ចិននាំគ្នាដុតឯកសារ បន្ទាប់ពីអាមេរិកស្នើឱ្យបិទស្ថានកុងស៊ុលនៅទីក្រុង Houston

សមត្ថ​កិច្ច​ និង​ក្រុម​ពន្លត់​អគ្គិភ័យ​នៅ​តំបន់​ Houston ទទួល​បានសេចក្ដី​រាយ​ការណ៍​​អំពី​ករណី​ដុត​ឯកសារ​នៅក្នុង​ស្ថាន​កុង​ស៊ុល​ចិន​​ បន្ទាប់​​ពី​​សហរដ្ឋ​អាមេរិក​បាន​ស្នើ​ឱ្យ​ទីក្រុង​ប៉េកាំង​បិទ​ទ្វារ​ការិយាល័យ​នេះ​ក្នុង​រយៈ​ពេល72​ម៉ោង​។

ប៉ូលិស​នៅ​ទីក្រុង​ Houston បាន​ឱ្យ​ដឹង​ថា ពួកគេទទួលបាន​ព័ត៌មាន​អំពី​ការ​ដុត​ឯក​សារ​នៅក្នុង​ស្ថាន​កុង​ស៊ុល​​ចិន​ ក្រោយ​វេលា​ម៉ោង​20​ ថ្ងៃ​ទី​21​កក្កដា​ (ត្រូវ​នឹង​ម៉ោង​8​ព្រឹក​​នៃ​ថ្ងៃទី​22​កក្កដា​ នៅ​កម្ពុជា)។ ក្រុម​ប៉ូលិស​នៅ​ Houston ត្រូវ​បាន​បញ្ជូន​ទៅកាន់​បរិវេណ​ខាង​ក្រៅ​នៃ​ស្ថាន​ទូត​ចិន​ ហើយ​បាន​ឱ្យ​ដឹង​ថា ពួកគេ​បាន​រកឃើញ​ផ្សែង​ ប៉ុន្តែ​ “មិន​ទទួល​បាន​សិទ្ធិឱ្យ​​ចូល​ទៅ​ខាងក្នុង​អគារ​នេះ​ទេ​”។

ក្នុង​វីដេអូ​មួយ​ដែល​ចែក​រំលែក​ដោយ​អ្នកយក​ព័ត៌មាន​ម្នាក់​បាន​បង្ហាញ​ថា មាន​មនុស្ស​មួយ​ចំនួន​កំពុង​ជួប​ជុំ​គ្នា​នៅ​ជុំវិញ​ភ្លក់​ភ្លើង​​នៅ​ទីលាន​ក្នុង​ស្ថាន​កុង​ស៊ុល​។ មើល​ពី​ផ្លូវ​ខាង​ក្រៅ​អគារ​នេះ គេ​ក៏​អាច​សង្កេត​ឃើញ​ផ្សែង​ចេញ​ពី​ស្ថាន​កុងស៊ុល​​នេះ​ដែរ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើត​ឡើង​នៅ​ពេល​សហរដ្ឋ​អាមេរិក​បាន​ស្នើ​ឱ្យ​ចិន​បិទ​ទ្វារ​ការិយាល័យ​អគ្គកុង​ស៊ុល​ចិន​នៅ​ទីក្រុង​ Houston ឱ្យ​បាន​មុន​ម៉ោង​16​ នា​ថ្ងៃទី​24​កក្កដា​ខាង​មុខ​។

ថ្លែង​នៅ​ក្នុងសន្និសីទ​សារ​ព័ត៌មាន​មួយ​នៅទីក្រុង​ប៉េកាំង​នា​ថ្ងៃនេះ​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​ លោក​ Wang Wenbin បាន​ទទួល​ស្គាល់​ថា សហរដ្ឋ​អាមេរិក​ កាលពី​ថ្ងៃទី​21​កក្កដា​បាន​ស្នើ​ឱ្យ​ប្រទេសចិន​បិទទ្វារ​ស្ថាន​កុងស៊ុល​ ដោយ​ទុក​ពេល​ឱ្យ​​72​ម៉ោង។ លោក​ Wang Wenbin​ បាន​ហៅ​ទង្វើ​នេះ​ថា​ជា​ “​ការ​បង្កើន​ភាព​តាន​តឹង​មិន​ធ្លាប់​មាន​ពី​មុន​មក​” ហើយ​ប្រទេស​ចិន​នឹង​មាន​ប្រតិកម្ម​តប​មិន​ខាន។

“ប្រទេស​ចិន​អំពាវនាវ​ឱ្យ​សហរដ្ឋ​អាមេរិក​ដក​សេចក្ដី​សម្រេច​ចិត្ត​​ប្រកប​ដោយ​កំហុស​ឆ្គង​របស់​ខ្លួន​ ពុំ​ដូច្នោះ​ទេ ចិន​​ប្រាកដ​ជា​មាន​ប្រតិកម្ម​យ៉ាង​ត្រឹម​ត្រូវ​ និង​ចាំបាច់​” លោក​ Wang Wenbin ថ្លែង​បែប​នេះ​។ លោក​បន្ត​ថា “នោះ​គឺជា​ការ​បង្ក​ហេតុ​ក្នុង​រឿង​នយោបាយ​ដែល​ធ្វើ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​ ដែល​នេះ​បាន​រំលោភ​ច្បាប់​អន្តរ​ជាតិ​ និង​កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក​។ ប្រទេស​ចិន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ទង្វើ​​គួរ​ឱ្យ​ស្អប់​ខ្ពើម​ មិន​សម​ហេតុ​ផល​ និងបាន​​បំផ្លាញ​ទំនាក់​ទំនង​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក​”។

ចិន​នាំ​គ្នា​ដុត​ឯកសារ​ បន្ទាប់​ពី​​​អាមេរិក​ស្នើ​ឱ្យ​បិទ​ស្ថានកុង​ស៊ុលទំនាក់​ទំនង​រវាង​ទីក្រុង​ប៉េកាំង​និង​ទីក្រុង​វ៉ាស៊ីង​តោន​ កំពុង​ស្ថិត​នៅក្នុង​កម្រិត​ទាប​បំផុត​ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ រាប់​ចាប់​ពី​ COVID-19 បាន​បង្ហាញ​វត្តមាន​នៅ​ប្រទេស​ចិន​។ សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​ចិន​ជា​ច្រើន​លើក​ថា បាន​លាក់​បាំង​ព័ត៌មាន​ទាក់​ទិន​នឹង​ COVID-19 ធ្វើ​ឱ្យ​វីរុស​នេះ​ឆ្លង​រាល​ដាល​ខ្លាំង នឹង​ប៉ះពាល់​ដល់​បេសក​កម្ម​​ប្រឆាំង​ជំងឺ​ឆ្លង​នេះ​របស់​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក​ ក៏​ប៉ុន្តែ ទីក្រុង​ប៉េកាំង​បាន​ទាត់​ចោល​ការ​ចោទ​ប្រកាន់​នេះ។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ​ រដ្ឋបាល​របស់​លោក​ Trump ក៏​បាន​ដាក់​ទណ្ឌ​កម្ម​ខ្លះ​ៗ​ទៅ​លើ​ប្រទេស​ចិន​ ដោយសារ​តែ​គោល​នយោបាល​របស់​ចិន​​​ ទាក់​ទិន​នឹង​ទីក្រុង​ហុង​កុង និង​តំបន់​ស៊ីន​ជាំង។ សហរដ្ឋ​អាមេរិក​ មិន​ត្រឹម​តែ​ចាត់​វិធានការ​ថ្មី​ដើម្បី​ទប់​ស្កាត់​មហិច្ឆតា​ក្នុងការ​កែ​ប្រែ​ស្ថាន​ភាព​ពិភពលោក​​ ដោយ​ការ​ទប់​ស្កាត់​មិន​ឱ្យ​ចិន​​ទទួល​បាន​បច្ចេក​វិទ្យា​ថ្មី​ពី​​សហរដ្ឋ​អាមេរិក​តែ​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ​អាមេរិកាំង​​ថែម​ទាំង​បាន​​បញ្ចុះ​បញ្ចូល​បណ្ដា​​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​​​ ឱ្យ​ធ្វើ​តាម​​​អាមេរិក​ទៀត​ផង​។

កំពុង​បន្ត​ធ្វើ​បច្ចុប្បន្ន​…
ប្រភព៖ NYPost, Bloomberg

Advertisement