រើប្រាស់ ថ្នាំសង្កូវ សម្លៀកបំពាក់ និង​ថវិកា​ជាដើម។ ដោយឡែក​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​នេះ ទស្សនា​វ​ដ្តី ឡា​រ៉ែ​នសូម​ចែករំលែក​នូវ​វិធី​ទប់​ស្កាល់​ការឈឺចាប់​នានា មុនពេល​ធ្វើដំណើរ​កម្សាន្តឆ្ងាយៗ ជូន​ដល់​ប្រិយមិត្ត​អ្នកអាន​ទាំងអស់​បាន​ត្រៀមខ្លួន និង​បង្ការ​ទុកជាមុន​ដូចខាងក្រោម​នេះ។

1-ឈឺចង្កេះ
មុនពេល​ធ្វើដំណើរ​មិនថាតែ​ទៅ​កម្សាន្ត​ផ្លូវ​ឆ្ងាយ ឬ​ទៅធ្វើ​ការងារ​រយៈពេលយូរៗនោះទេ ប្រសិនបើ​អាច​ផ្ញើ​សម្ភារ​ទៅមុន ក៏​ប្រញាប់​ផ្ញើ​ទៅមុន​ក៏បាន​ដែរ ព្រោះថា​ខណៈនោះ​អ្នក​មិនបាច់​ត្រូវ​នឿយហត់​នឹង​ការលើក​របស់ធ្ងន់ៗ ជាហេតុ​បណ្ដាលឱ្យ​ឈឺចង្កេះ។ ក្នុងអំឡុងពេល​ធ្វើដំណើ​រ អ្នក​ត្រូវ​ឧស្សាហ៍​ក្រោក ឬ​ពត់​ពែន​ខ្លួន​នៅ​កន្លែង​អង្គុយ ដើម្បីឱ្យ​យឺត​សរសៃ មិន​ស្ពឹក​ស្រពន់ ជាពិសេស​បើ​អាកាសធាតុ​ត្រជាក់ ក៏ត្រូវ​ឧស្សាហ៍​ពត់​ពែន​ខ្លួន​ផងដែរ។ ខណៈ​ដើរ​កម្សាន្ត​ផ្លូវ​ឆ្ងាយ មិនត្រូវ​ជ្រើស​យក​គ្រែ​គេង​ដែលមាន​ពូក​ទន់​ពេក​នោះទេ ព្រោះ​ការ​សម្រាក​ទម្រេត​រាងកាយ មិន​ប្រកបដោយ​សភាវៈ​ត្រឹមត្រូវ​អាច​បណ្ដាលឱ្យ​អ្នក​ឈឺចង្កេះ​បាន អ្នក​គួរតែ​សម្រាក​នៅលើ​គ្រែ​ធម្មតា ឬ​មិនមាន​ពូក​ជាមុនសិន។

2-អាការ​ឈឺពោះ ហើមពោះ ចុក​ឆ្អល់
មុនពេល​ធ្វើដំណើរ​មួយថ្ងៃ ឬ​ពីរ​ថ្ងៃ គឺ​តម្រូវឱ្យ​ទទួលទាន​ទឹកដោះគោ​ជូរ ដែលមាន​ប្រូ​បាយ​អូ​ទិ​កស៍ ព្រោះ​វា​ជួយ​ឱ្យ​អាស៊ីត​ក្រពះ និង​ខ្យល់​នៅក្នុង​ពោះវៀន​ដំណើរការ​ស្រួល ព្រមទាំង​ជំនួយ​ដល់​ការរំលាយ​អាហារ​ផងដែរ។ ប្រសិនបើ​អ្នក​ដែលមាន​អារម្មណ៍​មិនសូវ​ស្រួល​ពោះ នៅពេល​ធ្វើដំណើរ​ សូម​ណែនាំ​ឱ្យ​ត្រៀម​នូវ​ថ្នាំ​កាបូន ដែលមាន​គ្រាប់​ពណ៌ខ្មៅៗ ដែលមាន​លក់​នៅតាម​បណ្ដា​ឱសថស្ថាន​នានា ដាក់​ជាប់​តាម​ខ្លួន ព្រោះ​វា​អាចជួយ​សម្រួល​ស្ថានការណ៍​ឈឺពោះ​បានជា​បណ្ដោះអាសន្ន។ នៅពេល​ទៅដល់​ទីតាំ​សំចតនីមួយៗ អ្នក​ត្រូវ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន ហើយ​ត្រូវ​ទទួលទាន​បន្លែ​ផ្លែឈើ​ណា​ដែលមាន​សារជាតិ​អាហារ​កាក​សរសៃ​ឱ្យបាន​ច្រើន ដើម្បី​ជំនួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។

3-ការឡើង​ទម្ងន់
ខណៈ​ធ្វើដំណើរ​សូមកុំ​ទិញ​របស់​ញ៉ាំ​ដាក់​ជាប់​តាម​ខ្លួន​ច្រើនពេក ព្រោះ​វា​អាច​បណ្ដាលឱ្យ​អ្នកមាន​អារម្មណ៍​ភ្លើតភ្លើន​ចង់តែ​ញ៉ាំ​មិន​ឈប់ និង​ញ៉ាំ​ឱ្យ​ទាល់តែ​អស់។ មុនពេល​ចេញដំណើរ​ត្រូវ​ទទួលទាន​ទឹក​មួយ​កែវ​មុន​ទៅ​ទទួលទាន​អាហារផ្សេងៗ ព្រោះ​ទឹក​អាចជួយ​បំពេញ និង​ចម្អែត​ក្រពះ​មុន​ទទួលទាន​អាហារផ្សេង។ នៅពេល​ទៅដល់​គោលដៅ​សំចតនីមួយៗ កុំ​ប្រញាប់​សំដៅ​ទៅកាន់​កន្លែង​លក់​អាហារ អ្នក​គួរតែ​សំដៅ​ទៅរក​បន្ទប់ទឹក ឬ​កន្លែង​សម្រាក​ជាមុនសិន ដើម្បី​បំបាត់​ភាព​នឿយហត់​មុន​ទទួលទាន​អាហារ។

4-ការពារ​រោគ និង​ជំងឺ
នៅមុន​ពេលធ្វើ​ដំណើរ អ្នក​គួរតែ​ចាក់​ថ្នាំ​ការពារ​ជំងឺ និង​ចាក់​វាក់​សាំង​ការពារ​ជំងឺ​ជាដើម។ អ្នក​ត្រូវ​ត្រៀម​ថ្នាំ​ដាក់​តាម​ខ្លួន​ដូចជា ថ្នាំ​ផ្ដា​យ​សាយ ថ្នាំ​ប្រឆាំង​មេរោគ ថ្នាំ​បំបាត់​ការឈឺចាប់ ថ្នាំពុល​ឡាន ថ្នាំ​ព្យាបាល​ជំងឺ​ប្រចាំកាយ អាល់កុល ថ្នាំ​លាង​របួសប្រេងកូឡា ជាពិសេស​គឺ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល​តែម្តង ដើម្បី​ជួយ​ដោះ​ទាល់​ពេលដែល​អ្នក​កើតមាន​ជំងឺ​ជាបន្ទាន់​នៅក្នុង​ដំណើរ​កម្សាន្ត​របស់​អ្នក។អ្នក​គួរតែមាន​ថ្នាំលាប​ការពារ​សត្វ​មូស ឬ​សត្វល្អិត​ខាំ​ជាដើម និង​ត្រូវ​ត្រៀម​ឆ័​ត្រ អាវដៃវែង កន្សែងក្រាស់ៗ ដើម្បី​ការពារ​អាកាសធាតុ​នៅតាម​តំបន់ផ្សេងៗផងដែរ៕

Advertisement