រដ្ឋ​ទាំង 50 របស់​អាមេរិក បានទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត

រដ្ឋទាំង 50 របស់អាមេរិក បានទទួលស្គាល់លទ្ធផលបោះឆ្នោត

រដ្ឋ​ទាំង 50 និង​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន នៃ​សហរដ្ឋអាមេរិក បានទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត ខណៈដែល​ក្រុម​តំណាង​ម្ចាស់ឆ្នោត​នឹងធ្វើ​ការជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ដើម​សប្ដាហ៍​ក្រោយ។

West Virginia កាលពី​ថ្ងៃទី 9ធ្នូ បាន​ក្លាយជា​រដ្ឋ​ចុងក្រោយ​គេ​ដែល​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ដោយបាន​ប្រកាស​ជា​ផ្លូវការ​ថា ប្រធានាធិបតី Donald Trump ទទួលបាន 5សំឡេង​នៃ​តំណាង​ម្ចាស់ឆ្នោត​របស់​រដ្ឋ​នេះ។

ប្រធានាធិបតី​ជាប់ឆ្នោត Joe Biden ត្រូវបាន​គេ​ព្យាករ​ថា ទទួលបាន 306សំឡេងឆ្នោត​នៃ​ក្រុម​តំណាង​ម្ចាស់ឆ្នោត ខណៈដែល​លោក Trump ត្រូវបាន​ព្យាករ​ថា ទទួលបាន 232សំឡេង។ បេក្ខភាព​ប្រធានាធិបតី ត្រូវការ​សំឡេងឆ្នោត​នៃ​ក្រុម​តំណាង​ម្ចាស់ឆ្នោត​យ៉ាងតិច 270សំឡេង​នៅក្នុង​ចំណោម 538សំឡេង ទើប​ក្លាយជា​ប្រធានាធិបតី។

ការទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ខាងលើ ត្រូវបានធ្វើ​ចប់សព្វគ្រប់ ខណៈដែល​លោក Trump ធ្វើការ​ចោទប្រកាន់​ជា​បន្តបន្ទាប់​ថា មាន​ការលួចបន្លំ​សន្លឹកឆ្នោត​ក្នុង​ទ្រង់ទ្រាយ​ធំ ប៉ុន្តែ​មិនបាន​បង្ហាញ​ភ័ស្តុតាង​ជាក់លាក់។ ក្រុម​របស់លោក Trump បានដាក់​ពាក្យបណ្ដឹង​រាប់សិប​លើក ដើម្បី​ជំទាស់​នឹង​លទ្ធផល​បោះឆ្នោត ក៏ប៉ុន្តែ ពាក្យបណ្ដឹង​ជាច្រើន​ត្រូវបាន​ច្រានចោល​នៅ​ថ្នាក់​រដ្ឋ និង​ថ្នាក់ជាតិ។

កាលពី​ថ្ងៃទី 4ធ្នូ រដ្ឋ Texas បានដាក់​ពាក្យបណ្ដឹង​ឡើង​តុលាការ​កំពូល ដោយ​ពន្យល់ថា តំណាង​ម្ចាស់ឆ្នោត​នៃ​បណ្ដា​រដ្ឋ Georgia, Michigan, Pennsylvania និង Wisconsin មិនគួរ​ត្រូវបាន​អនុញ្ញាតឱ្យ​បោះឆ្នោត ព្រោះថា​រដ្ឋ​ទាំងនេះ​បាន​ផ្លាស់ប្ដូរ​នីតិវិធី​បោះឆ្នោត​ដោយ​អធម្មនុញ្ញភាព​នៅក្នុង​វិបត្តិ​សុខភាព​ដើម្បី​អនុញ្ញាតឱ្យ​មានការ​កើនឡើង​នៃ​សន្លឹកឆ្នោត​ដែល​បោះ​តាម​ប្រៃសណីយ៍។ រដ្ឋ Texas ក៏បាន​ស្នើឱ្យ​តុលាការ​កំពូល​ពន្យារពេល​ក្នុងការ​ទទួលស្គាល់​ជ័យជំនះ​របស់លោក Biden ពី​សំណាក់​តំណាង​ម្ចាស់ឆ្នោត​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី 14ធ្នូ​ខាងមុខ​ផងដែរ។

បច្ចុប្បន្ន មាន​រដ្ឋ​ចំនួន 17 ដែល​ភាគច្រើន​ដឹកនាំ​ដោយ​បក្ស​សាធារណរដ្ឋ បានដាក់​ពាក្យបណ្ដឹង​គាំទ្រ​ដល់​ពាក្យបណ្ដឹង​របស់​រដ្ឋ Texas។ លោក Trump ក៏បាន​បញ្ជូន​ពាក្យបណ្ដឹង​របស់ខ្លួន​ឡើងទៅ​តុលាការ​កំពូល​ដើម្បី​ស្នើសុំ​ចូលរួម​ក្នុង​រឿងក្ដី​ខាងលើ​នេះដែរ។

រដ្ឋនីមួយៗនៅ​សហរដ្ឋអាមេរិក មាន​នីតិវិធីផ្សេងៗគ្នា​ក្នុងការ​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត ហើយ​រដ្ឋ​មួយចំនួន​ទទួលស្គាល់​សំឡេងឆ្នោត​នៃ​តំណាង​ម្ចាស់ឆ្នោត​ដាច់ដោយឡែក​ពី​លទ្ធផល​នៃ​ការបោះឆ្នោត​របស់​រដ្ឋ និង​មូលដ្ឋាន។ ប៉ុន្តែ រដ្ឋ​មួយចំនួន ក៏មាន​ច្បាប់​ដែល​តម្រូវឱ្យ​ក្រុម​តំណាង​ម្ចាស់ឆ្នោត បោះឆ្នោតឱ្យ​បេក្ខភាព​ដែល​បានទទួល​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​សកល​នៅ​ថ្នាក់​រដ្ឋ ក្នុងនោះ​ក៏មាន​ការកំណត់​ខ្លះ​ដែល​តម្រូវឱ្យ​ពិន័យ ឬ​ដកហូត​តួនាទី​ចំពោះ​តំណាង​ម្ចាស់ឆ្នោត​រូប​ណា​រូប​ណា​ដែល​មិន​គោរព​តាម​ការកំណត់៕

ប្រភព៖ CNN

Advertisement