ស្ថាន​អគ្គកុង​ស៊ុល​ចិន​នៅ​អាមេរិក ត្រូវ​បាន​មនុស្ស​មួយក្រុម​សម្រុក​ចូល​កាន់កាប់

ស្ថាន​អគ្គកុង​ស៊ុល​ចិន​នៅ​ Houston ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​កិប​សោទ្វារមុខ បំផ្លាញសោ​ទ្វារ​ក្រោយ​​

បុរស​មួយ​ក្រុម​ដែល​អាច​ជា​សមត្ថ​កិច្ច​របស់​សហរដ្ឋ​អាមេរិក​ បាន​ទម្លុះ​ទ្វារ​ក្រោយ​របស់​ស្ថាន​អគ្គ​កុង​ស៊ុល​ចិន​នៅ​ទីក្រុង​ Houston បន្ទាប់​ពី​អគារ​នេះ​បាន​បិទ​ទ្វារ​កាល​ពី​ថ្ងៃទី​24​កក្កដា​កន្លង​ទៅ​។

ក្រុម​បុរស​នេះ​បាន​កិប​សោ​ទ្វារ​ផ្នែក​ខាង​មុខ​របស់​អគារ​ស្ថានអគ្គកុងស៊ុល​ចិន​នៅទីក្រុង​ Houston ក្នុង​រដ្ឋ​ Texas ​សហរដ្ឋ​អាមេរិក​ ក្រោយ​ពី​ស្ថាប័ន​ការ​ទូត​នេះ​បាន​បិទ​ទ្វារ​កាល​ពី​វេលា​ម៉ោង​16​ល្ងាច​នៃ​ថ្ងៃទី​24​កក្កដា​ (ម៉ោង​4​ព្រឹក​នៃ​ថ្ងៃទី​25​កក្កដា​នៅ​កម្ពុជា)​។ បន្ទាប់​មក​ទៀត ​​ក្រុម​មនុស្ស​នេះ​ក៏​បាន​បំផ្លាញ​ទ្វារខាង​ក្រោយ​របស់​អគារ​ និង​នាំ​គ្នា​ចូល​ទៅខាង​ក្នុង​។ ពួកគេ​មិន​បាន​ឆ្លើយ​តប់​អ្វី​នោះ​ទេ​ នៅ​ពេល​ក្រុម​យក​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​​ បាន​សួរ​​រកអត្តសញ្ញាណ​​។

នៅ​ពេល​ក្រុម​បុរស​នោះ​ចូល​ទៅ​ខាងក្នុង​ គេ​ឃើញ​មាន​មនុស្ស​2​នាក់​​ដែល​​ស្លៀក​ពាក់​ឯកសណ្ឋាន​ជា​បុគ្គលិក​​នៃ​នាយក​ដ្ឋាន​សន្តិសុខ​ការបរទេស​សហរដ្ឋ​អាមេរិក​ ក៏បាន​បង្ហាញ​ខ្លួន​ ឈរ​យាមនៅ​ខាង​ក្រៅ​ទ្វារ​នៃ​អគារ​ស្ថាន​អគ្គកុង​ស៊ុល​ចិន។ ក្រុម​បុគ្គលិក​នេះ​ក៏​មិនបាន​ឆ្លើយ​តប​នឹងសំណួរ​របស់​​ក្រុម​អ្នក​យក​ព័ត៌មាន​នោះ​ដែរ។

ទាក់ទង​នឹង​ករណី​នេះ ស្ថានទូត​ចិន​នៅ​ទីក្រុង​វ៉ាស៊ីងតោន​ និង​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយ​។

សាក្សី​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុគ្គលិក​របស់​ស្ថាន​អគ្គកុង​ស៊ុល​ចិន​ បាន​ឡើង​រថយន្ត​ចាក​ចេញ​ពី​អគារ​នេះ​កាល​ពី​វេលា​ម៉ោង​ប្រមាណជា​16​ នៅមុន​ពេល​ទ្វារ​ក្រោយ​​ត្រូវ​បាន​គេ​បំផ្លាញ។

សូម​រំឭកថា កាល​ពី​ថ្ងៃទី​21​កក្កដា​ សហរដ្ឋ​អាមេរិក​បាន​បញ្ជាឱ្យ​បិទ​ទ្វារ​ស្ថាន​អគ្គកុង​ស៊ុល​ចិន​នៅ​ទីក្រុង​ Houston ដោយ​ទុក​ពេល​ឱ្យ​72​ម៉ោង​ដើម្បី​ចាក​ចេញ​ ក្រោម​ហេតុ​ផល​ថា “ដើម្បី​ការ​ពារ​កម្មសិទ្ធិបញ្ញា​ និង​ព័ត៌មាន​ឯកជន​របស់​ពលរដ្ឋ​អាមេរិកាំង​”។

កាល​ពី​ថ្ងៃទី​24​កន្លង​ទៅ ក្រុម​មន្ត្រី​ចិន​ក៏​បាន​បញ្ជាឱ្យ​បិទទ្វារ​ស្ថាន​អគ្គកុងស៊ុល​អាមេរិកាំង​នៅ​ទីក្រុង​ Chengdu ក្នុង​ខេត្ត​ Sichuan ដើម្បី​សង​សឹក​នឹង​ទង្វើ​របស់​សហរដ្ឋ​អាមេរិក​។

ភាព​តាន​តឹង​រវាង​ចិន​និង​អាមេរិកាំង​បានកើន​ឡើង​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​នេះ​ ទាក់​ទិន​នឹង​រឿង​រ៉ាវ​ជា​ច្រើន​ តាំង​ពី​បញ្ហា​ COVID-19 បញ្ហា​ហុង​កុង​ បញ្ហា​ Xinjiang សមុទ្រ​ចិន​ខាង​ត្បូង និង​តៃវ៉ាន់ជា​ដើម​។ល។

Advertisement