ឆេះនាវាផ្ទុកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកមួយ​គ្រឿង​ទៀត​ហើយ!

ឆេះនាវាផ្ទុកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកមួយ​គ្រឿង​ទៀត​ហើយ!
John F. Kennedy ដែលជានាវាផ្ទុកយន្តហោះខ្នាតយក្សជំនាន់ថ្មីរបស់សហរដ្ឋ​អាមេរិក​ និង​ជានាវាទី2ក្នុងប្រភេទ Ford ត្រូវ​បានដាក់ចូលទៅផែអណ្ដែតកាលពីចុងឆ្នាំ2019

នាវាផ្ទុកយន្តហោះចម្បាំងជំនាន់ថ្មី John F. Kennedy ត្រូវ​បានឆាប់ឆេះនៅពេលកំពុងសាងសង់ ប៉ុន្តែអណ្ដាតភ្លើងត្រូវបានពន្លត់ទាន់ពេល និងមិនបានបង្កគ្រោះថ្នាក់ដល់ជីវិត ឬការ​ខូចខាតធ្ងន់ធ្ងរនោះទេ។

ក្រុមបុគ្គលិកនៅក្នុងរោងសាងសង់នាវា Newport News ក្នុងរដ្ឋ Virginia នៃសហរដ្ឋអាមេរិកកាលពីព្រឹកថ្ងៃ​ទី​20​កក្កដា ទទួលបានព័ត៌មានអំពីករណីឆាប់ឆេះនៅលើនាវាផ្ទុកយន្តហោះចម្បាំង John F. Kennedy ដែលកំពុងស្ថិត​នៅក្នុង​ដំណាក់​កាល​សាងសង់។ នេះបើតាម Duane Bourne អ្នកនាំពាក្យរបស់រោងសាងសង់នាវា ដែលបានឱ្យដឹងកាលពីថ្ងៃទី22កក្កដា។

កងកម្លាំងសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីពន្លត់អគ្គិភ័យ ខណៈបុគ្គលិកលើនាវាក៏ត្រូវបានជម្លៀសចេញជាបន្ទាន់ដោយសារមានផ្សែងច្រើនពេក។ ក្នុងហេតុការណ៍នេះមិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់ដល់​ជីវិត​នោះទេ ប៉ុន្តែនាវានាបាន​រងការខូចខាតមួយចំនួននៅត្រង់ចំណុចមានភ្លើងឆេះ។

លោក​ Bourne បាន​ឱ្យ​ដឹង​ថា “សកម្មភាពសាងសង់ផ្សេងៗត្រូវបានពន្យារពេលដើម្បីស្រាវជ្រាវរកមូលហេតុ និងដើម្បីត្រួតពិនិត្យលើស្ថាន​ភាពសន្តិសុខ សុវត្ថិភាព និងការត្រៀមវិធាន​ការ​ទប់ស្កាត់អគ្គិភ័យ។ កងទ័ពសហរដ្ឋអាមេរិក និងភាគី​រោងសាងសង់នាវា Newport News នឹងដំណើរការសកម្មភាពសាង​សង់​នាវា​នេះ​ឡើងវិញ ក្រោយពីការស្រាវជ្រាវបានបញ្ចប់ និងវិធានការកែលម្អត្រូវបានអនុវត្ត”។

ករណីអគ្គិភ័យនៅលើនាវាចម្បាំង USS Bonhomme Richard កាលពីថ្ងៃទី12កក្កដា
ករណីអគ្គិភ័យនៅលើនាវាចម្បាំង USS Bonhomme Richard កាលពីថ្ងៃទី12កក្កដា

នេះគឺជាករណីឆាប់ឆេះនាវាចម្បាំងនៅក្នុងរោងចក្រទី3របស់កងទ័ពសហរដ្ឋអាមេរិកនៅក្នុងរយៈពេលតែ2សប្ដាហ៍ប៉ុណ្ណោះ ក្រោយពី​មាន​ករណីអគ្គិភ័យនៅលើនាវាចម្បាំង USS Bonhomme Richard កាលពីថ្ងៃទី12កក្កដា និងករណីឆេះមួយទៀតនៅលើនាវា USS Kearsarge កាលពីថ្ងៃទី17កក្កដា។

John F. Kennedy គឺជានាវាទី2ក្នុងប្រភេទ Ford ដែលជានាវាផ្ទុកយន្តហោះខ្នាតយក្សជំនាន់ថ្មីរបស់សហរដ្ឋ​អាមេរិក។ នាវានេះត្រូវបានចាប់ផ្ដើមសាងសង់កាលពីឆ្នាំ2015 និងបានដាក់ចូលទៅផែអណ្ដែតកាលពីចុងឆ្នាំ2019 ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលបំពាក់ឧបករណ៍ផ្សេង៕

ប្រភព៖ USNI

Advertisement