ចិន​ដាក់​ទណ្ឌ​កម្ម​មន្ត្រី​អាមេរិកាំង​ចំនួន​11​រូប​ ដើម្បី​សង​សឹក​​

ចិន​ដាក់​ទណ្ឌ​កម្ម​មន្ត្រី​អាមេរិកាំង​ចំនួន​11​រូប​ ដើម្បី​សង​សឹក​​
អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​ លោក Zhao Lijian

ក្រសួង​ការ​បរទេស​ចិន​បាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​តំណាង​រាស្ត្រ​2​រូប​មក​ពី​សភា​ជាន់​ខ្ពស់​ រួម​នឹង​មន្ត្រី​អាមេរិកាំង​ចំនួន​9​រូប​ផ្សេង​ទៀត​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​ លោក Zhao Lijian​ បាន​ឱ្យ​ដឹង​ថា​ បទ​បញ្ជាដាក់​ទណ្ឌកម្ម​នេះ​សំដៅ​ទៅ​លើ​មន្ត្រី​អាមេរិកាំង​ចំនួន​11​រូប​​ ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​ដែលទីក្រុង​វ៉ាស៊ីង​តោន​បាន​ដាក់​ទណ្ឌកម្ម​ទៅលើ​លោក​ស្រី​ Carrie Lam ដែលជា​ប្រធាន​តំបន់​ពិសេស​ហុង​កុង​ រួម​ជាមួយ​នឹង​មន្ត្រី​10​រូប​ផ្សេង​ទៀត​នៅ​ទីក្រុង​នេះ​ និង​នៅ​ប្រទេស​ចិន​ដី​គោក។

ក្រុម​មន្ត្រី​អាមេរិកាំង​ដែល​ត្រូវ​បាន​ប្រទេស​ចិន​ដាក់​ទណ្ឌកម្ម​លើក​នេះ​ មាន​ដូច​ជា​សមាជិក​សភា​ជាន់​ខ្ពស់​ Ted Cruz និង​ Marco Rubio រួម​នឹង​​ប្រធាន​អង្គ​ភាព​តាម​ដាន​បញ្ហា​សិទ្ធិ​មនុស្ស​ Kenneth Roth និង​លោក​ Michael Abramowitz ដែលជា​ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ Freedom House។​ នេះ​បើតាម​សម្ដី​របស់​លោក Zhao Lijian​ ដែល​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​​នា​​ថ្ងៃ​នេះ​នៅ​រដ្ឋធានី​ប៉េកាំង​។

លោក Zhao Lijian​ បាន​ប្រកាស​ថា “ដើម្បី​ឆ្លើយតប​ទៅនឹង​ឥរិយាបថ​ខុស​ឆ្គង​របស់​សហរដ្ឋអាមេរិក​ ប្រទេស​ចិន​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ទៅលើ​បុគ្គល​ដែល​បាន​ធ្វើ​សកម្ម​ភាព​មិន​ល្អ​នៅក្នុង​បញ្ហា​ដែល​ទាក់ទិន​នឹងហុងកុង​”។

សមាជិក​សភា​ជាន់​ខ្ពស់​អាមេរិកាំង​ លោក សមាជិក​សភា​ជាន់​ខ្ពស់​ Ted Cruz

សូម​រំឭក​ថា កាល​ពី​ពេល​ថ្មី​ៗ​នេះ ទីក្រុង​ប៉េកាំង​ក៏​ធ្លាប់​បាន​ប្រកាស​ដាក់​ទណ្ឌ​កម្ម​លើ​លោក Cruz និង​លោក​ Rubio រួម​នឹង​ក្រុម​មន្ត្រី​អាមេរិកាំង​មួយ​ចំនួន​ផ្សេង​ទៀត​ផងដែរ​ ក្រោយ​ពី​ទីក្រុង​វ៉ាស៊ីង​តោន​បាន​ដាក់​ទណ្ឌ​កម្ម​លើ​មន្ត្រី​ចិន​​ដោយ​ចោទ​ថា “រើស​អើង​” ចំពោះ​ជនជាតិ​អ៊ុយ​ហ្គួនៅតំបន់​ស៊ីន​ជាំង​។

ការ​ដាក់​ទណ្ឌកម្ម​ពី​សំណាក់​ទីក្រុង​ប៉េកាំង​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយពី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃទី​7សីហា បាន​ប្រកាស​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ​ប្រធានតំបន់​ពិសេស​ហុង​កុង​ លោក​ស្រី​ Carrie Lam រួម​ជាមួយ​នឹង​មន្ត្រី​ហុង​កុងនិង​មន្ត្រី​ចិន​ដីគោក​ចំនួន​​10​រូប​ផ្សេង​ទៀត​ ដោយចោទ​ថា “ធ្វើ​ឱ្យ​ថយ​ចុះ​នូវ​ស្វ័យភាព​ និង​ការ​បំបិទ​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ឬ​ការ​ប្រមូល​ផ្ដុំ​គ្នា​របស់​ពលរដ្ឋ​ហុង​កុង​”។

លោក​ស្រី​ Carrie Lam ប្រធានតំបន់​ពិសេស​ហុង​កុង​

ទំនាក់ទំនង​រវាង​អាមេរិកាំង​ និង​ចិន​ ក្នុង​មួយ​រយៈ​ពេល​​ចុង​ក្រោយ​នេះ បាន​ប្រែ​ទៅ​ជា​តាន​តឹង​ឡើង​ៗ ពិសេស​​នៅ​ពេល​ដែល​ទីក្រុង​ប៉េកាំង​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ច្បាប់​សន្តិ​សុខ​ហុងកុង​កាល​ពី​ចុង​ខែ​មីថុនា​។ ពលរដ្ឋ​ហុង​កុង​ដែល​បំពាន​លើ​ច្បាប់​ថ្មី​នេះ​ អាច​ត្រូវ​​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​អស់​មួយ​ជីវិត​ ហើយ​សិទ្ធិ​ប្ដឹង​ផ្ដល់ និង​កាត់ទោស​លើ​ “​ករណី​ធ្ងន់​ធ្ងរ” គឺស្ថិត​ក្រោម​ការ​ចាត់​ចែង​របស់​រដ្ឋ​អំណាច​ថ្នាក់កំពូលនៅ​ប្រទេសចិន​​។

ប្រទេស​ចិន​បាន​អះអាង​ថា ច្បាប់​សន្តិសុខ​ថ្មី​សម្រាប់​ហុងកុង​នេះ​ សំដៅ​ទៅ​លើ​តែ​មនុស្ស​មួយ​ក្រុម​តូច​ប៉ុណ្ណោះ​ ចំណែក​ផល​ប្រយោជន៍ សេរីភាព​របស់​ពលរដ្ឋ​ហុងកុង​ ក៏ដូចជា​ផលប្រយោជន៍​របស់​ក្រុម​អ្នក​វិនិយោគ​បរទេស​នៅ​តែ​​ទទួល​បាន​ការ​ធានា។ ក៏ប៉ុន្តែ សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ជា​ច្រើន​នៅ​អឺរ៉ុប​ បាន​រិះគន់​ទៅ​លើ​ច្បាប់​ថ្មី​នេះ​ ហើយ​បាន​ហៅ​ច្បាប់​នេះ​ថា ជា​ការ​បំផ្លិច​បំផ្លាញ​ស្វ័យភាព សេរី​ភាព​របស់​កុង​ហុង​ ព្រម​ទាំង​បាន​ធ្វើ​ឱ្យ​គោលការណ៍​ “ប្រទេស​មួយ​ របប​ពីរ​” ត្រូវ​ថម​ថយឥទ្ធិពល​។

មេដឹកនាំ​សារ​ព័ត៌មាន​ Next Digital និង​ជា​ស្ថាបនិក​របស់​ក្រុម​ហ៊ុន​ Giordano ​លោក​ Jimmy Lai (Lai Chee-Ying)

នៅ​ក្នុង​ថ្ងៃ​នេះ​ដែរ ក្រុម​ប៉ូលិស​ហុង​កុង​ក៏​បាន​ចាប់​ខ្លួន​មេដឹកនាំ​សារ​ព័ត៌មាន​ Next Digital និង​ជា​ស្ថាបនិក​របស់​ក្រុម​ហ៊ុន​ Giordano ​ឈ្មោះ Jimmy Lai (Lai Chee-Ying) ដោយ​បាន​ចោទ​ប្រកាន់​ថា បាន​ឃុប​ឃិត​ជាមួយ​កម្លាំង​បរទេស​ ដោយ​យោង​ទៅ​លើ​ច្បាប់​សន្តិសុខ​ហុង​កុង​៕

ប្រភព៖ Reuters

Advertisement