បាតុករ​ប្រឆាំង​រដ្ឋប្រហារ​​យោធា​នៅ​មី​យ៉ាន​ម៉ា ចាប់ផ្ដើម​បង្ហាញ​សញ្ញា​យក​គំរូ​តាម​បាតុករ​ថៃ

មនុស្ស​ប្រមាណ 200 នាក់ ដែលជា​និស្សិត និង​គ្រូបង្រៀន​នៅ​សាកលវិទ្យាល័យ Dagon នៃ​ទីក្រុង Yangon របស់​មី​យ៉ាន​ម៉ា នាំគ្នា​ចេញ​ធ្វើបាតុកម្ម​ប្រឆាំងនឹង​អំពើ​រដ្ឋប្រហារ​របស់​ក​ង​ទ័ព​ដែល​បាន​ដណ្ដើម​អំណាច​ពី​រដ្ឋាភិបាល​របស់លោក​ស្រី Suu Kyi។

នៅក្នុង​បាតុកម្ម​នា​ថ្ងៃទី 5 កុម្ភៈ​នេះ គេ​ឃើញ​ក្រុម​គ្រូបង្រៀន​ចង​ក្រណាត់​ក្រហម​នៅលើ​ដៃ ដែលជា​ពណ៌​របស់​គណ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតី (NLD) របស់លោក​ស្រី Aung San Suu Kyi ខណៈដែល​ក្រុមនិស្សិត​លើក​ម្រាមដៃ​ចំនួន 3 ស្រែក​ហ៊ោ​ថា «អ្នក​ម្ដាយ Suu អមត!» (ទម្លាប់​របស់​ពលរដ្ឋ​មី​យ៉ាន​ម៉ា​មួយចំនួន ដែល​តែង​ហៅ​លោកស្រី Suu Kyi បែបនេះ)។ នេះ​គឺជា​សញ្ញា​មួយចំនួន​ដែល​បង្ហាញថា ជា​ការយក​គំរូ​តាម​បាតុករ​នៅ​ប្រទេស​ថៃ។

ក្រុមបាតុករ​មី​យ៉ាន​ម៉ា បាន​ហែ​ក្បួន​ព័ទ្ធជុំវិញ​ទីលាន​របស់​សាកលវិទ្យាល័យ Dagon និង​បាននាំគ្នា​ស្រែកច្រៀង​ចម្រៀង​បដិវត្ត​ដ៏​ល្បីឈ្មោះ។

«ក្នុងនាម​ជា​ពលរដ្ឋ​ម្នាក់ ខ្ញុំ​មិន​ទទួលយក​ការធ្វើ​រដ្ឋប្រហារ​យោធា​បែបនេះ។ យើង​ត្រូវតែ​ប្រឆាំងនឹង​អំពើ​កៀបសង្កត់​នេះ» គ្រូបង្រៀន​ឈ្មោះ Win Win Maw និយាយ​ដូច្នេះ ខណៈដែល​និស្សិត​ឈ្មោះ Min Sithu អះអាងថា៖ «យើង​នឹងមិន​បណ្ដោយឱ្យ​ជំនាន់​របស់​យើង ត្រូវ​រស់​ក្រោម​រដ្ឋអំណាច​យោធា​បែបនេះ​ជាដាច់ខាត»។

បាតុកម្ម​ខាងលើ​បានកើត​ឡើង បន្ទាប់ពី Win Htein ដែលជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​បក្ស NLD និង​ជំនួយការ​សំខាន់​របស់​លោកស្រី Suu Kyi ត្រូវបាន​ចាប់ខ្លួន។

ចលនា​ប្រឆាំង​ដែលមាន​ឈ្មោះថា «Myanmar Civil Disobedience Movement» បាន​អំពាវនាវ​នៅលើ​បណ្ដាញ​សង្គម​ឱ្យ​ប្រជាជន​សម្ដែង​ការជំទាស់​នឹង​រដ្ឋប្រហា​រ​យោធា ដោយ​ការ​គោះ​ឆ្នាំង ឬ​ខ្ទះ​ជា​រៀងរាល់​យប់។

សូម​រំលឹកថា កងទ័ព​មី​យ៉ាន​ម៉ា បានធ្វើ​រដ្ឋប្រហារ​យោធា ដែល​ចាប់ផ្ដើម​ដោយ​ការចាប់​ឃុំខ្លួន​លោកស្រី Suu Kyi និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយចំនួន​របស់​រដ្ឋាភិបាល​ស៊ីវិល ក្រោយពី​អាជ្ញាធរ និង​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត បាន​បដិសេធ​ការតវ៉ា​របស់​កងទ័ព ស្ដីអំពី​បញ្ហា​លួច​បន្លំ​សន្លឹកឆ្នោត​នៅក្នុង​ការបោះឆ្នោត​សភា​កាលពី​ចុងឆ្នាំ 2020។ កងទ័ព និង​ប៉ូលិស ក្រោយមក​ក៏បាន​ចោទប្រកាន់​លោកស្រី Suu Kyi ថា បាន​នាំចូល​ដោយ​ខុសច្បាប់​នូវ​វិទ្យុទាក់ទង និង​បានសម្រេច​ឃុំខ្លួន​លោកស្រី​រហូតដល់​ថ្ងៃទី 15 កុម្ភៈ ដើម្បី​បន្ត​ស៊ើបអង្កេត។

សមាគម​ជំនួយ​អ្នកទោសនយោបាយ​របស់​មី​យ៉ាន​ម៉ា (AAPP) កាលពី​ថ្ងៃទី 4 កុម្ភៈ បានឱ្យដឹងថា មនុស្ស​ប្រមាណ​ជា 147 នាក់ ត្រូវបាន​ចាប់ឃុំខ្លួន បន្ទាប់ពី​មាន​រដ្ឋប្រហារ ក្នុងនោះ​ក៏មាន​ក្រុម​សកម្មភាព តំណាងរាស្ត្រ និង​មន្ត្រី​ក្នុង​រដ្ឋាភិបាល​របស់លោក​ស្រី Suu Kyi ផងដែរ៕

ប្រភព៖ AFP, RT

Advertisement