សារព័ត៌មានចិន ចំអកឱ្យលោក Trump រឿងឆ្លង COVID-19

លោក​ Trump និង​ភរិយា

អគ្គនិពន្ធនាយករបស់សារព័ត៌មាន Global Times យល់ថា លោក Trump និងលោកស្រី Melania បានទទួលផលវិបាក ដោយសារតែបានមើលស្រាល COVID-19 ក្រោយពីលោក Trump និងភរិយា ឆ្លងវីរុស។

“ព័ត៌មាននេះបង្ហាញអំពីកម្រិតធ្ងន់ធ្ងរនៃស្ថានភាពមហារោគរាតត្បាតនៅសហរដ្ឋអាមេរិក។ វានឹងប៉ះពាល់ជាអវិជ្ជមានដល់កិត្តិនាមរបស់ Trump និងទឹកដីសហរដ្ឋអាមេរិក ព្រមទាំងអាចប៉ះពាល់យ៉ាងអាក្រក់ដល់ឱកាសជាប់ឆ្នោតម្ដងទៀតរបស់គាត់” នេះបើតាមអគ្គនិពន្ធនាយក Hu Xinjin មកពីសារការសែត Global Times ដែលស្ថិតក្រោមស្ថាប័នសារព័ត៌មាន People’s Daily របស់ចិន ជាអង្គភាពនាំពាក្យរបស់បក្សកុម្មុយនីស្ដចិន ដែលបានសរសេរនៅលើ Twitter នាថ្ងៃនេះ ទាក់ទិននឹងករណីឆ្លងវីរុសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក និងភរិយា។

ចំណែកសារព័ត៌មាន China Daily ក៏បានវាយតម្លៃទៅលើលទ្ធផលវិជ្ជមានរបស់លោក Trump និងភរិយាថា៖ “ជាការក្រើនរំឭកផ្សេងមួយទៀតថា COVID-19 នៅតែឆ្លងរាលដាល បើទោះជា Trump ខំប្រឹងក្នុងក្ដីអស់សង្ឃឹមដើម្បីបង្ហាញថា វា (COVID-19) លែងនៅជាការគំរាមកំហែងទៀតហើយ”។

អត្ថបទរបស់សារព័ត៌មាន China Daily មានឃ្លាសរសេរថា៖ “ចាប់តាំងពីវីរុសបានចាប់ផ្ដើមឆ្លងរាលដាលកាលពីដើមឆ្នាំ Trump សេតវិមាន និងក្រុមយុទ្ធនាការរបស់លោក បានបន្ទាបកម្រិតនៃការគំរាមកំហែង (របស់ COVID-19) ព្រមទាំងបានបដិសេធការណែនាំជាមូលដ្ឋានរបស់ស្ថាប័នសុខាភិបាល ដែលក្នុងនោះមានដូចជាការណែនាំរបស់អាជ្ញាធរសហរដ្ឋអាមេរិក ឱ្យមានការពាក់ម៉ាស់នៅទីសាធារណៈ និងធ្វើគម្លាតសង្គមជាដើម”។

China Daily បន្តថា៖ “ជំនួសមកវិញ Trump បន្តធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដែលទាក់់ទាញអ្នកគាំទ្ររាប់ពាន់នាក់ចូលរួម។ វីរុសបានធ្វើឱ្យជនជាតិអាមេរិកាំងជាង200,000នាក់បានស្លាប់ និងជាង7លាននាក់បានឆ្លងវីរុស”។

សូមរំឭកថា ថ្ងៃនេះ លោក Trump បានប្រកាសថា លោក និងភរិយា ទទួលបានលទ្ធផលវិជ្ជមានជាមួយនឹងCOVID-19។ លោក Trump សរសេរនៅលើ Twitter ថា៖ “យើងនឹងចាប់ផ្ដើមនៅដាច់ដោយឡែក និងព្យាបាលជាបន្ទាន់។ យើងនឹងឆ្លងផុតបញ្ហានេះជាមួយគ្នា”។

មុននោះ Hope Hicks ដែលជាជំនួយការផ្ទាល់របស់លោក Trump ត្រូវបានរកឃើញថា មានផ្ទុកវីរុសCOVID-19 បន្ទាប់ពីអមដំណើរលោក Trump ទៅកាន់កន្លែងឃោសនារកសំឡេងឆ្នោតមួយនៅក្នុងរដ្ឋ Minnesota។ ទីប្រឹក្សាកំពូលៗដទៃទៀតរបស់លោក Trump ដូចជា Stephen Miller, Dan Scavino និង Jared Kushner (កូនប្រសាររបស់លោក Trump) ក៏បានដើរក្បែរនាង Hope Hicks ដោយពួកគេមិនបានពាក់ម៉ាស់នោះទេ៕

ប្រភព៖ Reuters

Advertisement