សងសឹក!! ក្មេងស្រីអាហ្វហ្គានីស្ថាន បាញ់រះកាំភ្លើងអាកា ប្រហារជីវិត “អ្នកប្រយុទ្ធតាលីបង់” ស្លាប់ 2នាក់ គុំដោយសារសម្លាប់ឪពុកម្ដាយនាង

សងសឹក!! ក្មេងស្រីអាហ្វហ្គានីស្ថាន បាញ់រះកាំភ្លើងអាកា ប្រហារជីវិត “អ្នកប្រយុទ្ធតាលីបង់” ស្លាប់ 2នាក់ គុំដោយសារសម្លាប់ឪពុកម្ដាយនាង

យុវតីជនជាតិអាហ្វហ្គានីស្ថានម្នាក់ បានស្រវាចាប់កាំភ្លើងអាកា ហើយបាញ់រះយ៉ាងឥតសំចៃដៃទៅលើពួកអ្នកប្រយុទ្ធតាលីបង់ បណ្ដាលឱ្យស្លាប់ 2នាក់ និងរងរបួសជាច្រើននាក់ ក្រោយពីឪពុកម្ដាយរបស់នាង ត្រូវពួកតាលីបង់សម្រុកចូលមកសម្លាប់ដល់ក្នុងផ្ទះ មូលហេតុដោយសារតែផ្ដល់ការគាំទ្ររដ្ឋបាលក្រុងកាប៊ុល។

លោក ហាប៊ីប៊ុរ៉ោះម៉ាន ម៉ាលេកសាដា អធិការប៉ូលិសក្នុងតំបន់ បានផ្ដល់ព័ត៌មានដល់ទីភ្នាក់ងារព័ត៌មានAFP ថា ពួកអ្នកប្រយុទ្ធតាលីបង់បានសម្រុកចូលទៅក្នុងផ្ទះរបស់ កាម៉ា ហ្គុល យុវតីម្នាក់ ដែលរស់នៅជាមួយឪពុកម្ដាយនៅឯខេត្តហ្គ័រ ភាគកណ្ដាលនៃប្រទេស កាលពីសប្ដាហ៍កន្លងទៅ ដើម្បីតាមរកឪពុករបស់នាងដែលជាអ្នកដឹកនាំភូមិ និងផ្ដល់ការគាំទ្ររដ្ឋបាលក្រុងកាប៊ុល។

ជនល្មើសព្យាយាមចាប់អូសឪពុករបស់ ហ្គុល ចេញទៅខាងក្រៅផ្ទះ តែម្ដាយរបស់នាងបានចូលទៅរារាំង ទើបត្រូវពួកតាលីបង់បាញ់សម្លាប់ទាំង 2នាក់។

លោក ម៉ាលេកសាដា បញ្ជាក់ថា “កាម៉ា ហ្គុល ដែលពេលនោះកំពុងនៅក្នុងផ្ទះ បានស្រវាយកកាំភ្លើង AK-47 របស់ឪពុកនាង និងបាញ់រះយ៉ាងសន្ធាប់ទៅលើពួកតាលីបង់ 2នាក់ដែលបានសម្លាប់ឪពុកម្ដាយរបស់នាង រហូតដល់ស្លាប់ និងថែមទាំងធ្វើឱ្យពួកជនល្មើសដទៃទៀតរងរបួសជាច្រើននាក់”

អាជ្ញាធរ មិនបានផ្ដល់ព័ត៌មានជាក់ច្បាស់ឡើយថា តើ ហ្គុល មានអាយុប៉ុន្មានពិតប្រាកដនោះទេ តែសន្និដ្ឋានថា ប្រហែលជាស្ថិតក្នុងចន្លោះ 14-16ឆ្នាំ។

បន្ទាប់ពីនោះ ពួកតាលីបង់ បានលើកគ្នាមកបាញ់កម្ទេចផ្ទះរបស់នាង តែពួកអ្នកស្រុក និងកងកម្លាំងរបស់រដ្ឋបាល បានជួយគ្នាបាញ់តបតវិញ រហូតធ្វើឱ្យពួកវាដកថយទៅវិញ។

លោក ម៉ូហាមេត អារេហ្វ អាប៊ើរ អ្នកនាំពាក្យរបស់អភិបាលខេត្ត ហ្គ័រ បានបញ្ជាក់ថា អង្គភាពសន្តិសុខបាននាំខ្លួនកាម៉ា ហ្គុល និងប្អូនប្រុសរបស់នាងទៅរស់នៅក្នុងទីតាំងដែលមានសុវត្ថិភាពហើយ ខណៈដែលអ្នកតាមដានព័ត៌មានក្នុងប្រព័ន្ធបណ្ដាញសង្គម បាននាំគ្នាសរសើរតម្កើងពីភាពក្លាហានរបស់យុវតីរូបនេះ ហើយរូបភាពរបស់យុវតីមុស្លីមរូបនេះ ដែលដៃកាន់កាំភ្លើងអាកាដាក់នៅលើភ្លៅ ក៏ត្រូវបានផ្សព្វផ្សាយជាទូទៅនៅក្នុងសង្គមអនឡាញពេញមួយរយៈពេល 2-3ថ្ងៃកន្លងមកនេះ។

“សូមកោតសរសើរភាពក្លាហានរបស់នាង!! ពិតជាធ្វើបានល្អមែន!!” ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ណាជិបា រ៉ាមី បានសរសេរសារនេះ ខណៈដែលម្នាក់ទៀត បានលើកតម្កើងយុវតី ហ្គុល ថា ជាតំណាង “ថាមពលរបស់យុវតីអាហ្វហ្គាន់”

លោក ម៉ូហាមេត សាលេហ៍ បន្ថែមថា “យើងដឹងថា គ្មានអ្វីមកជំនួសឪពុកម្ដាយបានទេ តែយ៉ាងហោចណាស់ ការបានសងសឹក ក៏នឹងធ្វើឱ្យផ្លូវចិត្តរបស់នាងបានស្ងប់ខ្លះដែរ”

***ក្រុមប្រដាប់អាវុធតាលីបង់ តែងតែសម្រុកចូលមកសម្លាប់អ្នកស្រុកអាហ្វហ្គាន់ ណាដែលពួកវាសង្ស័យថា ជាខ្សែរយៈសម្ងាត់ឱ្យរដ្ឋបាល ឬអង្គភាពសន្តិសុខអាហ្វហ្គានីស្ថាន៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement