អ្នកវិភាគស្ថានការណ៍ បារម្ភ! ចិនបាញ់មីស៊ីល សម្លុតអាមេរិក អាចក្លាយជាការបញ្ឆេះសង្គ្រាមដោយមិនបានតាំងចិត្ត

សកម្មភាពរបស់ក្រុងប៉េកាំង ដែលបាញ់មីស៊ីលចូលទៅក្នុងសមុទ្រចិនខាងត្បូង អាចនឹងរុញច្រានឱ្យសហរដ្ឋបង្កើនអាវុធមីស៊ីលប្រចាំការកាន់តែច្រើនឡើង និងប្រើគោលជំហរកាន់តែរឹងត្អឹងឡើងជាមួយក្រុងប៉េកាំង បង្កើនភាពប្រថុយប្រថានក្នុងការកើតទំនាស់ប្រដាប់អាវុធឡើងដោយអចេតនា។

ការវាយតម្លៃខាងលើ កើតមានឡើង ក្រោយពីចិនបានបាញ់មីស៊ីលតុងហ្វឹង ប្រកបដោយDF-26B និង DF-21D ដែលមានរហស្សនាមថា “អ្នកពិឃាតនាវាចម្បាំងផ្ទុកយន្តហោះ” ចូលទៅក្នុងទីតាំងមួយ ដែលស្ថិតចន្លោះមណ្ឌលហៃណាន និងបណ្ដុំកោះផារ៉ាសែល កាលពីថ្ងៃពុធ(ទី26សីហា) 1ថ្ងៃក្រោយពីយន្តហោះស៊ើបការណ៍ U-2 របស់សហរដ្ឋអាមេរិក 1គ្រឿង បានហោះចូលទៅតំបន់ហាមហោះហើរ ដោយមិនបានទទួលការអនុញ្ញាត ក្នុងអំឡុងពេលដែលកងទ័ពជើងទឹករបស់ក្រុងប៉េកាំងកំពុងធ្វើសមយុទ្ធក្នុងសមុទ្រពួហៃ ខាងក្រៅត្រើយខាងជើងនៃប្រទេស។

ក្រសួងការពារជាតិសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍(ទី27សីហា) បាននិយាយថា ការបាញ់គ្រាប់មីស៊ីលនោះ បានគំរាមកំហែងសន្តិភាព និងសន្តិសុខក្នុងភូមិភាគ ព្រមទាំងប្រាប់ថា ទង្វើរបស់ក្រុងប៉េកាំង ក្នុងនោះរួមទាំងការសាកល្បងគ្រាប់មីស៊ីលផង គឺជាការបំផ្លិចបំផ្លាញស្ថិរភាពក្នុងស្ថានការណ៍នៅក្នុងសមុទ្រចិនខាងត្បូងកាន់តែខ្លាំងឡើងថែមទៀត។

DF-26 ដែលមានកម្រិតចម្ងាយ 4,000គីឡូម៉ែត្រ អាចបំពាក់បានទាំងក្បាលគ្រាប់នុយក្លេអ៊ែរ ឬក្បាលគ្រាប់ធម្មតា វាយប្រហារគោលដៅបានទាំងនៅលើផ្ទៃដី និងក្នុងសមុទ្រ។ ជាអាវុធហាមឃាត់ ក្រោមសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែកម្រិតមធ្យម ដែលចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងសហភាពសូវៀត មុនចប់សង្គ្រាមត្រជាក់ និងនៅពេលដែលសហរដ្ឋអាមេរិក ដកខ្លួនចេញពីសន្ធិសញ្ញានោះ កាលពីឆ្នាំទៅ ពួកគេអាងលើការអភិវឌ្ឍអាវុធទាំងនោះរបស់ចិន ដើម្បីភាពត្រឹមត្រូវរបស់ពួកគេក្នុងការដកខ្លួន។

ចំណែក DF-21 មានកម្រិតចម្ងាយប្រមាណ 1,800គីឡូម៉ែត្រ ដែលសារព័ត៌មានចិនធ្លាប់បានបញ្ជាក់ថា មីស៊ីល DF-21 ដែលជាម៉ូដែលទាន់សម័យបំផុតនេះ គឺជាមីស៊ីលតតាំងនាវាចម្បាំងផ្ទុកយន្តហោះ ដំបូងគេក្នុងពិភពលោក។

មួយទៀត ទាំង DF-26 និង DF-21 សុទ្ធតែមានសក្ដានុពលក្នុងការវាយប្រហារកងនាវាផ្ទុកយន្តហោះចម្បាំងទាំងអស់។

លោក ដេរេក ក្រូស្ម៊ែន អ្នកជំនាញការផ្នែកសន្តិសុខ នៃស្ថាប័នវិភាគ Rand របស់សហរដ្ឋអាមេរិក មើលឃើញថា ការបាញ់មីស៊ីលនេះ រឹតតែធ្វើឱ្យសហរដ្ឋអាមេរិកលែងទុកចិត្តចេតនារម្មណ៍របស់ចិនកាន់តែខ្លាំងឡើង ហើយក្រុងវ៉ាស៊ីនតោន នឹងលើកកម្ពស់គោលជំហរដែលមានចំពោះក្រុងប៉េកាំងកាន់តែខ្លាំងក្លាឡើងលើគ្រប់វិស័យ ទាំងក្នុងខាងការទូត សេដ្ឋកិច្ច និងសន្តិសុខ។

លោកថ្លែងថា “វាដូចជាមិនអាចទៅរួចទេ ដែលសហរដ្ឋអាមេរិកនឹងចុះញ៉ម ដោយសារតែពេលនេះ គ្រប់ការព្យាយាមរបស់រដ្ឋបាល គឺតស៊ូ និងតតាំងទៅចិនវិញ ទាំងក្នុងកម្រិតភូមិភាគ និងពិភពលោក យ៉ាងណាក៏ដោយ វាមានភាពអាចទៅរួចកាន់តែខ្លាំងឡើង ដែលអាចកើតមានការប្រយុទ្ធគ្នាដោយអាវុធ ដោយសារតែការគណនាខុសឆ្គង”

ទោះជាលោកក្រូស្ម៊ែន ប្រាប់ថា សង្គ្រាមរវាងចិននឹងអាមេរិក នៅតែមិនអាចទៅរួចក្ដី តែលោកបានព្រមានថា វាមានឱកាសក្នុងការគណនាខុសឆ្គង។ លោកថា “បើចិនបាញ់មីស៊ីល DF-21 ម្ដងទៀត ហើយវាទៅកាន់តែជិតក្បែរនាវាចម្បាំងផ្ទុកយន្តហោះរបស់អាមេរិក ដែលកំពុងបណ្ដែតខ្លួននៅក្នុងភូមិភាគនោះ ទាហានអាមេរិកអាចឆ្លើយតបវិញដោយកម្លាំង ព្រោះគិតថា មីស៊ីលទាំងនោះ គឺជាការបាញ់ខុសគោលដៅ”។ លោកក្រូស្ម៊ែន បានបញ្ជាក់ថា “ហើយស្ថានការណ៍ អាចនឹងរាលដាលធំឡើងពីចំណុចត្រង់ហ្នឹង”

ចំណែកលោក ឈឹន កាំង ជំនួយការអគ្គនាយកស្ថាប័នអាស៊ីខាងកើត នៃមហាវិទ្យាល័យជាតិសិង្ហបុរី បានផ្ដល់ការយល់ឃើញថា ការដែលចិនបាញ់មីស៊ីលចូលទៅក្នុងសមុទ្រចិនខាងត្បូង ជាទីតាំងដែលកំពុងមានភាពផុយស្រួយ រឹតតែជំរុញឱ្យសហរដ្ឋអាមេរិកដាក់អាវុធមីស៊ីលប្រចាំការកាន់តែច្រើនឡើង។ លោកថ្លែងថា “ចិនអួតមីស៊ីលម៉ូដែល DF ក្នុងពិធីព្យុហយាត្រាខាងយោធាកាលពីពេលកន្លងៗមកនៅក្នុងក្រុងប៉េកាំង ហើយការបាញ់ពីទីតាំងដ៏ឆ្ងាយលើកនេះ គឺជាការបង្ហាញឱ្យឃើញថា វាមិនមែនជារបស់លេង ដែលចេះតែនាំយកមកតាំងបង្ហាញទេ”

ការបាញ់មីស៊ីលនាពេលថ្មីៗបំផុតរបស់ចិននេះ កើតឡើងក្នុងខណៈដែលសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងចិន កំពុងធ្លាក់ចុះទៅរកកម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ ដោយទាំង 2ភាគី បានបើកឆាកសង្គ្រាមប្រឈមមុខដាក់គ្នាលើគ្រប់ផ្នែក ទាំងផ្នែកពាណិជ្ជកម្ម យោធា និងនយោបាយ៕

ប្រភព៖សាព័ត៌មានបរទេស

Advertisement