កងទ័ពអាហ្សែបែហ្សង់ ចោទកងទ័ពអាមេនី ថា បានបាញ់កាំជ្រូចផ្លោងនៅតំបន់កំពុងប្រយុទ្ធគ្នា ខណៈ​រុស្ស៊ី​និង​បារាំង​អំពាវ​នាវ​ឱ្យ​ឈប់​បាញ់​

ក្រសួងការពារជាតិអាហ្សែបែហ្សង់ (Azerbaijan) បាននិយាយថា កងកម្លាំងប្រដាប់អាវុធដែលគាំទ្រដោយប្រទេសអាមេនី (Armenia) បានបាញ់កាំជ្រួចផ្លោងចំនួន3គ្រាប់ នៅក្នុងសមរភូមិ ប៉ុន្តែពួកវាមិនបានផ្ទុះនោះទេ។

កាលពីថ្ងៃទី30កញ្ញា តំណាងរបស់ក្រសួងការពារជាតិអាហ្សែបែហ្សង់ បានឱ្យដឹងថា៖ “ប្រទេសអាមេនី បានប្រើប្រាស់កាំជ្រួចផ្លោងយុទ្ធសាស្ត្រ Tochka-U នៅក្នុងបន្ទាត់ព្រំដែនជាប់គ្នាជាមួយតំបន់ Nagorno-Karabakh។ ដោយសារភាពមិននឹងន និងគុណភាពអន់នៃអាវុធរបស់សត្រូវ កាំជ្រួចចំនួន3គ្រាប់ដែលត្រូវបានបាញ់ មិនបានផ្ទុះនោះទេ”។

អាហ្សែបែហ្សង់ ក៏បានប្រកាសថា កងទ័ពប្រទេសនេះ ក្រោយមកក៏បានវាយប្រហារតបតទៅលើទីបញ្ជាការមួយរបស់កងកម្លាំងអាមេនីនៅក្នុងភូមិ Agdere ក្នុងតំបន់ Nagorno-Karabakh។ នៅក្នុងសេចក្ដីប្រកាសមួយ ក្រសួងការពារជាតិអាហ្សែបែហ្សង់ ឱ្យដឹងថា៖ “ភាគីសត្រូវ ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរចំពោះកម្លាំងទាហាន ក៏ដូចជាប្រព័ន្ធសព្វាវុធ”។

ទាក់ទងនឹងការចោទប្រកាន់ខាងលើរបស់អាហ្សែបែហ្សង់ កងកម្លាំងដែលស្និទ្ធនឹងអាមេនី នៅតំបន់ Nagorno-Karabakh ក៏បានច្រានចោលទាំងស្រុង។ មន្ត្រីនៅតំបន់ Nagorno-Karabakh បានបង្ហោះសារនៅលើ Facebook ដែលមានខ្លឹមសារថា៖ “ប្រព័ន្ធឃោសនារបស់អាហ្សែបែហ្សង់ ជាថ្មីម្ដងទៀត បានផ្សាយព័ត៌មានមិនពិត”។

នៅក្នុងថ្ងៃទី30កញ្ញាដដែល ក្រសួងការពារជាតិអាមេនី បានប្រកាសថា ខ្លួនបានកម្ទេចរថក្រោះ11គ្រឿង រថពាសដែក9គ្រឿង ប្រព័ន្ធកាំភ្លើងធំ TOS-1 មួយកន្លែង រួមនឹងប្រព័ន្ធអាវុធ BM-27 Uragan និង BM-30 Smerch មួយ​ចំនួន​របស់​កង​ទ័ព​​អាហ្សែបែហ្សង់ផងដែរ។ ភាគីខាងអាហ្សែបែហ្សង់ មិនទាន់បានបញ្ចេញប្រតិកម្មអ្វីទៅនឹងព័ត៌មាននេះនៅឡើយ។

សូមបញ្ជាក់ថា ការប្រយុទ្ធគ្នារវាងអាហ្សែបែហ្សង់ និងអាមេនី នៅក្នុងតំបន់ Nagorno-Karabakh បានឈានចូលដល់ថ្ងៃទី4ហើយ។ ប្រទេសទាំង2 សុទ្ធតែបានប្រកាសរៀងៗខ្លួនថា គូបដិបក្ខបានទទួលរងការខូចខាតធ្ងន់​ធ្ងរ។ អាមេនីឱ្យដឹងថា ទាហាន104នាក់ រួមនឹងជនស៊ីវិល23នាក់របស់ខ្លួន បានបាត់បង់ជីវិត ខណៈ​ដែល​អាហ្សែបែហ្សង់មិនទាន់បានប្រកាសអំពីតួលេខនៃការស្លាប់ដោយសារការប្រយុទ្ធនេះនៅឡើយ។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានអំពាវនាវឱ្យអាមេនី និងអាហ្សែបែហ្សង់ “បញ្ឈប់ការប្រយុទ្ធគ្នាទាំងស្រុង” នៅតំបន់ Nagorno-Karabakh និងប្រើប្រាស់ស្ថាប័នការបរទេសដើម្បីដោះស្រាយជម្លោះ។

យ៉ាងណាក៏ដោយ អាមេនី និងអាហ្សែបែហ្សង់ មិនបានអើពើដល់ការអំពាវនាវរបស់អន្តរជាតិនោះទេ ដែលនេះបានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងចំពោះហានិភ័យដែលថា ជម្លោះនេះក្លាយទៅជាសង្គ្រាមធំ និងនាំឱ្យបណ្ដាប្រទេសមហាអំណាចក្នុងតំបន់ ដូចជាទួរគី និងរុស្ស៊ីជាដើម ចូលធ្វើអន្តរាគមន៍។

តំបន់ Nagorno-Karabakh គឺជាខេត្តមួយរបស់អាហ្សែបែហ្សង់ ក៏ប៉ុន្តែ ប្រជាជនភាគច្រើនគឺជាជនជាតិអាមេនី។ ប្រជាជនទាំងនេះ តែងរកវិធីដើម្បីបំបែកខ្លួនពីអាហ្សែបែហ្សង់ ដើម្បីបង្រួបបង្រួមជាមួយអាមេនី។ បច្ចុប្បន្ន ផ្ទៃដីភាគច្រើននៃតំបន់ Nagorno-Karabakh កំពុងត្រូវបានកងកម្លាំងដែលស្និទ្ធជាមួយនឹងអាមេនី ជាអ្នកកាន់កាប់។

ជម្លោះដណ្ដើមទឹកដីនៅតំបន់ Nagorno-Karabakh បានផ្ទុះឡើង និងបានជាការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក្នុងរយៈពេល6ឆ្នាំរវាងអាហ្សែបែហ្សង់ និងអាមេនី រាប់ចាប់ពីខែកុម្ភៈ1988 ដល់ខែឧសភា1994។ បើទោះជាមានកិច្ចព្រមព្រៀងឈប់បាញ់កាលពីឆ្នាំ1994 រួមនឹងកិច្ចចរចារកសន្តិភាពជាច្រើនលើកផ្សេងទៀតត្រូវបានធ្វើឡើង ការប្រយុទ្ធគ្នារប៉េះរប៉ោះ នៅតែកើតមានឡើងជាហូរហែដដែលនៅក្នុងតំបន់នេះ៕

ប្រភព៖ RIA Novosti

Advertisement