ធ្លាក់​យន្តហោះ​នៅ​អាមេរិក ចំ​ថ្ងៃ​​លោក​ Biden ស្បថ​ឡើង​កាន់​តំណែង! ទាហាន 3នាក់​បាត់​បង់ជីវិត

នៅ​យប់​ថ្ងៃទី 20 ខែមករា (នៅ​អាមេរិក) ឧទ្ធម្ភាគចក្រ​មួយគ្រឿង​របស់​កងកម្លាំង​ឆ្មាំ​ការពារជាតិ​សហរដ្ឋ​អាមេរិក បាន​ធ្លាក់​នៅពេល​កំពុង​បំពេញបេសកកម្ម​ហ្វឹកហាត់​តាម​ធម្មតា​របស់ខ្លួន​នៅ​ជាយក្រុង New York បណ្ដាលឱ្យ​ទាហាន​ចំនួន 3 នាក់​បាន​ស្លាប់។

CNN បាន​ដឹក​ស្រង់​ប្រភពព័ត៌មាន​ពី​ការិយាល័យ​យោធា និង​កងទ័ពជើងទឹក​នៃ​រដ្ឋ New York ឱ្យដឹងថា ករណី​គ្រោះ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នេះ​កើតឡើង​នៅក្នុង​ទីរួមស្រុក Mendon ដែលមាន​ចម្ងាយ​ប្រហែល 27 គីឡូម៉ែត្រ​ទៅ​ទិស​ខាងត្បូង​នៃ​ទីក្រុង Rochester។

យោងតាម​អធិការដ្ឋាន​នគរបាល​នៃ​តំបន់ Monroe ឧទ្ធម្ភាគចក្រ​ដែល​ជួប​គ្រោះថ្នាក់​នេះ​គឺជា​ប្រភេទ UH-60 ប្រើប្រាស់​សម្រាប់​ជម្លៀស​ផ្នែក​សុខាភិបាល។ UH-60 បាន​ធ្លាក់​ទៅលើ​វាលស្រែ​ស្ងាត់​មួយ​នៅវេលា​ម៉ោង 6 និង 32 នាទី​ល្ងាច ថ្ងៃទី 20 មករា។

ឧទ្ធម្ភាគ​ចក្រ​ប្រភេទ​ UH-60

ព័ត៌មាន​ដែល​ទទួលបាន​ពី​ការហៅ​ទូរស័ព្ទ​មកកាន់​លេខ 911 បានឱ្យដឹងថា មុនពេល​ធ្លាក់ ឧទ្ធម្ភាគចក្រ​នេះ​បាន​ហោះ​ក្នុង​កម្ពស់​ទាប និង​មាន​របាយការណ៍​អំពី​បញ្ហា​ម៉ាស៊ីន​ផងដែរ នេះ​បើតាម​ការ​ឱ្យដឹងពី​អាជ្ញាធរ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ព្រលប់​ថ្ងៃទី 20 ខែមករា។

អធិការដ្ឋាន​នគរបាល​ខាងលើ​ក៏បាន​ឱ្យដឹងថា ក្រុម​ពន្លត់​អគ្គិភ័យ ប៉ូលិស​ថ្នាក់​រដ្ឋ និង​តំណាង​កងទ័ព ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ។ ឧទ្ធម្ភាគចក្រ​នេះ​កំពុង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅពេល​ក្រុម​អ្នក​ជួយសង្គ្រោះ​ដំបូង​បាន​ទៅដល់។

បច្ចុប្បន្ន ផ្លូវ​ដែល​នៅក្បែរ​កន្លែងកើតហេតុ ត្រូវបាន​បិទ​ការចេញចូល​ជា​បណ្ដោះអាសន្ន ដើម្បី​ទុកឱ្យ​សមត្ថកិច្ច​ធ្វើការ។

ទិដ្ឋ​ភាព​នៃ​ការ​ធ្លាក់​ឧទ្ធភាគ​ចក្រ​

Andrew Cuomo អភិបាលរដ្ឋ New York បានប្រកាសថា៖ «ក្រុម​ឆ្មាំ​ការពារជាតិ​គឺជា​ក្រុម​ទាហាន​របស់​ប្រជាជន ជា​ក្រុមមនុស្ស​ដែល​ស្ម័គ្រចិត្ត​បម្រើ និង​ការពារ​ប្រទេសជាតិ។ ខ្ញុំ​ជំនួសមុខ​ឱ្យ​ប្រជាជន New York សូម​ផ្ញើ​សេចក្ដី​បួងសួង និង​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​សព អ្នកជា​ទីស្រលាញ់ និង​មិត្ត​រួម​ក្រុម​របស់​អ្នកក្លាហាន​ដ៏​គួរឱ្យ​គោរព​ទាំងនេះ ពួកគេ​គឺជា​មនុស្ស​ដែល​យើង​នឹងមិន​បំភ្លេចចោល​ឡើយ»។

អភិបាលរដ្ឋ​ខាងលើ​ក៏បាន​បញ្ជា​ឱ្យ​បង្ហូតទង់ជាតិ​ពាក់កណ្ដាល​ដង​នៅលើ​អគារ​ទាំងអស់​របស់រ​ដ្ឋ New York នៅ​ថ្ងៃទី 21 ខែមករា​នេះ ដើម្បី​គោរព និង​ផ្ដល់​កិត្តិយស​ដល់​ទាហាន​រងគ្រោះ​ទាំងនេះ។

ការិយាល័យ​យោធា និង​កងទ័ពជើងទឹក​របស់​រដ្ឋ New York បាន​បញ្ជាក់ថា ការ​ណី​គ្រោះថ្នាក់​នេះ​កំពុង​ត្រូវបាន​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់៕

ប្រភព៖ CNN

Advertisement