តួលេខ​នៃ​ផល​ប៉ះពាល់​នានា​ទាក់​ទិន​នឹង​ “មហា​​គ្រោះ​ទឹក​ជំនន់​” កម្រ​ជួប​នៅ​ប្រទេស​ចិន

ប្រទេស​ចិន​កំពុង​តែ​ប្រឈម​មុខ​នឹង​គ្រោះ​ទឹក​ជំនន់​ដ៏ធ្ងន់ធ្ងរ​កម្របាន​ជួប​ ដែល​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​រាប់​សិប​លាន​នាក់​ និង​នាំ​ឱ្យខាត់​បង់​ផ្នែក​សេដ្ឋ​កិច្ច​ប្រមាណជា​12​ពាន់​លានដុល្លារ​អាមេរិក​ ប៉ុន្តែ​តួលេខ​នេះ​នឹង​កើន​ឡើង​បន្ត​ទៀត​នា​ពេល​ខាងមុខ។

ទឹក​ជំនន់​នៅ​ប្រទេស​ចិន បាន​បណ្ដាល​ឱ្យ​ទឹក​នៅក្នុង​ទន្លេ​ជាង​400​ក្នុង​ប្រទេស​នេះ​ ស្ថិត​ក្នុង​ស្ថាន​ភាព​ប្រកាស​អាសន្ន​ចាប់​ពី​ដើម​ខែ​មិថុនា​ ក្នុង​នោះកម្រិត​ផ្ទៃ​ទឹក​ក្នុង​ទន្លេ​ចំនួន​33​បាន​ឡើង​ដល់​កម្ពស់​​ដែល​មិន​ធ្លាប់​មាន​ទាល់​តែ​សោះ​នៅក្នុងប្រវត្តិសាស្ត្រ​។

គិត​ដល់​ពាក់កណ្ដាល​ខែ​កក្កដា ប្រជាជនចិន​ជិត​38​លាន​នាក់​នៅក្នុងខេត្ត​ក្រុង​​ចំនួន​27​​របស់​ចិន​ ត្រូវ​រង​ផល​ប៉ះពាល់​ដោយសារ​ភ្លៀង​និង​ទឹក​ជំនន់​ ធ្វើ​ឱ្យ​មនុស្ស​ចំនួន​141​នាក់​​បាត់​ខ្លួន​ និង​បាត់​បង់​ជីវិត​។ ចំនួន​នេះ​ក៏​ត្រូវ​បាន​ព្យាករ​ថា​នឹង​កើន​ឡើង​ផងដែរ។

ក្រសួង​គ្រប់​គ្រង​ស្ថាន​ការណ៍​បន្ទាន់​របស់​ចិន​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​9កក្កដាថា មនុស្ស​ប្រមាណជា​ជាង​1.7​លាន​នាក់​ត្រូវ​ជម្លៀស​ខ្លួន​ ផ្ទះ​ចំនួន​22,000​ខ្នង​ត្រូវ​បាក់​រលំ ខណៈ​ដែល​ការ​ខាត​បង់​ផ្ទាល់​ផ្នែក​សេដ្ឋ​កិច្ច​គឺ​ប្រមាណជា​8.8​ពាន់​លាន​ដុល្លារ​អាមេរិក​។ 3ថ្ងៃ​ក្រោយ​មក ចំនួន​អ្នក​ត្រូវ​ជម្លៀស​ខ្លួន​បាន​កើន​ឡើង​ដល់​ជិត​2.3​លាន​នាក់​ ក្នុង​នោះ​មាន​ពលរដ្ឋ​ចំនួន​1.3​លាន​នាក់​ត្រូវ​ការ​ជំនួយ​បន្ទាន់​ ចំណែក​ចំការ​ចំនួន​209,000​ហិកតា​ត្រូវ​បាន​បំផ្លិច​បំផ្លាញ ហើយ​ការ​ខាត​បង់​ផ្ទាល់​ផ្នែក​សេដ្ឋ​កិច្ច​ក៏​បាន​កើនឡើង​ដល់​12​ពាន់​លាន​ដុល្លារ​អាមេរិក។

ក្នុង​រយៈ​ពេល​ត្រឹម​តែ​1​សប្ដាហ៍​កន្លង​ទៅនេះ ទីក្រុង​ចំនួន​4នៅ​ប្រទេស​ចិន​ បាន​ប្រកាស​អាសន្ន​ ដោយសារ​ទឹក​ជំនន់​ឡើង​ខ្ពស់​។ ដោយឡែក​នៅ​ខេត្ត Jiangxi ពលរដ្ឋ​ចំនួន​5.5​លាន​នាក់​ត្រូវ​រង​ផល​ប៉ះពាល់​ និង​ជិត​500,000​នាក់​ត្រូវ​ជម្លៀស​ខ្លួន​ នេះ​បើ​គិត​មក​ត្រឹម​​ថ្ងៃទី​13​កក្កដា​។

Channel News Asia ដក​ស្រង់​ការ​ព្យាករ​ពី​ក្រុម​អ្នក​ជំនាញ​ ឱ្យ​ដឹង​ថា ដំណាក់​កាល​គ្រោះ​ថ្នាក់​​ធ្ងន់​ធ្ងរ​បំផុត​នៅក្នុង​គ្រោះ​ទឹក​ជំនន់​នេះ​ អាច​មិន​ទាន់​មក​ដល់​នៅឡើយ​។ តាម​បទ​ពិសោធន៍ គ្រោះ​ទឹក​ជំនន់​នៅ​ប្រទេស​ចិន​ តែង​​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​បំផុត​ចាប់​ពី​ចុង​ខែកក្កដា​រហូត​ដល់​ពាក់​កណ្ដាល​ខែសីហា។

ប្រទេស​ចិន​គឺជា​ទឹក​ដី​មួយដែល​រង​គ្រោះ​ទឹក​ជំនន់​ធំៗ​ច្រើន​ជា​ងគេ​ក្នុង​ពិភពលោក​។ នៅក្នុង​គ្រោះ​ទឹក​ជំនន់​ធំបំផុត​ចំនួន​10​នៅ​ទូទាំង​​ពិភពលោក​ក្នុង​រយៈ​ពេល​100​ឆ្នាំ​កន្លង​មក​នេះ គឺ​មាន​7​ករណី​កើត​ឡើង​នៅ​លើ​ទឹក​ដី​ចិន​ ក្នុង​នោះ​​មាន5ករណី​នៅឯ​ទន្លេ​ Yangtze និង​2ករណី​នៅ​ឯ​ទន្លេ​ Huang He៕

ប្រភព៖ CNA

Advertisement