វូហាន-ស៊ាងហៃ “ប្រកាសសភាវអាសន្ន” វិបត្តិទឹកជំនន់ អ្នកស្រុកនាំគ្នាជួយធ្វើទំនប់បាវខ្សាច់

វូហាន-ស៊ាងហៃ “ប្រកាសសភាវអាសន្ន” វិបត្តិទឹកជំនន់ អ្នកស្រុកនាំគ្នាជួយធ្វើទំនប់បាវខ្សាច់

ទីភ្នាក់ងារព័ត៌មាន ដេលី មេល បានរាយការណ៍ពីស្ថានការណ៍គ្រោះធម្មជាតិនៅក្នុងប្រទេសចិនថា រដ្ឋបាលក្នុងតំបន់នៃទីក្រុងវូហាន មណ្ឌលហ៊ូពេយ ភាគកណ្ដាលនៃប្រទេសចិន បានប្រកាសលើកកម្ពស់ស្ថានការណ៍ប្រកាសអាសន្នគ្រោះទឹកជំនន់ ខ្ពស់បំផុតកម្រិតបន្ទាត់ក្រហម ក្រោយពីបរិមាណទឹកនៅក្នុងទន្លេយ៉ាងហ្ស៊ី ដងទន្លេដ៏ធំបំផុតរបស់ប្រទេស បានកើនខ្ពស់ឡើងជាបន្តបន្ទាប់ដោយសារទឹកភ្លៀង ដែលនៅតែធ្លាក់ចុះមកជាប់ៗគ្នាឥតឈប់ឈរ តាំងពីខែមិថុនាកន្លងមក។

រដ្ឋបាលក្នុងតំបន់បានព្យាករថា ទឹកនៅក្នុងទន្លេយ៉ាងហ្ស៊ី នឹងកើនឡើងមកដល់កម្រិត 28ម៉ែត្រ ខ្ពស់ជាងផ្លូវថ្នល់នៅក្នុងទីក្រុងវូហាន ដែលជាមធ្យមស្ថិតក្នុងកម្រិត 24ម៉ែត្រលើកម្រិតទឹកសមុទ្រ និងមានសញ្ញាថា នឹងនៅតែស្ថិតក្នុងកម្រិតនេះ រយៈពេលយូរថ្ងៃទៀត បណ្ដាលឱ្យក្រុមអាជ្ញាធរ នៃអង្គភាពសម្រាលគ្រោះភ័យ ក្រុមអ្នកស្ម័គ្រចិត្ត និងអ្នកស្រុកវូហាន ត្រូវប្រញាប់នាំគ្នាប្រមូលផ្ដុំកម្លាំង រៀបចំដាក់បាវខ្សច់ ធ្វើជារបាំងការពារទឹកនៅក្នុងតំបន់ដែលនៅមិនទាន់ត្រូវទឹកលិច រួមទាំងមជ្ឈមណ្ឌលជួយសង្គ្រោះបណ្ដោះអាសន្នផងដែរ។

ខណៈពេលជាមួយគ្នា វិបត្តិគ្រោះធម្មជាតិក្នុងគ្រានេះ បានធ្វើឱ្យមានអ្នកស្លាប់រួចហើយយ៉ាងតិច 141នាក់ និងមានប្រជាជនជាង 15លាននាក់ ដែលរស់នៅតាមបណ្ដោយដងទន្លេយ៉ាងហ្ស៊ី ក្នុងមណ្ឌលអាន់ហ៊ុយ ចៀងស៊ី និងជើចៀង ត្រូវភៀសខ្លួនគេចពីសេចក្ដីស្លាប់។

វូហាន-ស៊ាងហៃ “ប្រកាសសភាវអាសន្ន” វិបត្តិទឹកជំនន់ អ្នកស្រុកនាំគ្នាជួយធ្វើទំនប់បាវខ្សាច់សម្រាប់ស្ថានការណ៍របស់ទំនប់ទឹក 3ជ្រុង ដែលកំពុងប្រឈមនឹងចំនួនទឹកដ៏ច្រើនមហាសាលនោះ មានបរិមាណទឹកខ្ពស់ជាងកម្រិតប្រកាសអាសន្នយ៉ាងតិចបំផុត 10ម៉ែត្រស្រេចទៅហើយ ជាមួយនឹងបរិមាណទឹកដែលនៅតែហូរចូលមកក្នុងអាងស្តុកទឹកលើសពីចំណុចខ្ពស់បំផុត 50,000ម៉ែត្រគូប ក្នុង1វិនាទី។

វូហាន-ស៊ាងហៃ “ប្រកាសសភាវអាសន្ន” វិបត្តិទឹកជំនន់ អ្នកស្រុកនាំគ្នាជួយធ្វើទំនប់បាវខ្សាច់ខណៈដែលទន្លេសាប ផូយ៉ាង ក្នុងមណ្ឌលចៀងស៊ី ដែលកំពុងហូរចូលទៅក្នុងដងទន្លេយ៉ាងហ្ស៊ីយ៉ាងគំហុកនោះ មានបរិមាណទឹកខ្ពស់ជាងកម្រិតប្រកាសអាសន្ន 2.5ម៉ែត្រ។ ចំណែកទីក្រុងស៊ាងហៃ បាននិងកំពុងប្រកាសអាសន្នទឹកជំនន់ខ្ពស់បំផុតកម្រិតបន្ទាត់ក្រហម ដោយសារតែទន្លេសាបថៃ នៅបរិវេណត្រីកោណមាត់ទន្លេយ៉ាងហ្ស៊ី កំពុងកើនឡើងលើសកម្រិតសុវត្ថិភាព ជិត 1ម៉ែត្រទៅហើយ។

ចំណែកសារព័ត៌មានស៊ីនហួ បានរាយការណ៍ថា ភ្លៀងដែលបង្អុរចុះមកយ៉ាងខ្លាំង និងឥតឈប់ឈរ បានហុចផលប៉ះពាល់ បណ្ដាលឱ្យដងទន្លេស៊ីងចៀង នៅក្នុងទីតាំងរបស់មណ្ឌលស្វយ័ត អ៊ឹនស៊ឺ ក្រុមកុលសម្ព័ន្ធ ធូចៀ និងមៀវ មណ្ឌលហ៊ូពេយ មានបរិមាណទឹក ហៀរខ្នងទំនប់ និងទីតាំងភាគច្រើនក្នុងតំបន់ទីក្រុង ត្រូវទឹកលិចបាត់ស្ទើរតែទាំងស្រុង ផ្លូវថ្នល់មួយចំនួនមានកម្ពស់ទឹកជ្រៅជាច្រើនម៉ែត្រ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement