អតីតទីប្រឹក្សាផ្នែកសន្តិសុខ និងក្មួយស្រីរបស់លោកត្រាំ សរសេរសៀវភៅ 2ក្បាល បកអាក្រាត និងបង្ហាញពីពុតត្បុតលោកត្រាំ

អតីតទីប្រឹក្សាផ្នែកសន្តិសុខ និងក្មួយស្រីរបស់លោកត្រាំ សរសេរសៀវភៅ 2ក្បាល បកអាក្រាត និងបង្ហាញពីពុតត្បុតលោកត្រាំ
លោក ចន បូលតុន (ឆ្វេង) និង​ លោកស្រី មែរី ត្រាំ

នៅសល់តែ 4ខែទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃបោះឆ្នោតជ្រើសតាំងប្រធានាធិបតីសហរដ្ឋអាមេរិកហើយ ហើយលោកដូណាល់ ត្រាំ ក៏កំពុងជឿជាក់យ៉ាងខ្លាំងថា លោកនឹងត្រូវតែទទួលបានការជ្រើសតាំងជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក ជាលើកទី2 ដោយសារតែជាទំនៀមទម្លាប់ខាងនយោបាយ ដែលប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ច្រើនតែនៅបាន 2អាណត្តិ និងដោយសារតែការមានប្រៀបច្រើនជាង លើផ្នែកការគ្រប់គ្រងការផ្សព្វផ្សាយព័ត៌មាន ដែលបង្ហាញតែលទ្ធផល និងស្នាដៃរបស់ប្រធានាធិបតី រួមទាំងការថ្លែងការណ៍ និងការសម្ភាសផ្សេងៗ ដែលគូប្រជែងមិនបានទទួលឱកាសបែបនោះឡើយ។

រឹតតែនៅពេលលោកដូណាល់ ត្រាំ ចូលមកទទួលតំណែងនៅក្នុងសេតវិមាន លោកបានជំរុញផែនការកាត់បន្ថយពន្ធភាស៊ីដ៏ធំមួយ ដែលធ្វើឱ្យត្រូវចិត្តបណ្ដាអ្នកជំនួញលំដាប់ធំៗ ដោយមានការទម្លាក់ពន្ធភាស៊ីសម្រាប់ពួកអ្នកមានៗ និងក្រុមហ៊ុនផ្សេងៗទៀតផង ដោយសារតែពួក Republican មានផ្នត់គំនិតមួយថា បើអ្នកធុរកិច្ច និងក្រុមហ៊ុនរបស់ពួកគេ បានទទួលការកាត់បន្ថយពន្ធភាស៊ី ពួកគេក៏នឹងមានប្រាក់នៅសល់ ដើម្បីទៅពង្រីកធុរកិច្ចថ្មី ជាការបន្ថែមឱកាសការងារកាន់តែច្រើនឡើងដល់ពលរដ្ឋ ដោយប្រាក់របស់ពួកអ្នកមានទាំងនោះ នឹងហូរហៀរទៅដល់ក្រុមកម្មករនិយោជិតដែលមានប្រាក់ចំណូលតិច តាមរយៈការបង្កើនឱកាសការងារហ្នឹងឯង។ វាជា Repple Effect ដែលប្រាក់ និងភាពមានបាន នឹងហូរចុះពីលើទៅក្រោម ដែលទោះជាផ្នត់គំនិតនេះ ត្រូវបានជំទាស់ដោយអ្នកជំនាញខាងសេដ្ឋកិច្ចលំដាប់រង្វាន់ណូបែលជាច្រើននាក់ របស់អាមេរិក ដូចជាលោក Paul Krugman និងលោក Joseph Stiglitz ដែលខំព្យាយាមពិសោធឱ្យឃើញថា វាមិនមែនដូច្នោះឡើយ និងវាថែមទាំងធ្វើឱ្យមានភាពមិនស្មើភាពគ្នាកាន់តែច្រើនឡើងក៏ដោយ។

សេដ្ឋកិច្ចដែលវាស់តាមរយៈ Index ផ្សារហ៊ុនដែលបំបែកស្ថិតិ ស្ទើរតែរៀងរាល់អាទិត្យកាលពីមុនពេលកើតមានវិបត្តិកូវីដ-19 រួមទាំង GDP ដែលពង្រីកខ្លួន(ទោះជាភាពមិនស្មើភាពគ្នា រឹតតែមានធ្ងន់ធ្ងរឡើងនៅក្នុងសហរដ្ឋអាមេរិក ប្រភេទដែលលោក Warren Buffet មហាសេដ្ឋីផ្សារហ៊ុន បានចេញមកបង្ហាញពីការអាណិតអាសូរ អ្នកដែលមានប្រាក់ចំណូលតិចថា លេខារបស់លោក ត្រូវបង់ពន្ធច្រើនជាងរូបលោកទៅទៀតក៏ដោយ) វាបានធ្វើឱ្យលោកត្រាំមានទំនុកចិត្តថា ពលរដ្ឋសហរដ្ឋអាមេរិក នឹងជ្រើសរើសយករូបលោកទៀត ក្នុងអាណត្តិទី2 នេះជាមិនខាន ព្រោះរាល់ពេលដែលលោកទៅជួបប្រាស្រ័យរកសំឡេងឆ្នោតជាមួយប្រជាជន លោកតែងតែគាស់យកមកបង្ហាញ តែរឿងតួលេខល្អៗខាងសេដ្ឋកិច្ច និងឱកាសការងារ មកបន្ថែមពិន្ទុនិយមឱ្យខ្លួនឯង ពេញមួយរយៈពេល 3ឆ្នាំកន្លងទៅនេះ។

លោក ចន បូលតុន

តែ មហិទ្ធិឫទ្ធិ ដែលលោកដូណាល់ ត្រាំ ត្រូវប្រឈមយ៉ាងមិននឹកស្មានដល់នោះគឺ មេរោគកូវីដ-19 ដែលលោកមើលងាយថា វានឹងធ្វើស្អីសហរដ្ឋអាមេរិកមិនបាននោះ និងធ្វើឱ្យលោកចេញវិធានការទប់ទល់យឺតយ៉ាវដល់ទៅ 8អាទិត្យនោះ បានធ្វើឱ្យមេរោគរីករាលដាលឥតឈប់ និងសេដ្ឋកិច្ចរងគ្រោះជាបន្តបន្ទាប់ រួមទាំងការធ្វើបាតុកម្មតវ៉ាដ៏ធំ ទូទាំងសហរដ្ឋអាមេរិក រឿងប៉ូលិសប្រើអំពើហិង្សាដោយអគតិទៀតផង។

ដោយទាំង 3រឿង ដែលកំពុងទាញទម្លាក់សំឡេងឆ្នោតរបស់លោកត្រាំនេះ ធ្វើឱ្យរហូតមកដល់ពេលនេះ គូប្រជែងរបស់លោកត្រាំ គឺលោក ចូ បៃដេន កំពុងតែវ៉ាទៅមុខដាច់ ទាំងក្នុងផូលទូទាំងប្រទេស និងក្នុងរដ្ឋដែលធ្លាប់ជួយលោកត្រាំឱ្យបានទៅអង្គុយក្នុងសេតវិមានទៀតផង។

ពេលនេះលោកត្រាំ បានងាកមកប្រើកលយុទ្ធរកសំឡេងឆ្នោត 2រឿងគឺ រឿងដំបូង ម៉ៅឱ្យចិនក្លាយជាពពែរងគ្រោះ ក្នុងងរឿងមេរោគកូវីដ-19 និងរឿងចិនប្លន់ការងារធ្វើពីប្រជាជនអាមេរិក។

រឿងទី2 គឺ សរុបយកការតវ៉ាទាមទារយ៉ាងស្ងប់ស្ងាត់ទូទាំងសហរដ្ឋអាមេរិក ដើម្បីធ្វើការរៀបចំក្រុមអង្គភាពប៉ូលិសជាថ្មី និងកែសម្រួលគ្រោងសាងខាងសង្គម ឱ្យប្រាសចាកការអគតិ ចំពោះក្រុមជនជាតិភាគតិច គឺជនស្បែកខ្មៅ(អតីតទាសករ) និងពួកស្បែកក្រហម(គឺពួក Hispanics ហ្នឹងឯង) ដោយលោកត្រាំ បានងាកមកនិយាយសង្កត់ធ្ងន់ថា ត្រូវប្រើកម្លាំង(ទាហាន) ចូលទៅបង្ក្រាបក្រុមអ្នកតវ៉ាយ៉ាងស្ងប់ស្ងាត់ទាំងនោះ ដែលលោកបាននិយាយបង្វែងឱ្យក្លាយជាក្រុមជនអន្ធពាល កម្ទេចអ្វីៗសព្វបែបយ៉ាង យកភ្លើងដុតបំផ្លាញអគារ ឆក់ប្លន់ទំនិញរបស់ហាងនានា និងជាភេរវករ។

តែ ស្រាប់តែមានបណ្ដាឧត្ដមសេនីយ៍ធំៗ ទាំងពេលបច្ចុប្បន្ន(ដូចជា អគ្គមេបញ្ជាការ លោកឧត្ដមសេនីយ៍ឯក Mark Milley) និងចូលនិវត្តន៍ហើយ បាននាំគ្នាចេញមក ប្រកាសមិនឯកភាព ដែលលោកត្រាំចង់ប្រើកម្លាំងប្រចាំការ មកបង្ក្រាបអ្នកប្រឆាំងតវ៉ាយ៉ាងស្ងប់ស្ងាត់ និងចោទថា លោកត្រាំមិនស័ក្តិសមក្នុងការធ្វើជាប្រធានាធិបតីឡើយ។ ដល់ថ្នាក់លោក Colin Powell (អតីតឧត្ដមសេនីយ៍ឯក ប្រធានគណៈសេនាធិការយោធាចម្រុះ) ចេញមកប្រកាសថា នឹងមិនទៅបោះឆ្នោតជ្រើសរើសលោកដូណាល់ ត្រាំ នៅថ្ងៃទី3 ខែវិច្ឆិកាខាងមុខទៀតផង ព្រោះលោកត្រាំមិនស័ក្តិសមជាមេដឹកនាំសេតវិមានទៀតទេ និងភូតកុហកគ្រប់ពេលវេលា។

អគ្គមេបញ្ជាការ លោកឧត្ដមសេនីយ៍ឯក Mark Milley

ហើយរឿងដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺ នៅថ្ងៃទី23 មិថុនាខាងមុខនេះ សៀវភៅរបស់លោក John Bolton អតីតទីប្រឹក្សាផ្នែកសន្តិសុខ(មនុស្សទី3 របស់លោកត្រាំ) កំពុងតែជិតដល់ពេលដាក់លក់នៅលើទីផ្សារជាផ្លូវការហើយ ដោយកាលពីពេលមុន មានកំណត់នឹងដាក់លក់ក្នុងអំឡុងខែកន្លងទៅ តែត្រូវអង្គភាពសន្តិសុខរបស់សេតវិមាន បានស្នើសុំឱ្យផ្ញើសេចក្ដីលម្អិតនៃខ្លឹមសារ ទៅឱ្យពួកគេពិនិត្យមើលសិន តែរហូតមកដល់ពេលនេះ លោក ចន បូលតុន បានបញ្ជូនសៀវភៅទាំងមូលដែលបោះពុម្ពរួចហើយ ទៅឱ្យបណ្ដាទីភ្នាក់ងារព័ត៌មានផ្សេងៗ ដើម្បីឱ្យនាំយកខ្លឹមសារមួយផ្នែកទៅផ្សព្វផ្សាយឱ្យប្រជាជនបានដឹង។

កាលពីដើម រឿងដែលធ្វើឱ្យលោក បូលតុន សម្រេចចិត្តសុំលាឈប់ពីមុខតំណែងនោះ គឺដោយសារតែលោក “ទ្រាំធំក្លិនស្អុយមិនបាន” ករណីដែលលោកត្រាំ បានពន្យារថវិកាជួយខាងយោធា ដែលសភាសហរដ្ឋអាមេរិក បានអនុម័តរួចរាល់ហើយ…ជាថវិកាជួយទៅដល់រដ្ឋាភិបាលប្រទេសយូក្រេន ដែលកងទ័ពរបស់ប្រទេសនេះ ត្រូវការយ៉ាងចាំបាច់ខ្លាំង សម្រាប់ទៅប្រយុទ្ធតស៊ូនឹងការរុករានឈ្លានពានរបស់កងទ័ពរុស្ស៊ី។

លោកត្រាំ បានគាបសង្កត់មេដឹកនាំប្រទេសយូក្រេន ថា លោកថវិកានេះនឹងទម្លាក់ទៅជួយយូក្រេន តែប្រធានាធិបតីថ្មីរបស់យូក្រេន ត្រូវតែលើករឿងមួយឡើងថា ពួកគេកំពុងពិនិត្យករណីលោក ចូ បៃដេន(គូប្រជែងរបស់លោកត្រាំ) ថា មានការទទួលបានផលប្រយោជន៍ពីកូនប្រុសរបស់លោក ចូ បៃដេន ដែលបានធ្វើជាប្រធានក្រុមហ៊ុនឧស្ម័នធំបំផុតរបស់យូក្រេន។

លោក ចន បូលតុន បានមិចភ្នែកដាក់កូនចៅរបស់លោក ឱ្យទៅប្រាប់អ្នកត្រួតពិនិត្យកិច្ចការរដ្ឋ អំពីរឿងដែលលោកត្រាំបានទូរស័ព្ទទៅតវ៉ាទាមទារផលប្រយោជន៍ ជាមួយប្រធានាធិបតីប្រទេសយូក្រេន…តែនៅទីបំផុត លោកបូលតុន ក៏លាលែងចេញពីតំណែង។

តែ នៅក្នុងសៀវភៅ 1ក្បាលនោះ ក្រៅពីមានសេចក្ដីលម្អិតដ៏គួរឱ្យភ្ញាក់ផ្អើលថា លោកបានស្ថិតនៅក្នុងហេតុការណ៍ ពេលលោកត្រាំទូរស័ព្ទ ទៅតវ៉ាជាមួយមេដឹកនាំយូក្រេន ក្នុងគ្រានោះហើយ…លោកបូលតុន ថែមទាំងបកអាក្រាតពីការដែលលោកត្រាំ បានតវ៉ាដោះដូរផលប្រយោជន៍ជាមួយលោកប្រធានាធិបតី ស៊ី ជីនភីង របស់ចិនទៀតផងកាលពីពេលជួបគ្នាក្នុងឆ្នាំកន្លងទៅ ទាំងរឿងដែលលោកប្រធានាធិបតី ស៊ី ព្យាយាមបញ្ចុះបញ្ចូល មិនឱ្យលោកត្រាំ វាយប្រហារលោកស៊ី រឿងជំរំ(ធ្វើទុក្ខបុកម្នេញ) អប់រំប្ដូរទស្សនគតិរបស់ជនភាគតិចអ៊ុយគូ នៅឯស៊ីនកៀង ដែលរដ្ឋបាលចិនបានចាប់ខ្លួនយកទៅដាក់នៅទីនោះជាង 1លាននាក់។ ដោយលោកត្រាំ បានប្រាប់ថា ឯកភាពចំពោះជំរំសម្ងាត់នេះ…និងរឿង 1ទៀតគឺ លោកត្រាំ បានសុំឱ្យលោកស៊ី ជួយទិញទំនិញកសិកម្មដែលជាមូលដ្ឋានសំឡេងឆ្នោតរបស់ខ្លួន(លោកត្រាំ) ដើម្បីឱ្យខ្លួនបានក្លាយជាប្រធានាធិបតីក្នុងអាណត្តិទី2 នេះទៀតផង។ លោក បូលតុន បានរៀបរាប់នៅក្នុងសៀវភៅនោះថា លោកត្រាំ បាននិយាយច្បាស់ៗតែម្ដងថា សុំឱ្យលោកស៊ី ជួយលោកឱ្យក្លាយជាប្រធានាធិបតីក្នុងអាណត្តិទី2។

នៅមានរឿងការចរចា រវាងលោកត្រាំ ជាមួយលោក វ៉្លាឌីមៀ ពូទីន ទៀតផង ដោយលោកបូលតុន បានលើកចំណុចសង្កេតថា វាក៏ដូចគ្នាដែរ គឺលោកត្រាំសុខចិត្តបន្ទន់ឥរិយាបថឱ្យលោកពូទីន ដើម្បីឱ្យប្រទេសរុស្ស៊ី ជួយក្នុងការបោះឆ្នោតរបស់លោក…។

លោកបូលតុន បានបញ្ជាក់តាំងពីដើមដំបូង របស់សៀវភៅរបស់លោកថា លោកត្រាំ នឹងធ្វើគ្រប់យ៉ាង ដើម្បីផលប្រយោជន៍របស់ខ្លួនឯងមុនគេក្នុងការបោះឆ្នោត និងយកផលប្រយោជន៍របស់ជាតិជារឿងបន្ទាប់។
សៀវភៅរបស់លោក បូលតុន ឈ្មោះថា “បន្ទប់ដែលមានហេតុការណ៍កើតឡើង” ឬ The Room Where it Happened នៅមានព័ត៌មានសម្ងាត់ជាច្រើនទៀត ដែលបានទាញកញ្ឆក់បើកស្រោមមុខរបស់លោកត្រាំ ឱ្យមើលឃើញពីភាពល្បិចកល និងគិតតែពីផលប្រយោជន៍របស់ខ្លួន មុនផលប្រយោជន៍ប្រទេសជាតិ។

សៀវភៅ 1ក្បាលទៀតរបស់ក្មួយស្រី របស់លោកត្រាំ ឈ្មោះ Mary Trump អាយុ 55ឆ្នាំ ដែលជាកូនស្រីរបស់បងប្រុសច្បងរបស់លោកត្រាំ(ដែលមានឈ្មោះថា Fred Trump JR)។ លោកស្រី បានសរសេរសៀវភៅ បានយ៉ាងឆ្ងាញ់ដៃសម្បើមណាស់ ក្នុងការបើកកកាយពុតត្បុតលោកពូ ដ៏សែនអាក្រក់របស់លោកស្រី ដែលមានចំណងជើងថា “ច្រើនប៉ុនណា ក៏មិនដែលគ្រប់…តើហេតុអីបានក្រុមគ្រួសាររបស់យើង ជួយគ្នាសាងបុរសម្នាក់ដែលមានគ្រោះថ្នាក់បំផុតរបស់ពិភពលោកឡើងកើត? ឬ Too Much and Never Enough…How My Family Created the Wold’s Most Dangerous Man?។ បោះពុម្ពដោយ Simon & Schuster ហើយបម្រុងនឹងដាក់លក់លើទីផ្សារ(ដោយបានគណនាយ៉ាងល្អិតល្អន់) នៅថ្ងៃទី28 កក្កដា ដែលជិតដល់ថ្ងៃបោះឆ្នោតធំ ដើម្បីចូលរួមចំណែកទាញកញ្ឆក់បើកស្រោមមុខ និងបកអាក្រាតលោកត្រាំ។

លោកស្រី មែរី ត្រាំ

យកត្រឹមតែឧទាហរណ៍ខ្លីៗគឺ លោកស្រីបានរៀបរាប់ថា លោកពូត្រាំ បានកេងបន្លំកេរមរតកដែលលោកតា Fred Trump Sr.តាំងជាគំនរមរតកទុកឱ្យបណ្ដាទាយាទក្រោយៗទាំងអស់…លោកស្រីខ្លួនឯង និងប្អូនប្រុស ត្រូវបានកេងប្រវ័ញ្ច រហូតដល់លោកស្រីបានប្ដឹងលោកត្រាំ ក្នុងឆ្នាំ2000 និងត្រូវរងការធ្វើបាបផ្សេងៗជាច្រើន ហើយអ្វីដែលលោកត្រាំបានអួតក្អេងក្អាងថា លោកបានទទួលប្រាក់ពីឪពុកមកចាប់ផ្ដើមរកស៊ីតាំងខ្លួនតែ 1លានដុល្លារនោះ ការពិត បានទទួលប្រាក់ពីឪពុកដល់ទៅ 400លានដុល្លារឯណោះ និងកើតឡើងក្នុងអំឡុងពេលដែលឪពុក(Fred Trump Sr.) ចាប់ផ្ដើមភ្លេចភ្លាំង ដោយរោគអាល់សៃមើរ៍។ រួមទាំងរឿងរ៉ាវរបស់ឪពុក របស់លោកស្រី មែរី គឺលោក Fred Trump Jr. បានងាកមកញៀនសុរា ដោយសារតែលោកតា Fred បង្ខំឱ្យឪពុករបស់លោកស្រី មកធ្វើការរកស៊ីខាងអចលនទ្រព្យ ទាំងខ្លួនគាត់ ចង់ក្លាយជាអ្នកបើកយន្តហោះ…រហូតដល់ទីបំផុត ឪពុករបស់លោកស្រី ត្រូវស្លាប់តាំងពីអាយុត្រឹមតែ 42ឆ្នាំ ហើយលោកស្រីមែរី និងប្អូន ក៏ត្រូវមករស់នៅក្រោមការមើលថែ របស់លោកដូណាល់ ត្រាំ និងគំនរកេរមរតក ក៏ត្រូវបានកេងប្រវ័ញ្ចយកដោយលោកត្រាំទៀតផង។

ខណៈពេលនេះ លោកស្រី មែរី ដែលរៀនចប់បរិញ្ញាឯកផ្នែកចិត្តវិទ្យា បានបើកធុរកិច្ចផ្ដល់ការប្រឹក្សាដល់អ្នកដែលធ្លាក់ទឹកចិត្ត និងនៅក្នុងទំព័រវេបសាយរបស់លោកស្រី បានឆ្លុះបង្ហាញពីភាពសោកស្ដាយរបស់លោកស្រីយ៉ាងខ្លាំង នៅពេលដែលលោកដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតឆ្នាំ2016 ហើយសៀវភៅ 1ក្បាលនេះ នឹងចេញមកដើម្បីទប់ស្កាត់ មិនឱ្យលោកត្រាំ បានដើរចូលសេតវិមានជាលើកទី2 ហ្នឹងឯង៕

ប្រភព៖ សាព័ត៌មានបរទេស
ប្រែសម្រួលដោយ តាវ៉ែនតា

Advertisement