ចិនដោះលែងទាហានឥណ្ឌាដែលត្រូវចាប់ខ្លួនក្នុងហេតុការណ៍វាយតប់គ្នានៅព្រំដែន ប៉ុន្តែនៅតែចោទប្រកាន់ ទម្លាក់កំហុស និងគំរាមដាក់គ្នាដដែល

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ចិន​ លោក​ Wang Yi (ស្ដាំ) និង​រដ្ឋមន្ត្រី​ការ​បរទេស​​ឥណ្ឌា​ លោក​ Subrahmanyam Jaishankar

ទាហាន​ឥណ្ឌា​ចំនួន​10​នាក់​ដែល​ត្រូវ​បាន​ចិន​ចាប់​ខ្លួន​នៅ​ក្នុង​ហេតុការណ៍​វាយ​តប់​គ្នា​ទ្រង់​ទ្រាយ​ធំនៅ​ព្រំ​ដែន​ប្រទេស​ទាំង​ពីរ បន្ទាប់​ពី​មាន​កិច្ច​ចរចា​​ថ្នាក់​​មេបញ្ជា​ការ​យោធា​របស់​ចិន​និង​ឥណ្ឌា​។

សារ​ព័ត៌មាន​​ Press Trust រួម​នឹង​សារ​ព័ត៌​មាន​របស់​ឥណ្ឌា​ជា​ច្រើន​ទៀត​បាន​រាយការណ៍​ថា ទាហាន​ឥណ្ឌា​ចំនួន​10​នាក់​​ត្រូវ​បាន​ប្រទេស​ចិន​ដោះ​លែង​កាល​ពី​យប់​ថ្ងៃទៅ​18​មិថុនា​កន្លង​ទៅ​។ រដ្ឋាភិបាល​ឥណ្ឌា​មិន​បាន​បញ្ចេញ​មតិ​អ្វី​នៅ​ឡើយ​ទាក់​ទិន​នឹង​បញ្ហា​នេះ​ ប៉ុន្តែភាគី​កង​ទ័ព​ឥណ្ឌា​បាន​ចេញ​មក​អះអាង​ថា “មិន​មាន​ទាហាន​ឥណ្ឌា​ណា​ម្នាក់​បាន​បាត់​ខ្លួន​ក្នុង​ពេល​បំពេញ​ភារ​កិច្ច​” នៅ​ក្នុង​ហេតុ​ការណ៍​វាយ​តប់​គ្នា​នៅ​ជ្រលង​ភ្នំ​ Galwan នោះ​ទេ​។

សារ​ព័ត៌មាន​ឥណ្ឌា​បាន​ចេញ​ផ្សាយ​ថា កិច្ច​ព្រម​ព្រៀង​ដោះ​លែង​ទាហាន​ខាង​លើ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ជោគ​ជ័យ​ក្រោយ​ពី​មាន​កិច្ច​ប្រជុំ​ថ្នាក់​ឧត្តម​សេនីយ៍រវាង​ប្រទេស​ចិន​និង​ឥណ្ឌា​។

សូមរំឭក​ថា ទាហាន​ឥណ្ឌា និង​ទាហាន​ចិន​ បាន​វាយ​តប់​គ្នា​ជា​ក្រុម​កាល​ពី​យប់​ថ្ងៃទី​15​មិថុនា2020​ នៅ​ជ្រលង​ភ្នំ​ Galwan នៃ​តំបន់​ Ladakh។ កង​ទ័ព​ជើង​គោក​ឥណ្ឌា​បញ្ជាក់​ថា ទាហាន​ឥណ្ឌា​ចំនួន​20​នាក់​បាន​បាត់​បង់ជីវិត​ ក្នុង​នោះ​មាន​នាយ​ទាហាន​ Santosh Babu ដែល​ជា​មេបញ្ជា​ការ​កង​វរសេនាតូច​ Bihar 16 ខណៈ​ទាហាន​ចំនួន​18​នាក់​ផ្សេង​ទៀត​កំពុង​ទទួល​ការ​ព្យាបាល​​ដោយ​សារ​តែ​រង​របួស​ធ្ងន់​។

សារ​ព័ត៌មាន​ឥណ្ឌា​បាន​ចេញ​ផ្សារ​ដែរ​ថា ទាហាន​ចិន​ជាង​40​នាក់​បាន​ស្លាប់​និង​រង​របួស​ក្នុង​ហេតុការណ៍​វាយ​តប់​គ្នា​ខាងលើ​។ ទីក្រុង​ប៉េកាំង​បាន​ទទួល​ស្គាល់​ថា​ ទាហាន​មួយ​ចំនួន​របស់​ខ្លួន​បាន​ស្លាប់​និង​រង​របួស​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​អំពី​តួលេខ​ច្បាស់​លាស់​នោះ​ឡើយ​។

ប្រជាជនឥណ្ឌា​រាប់​ពាន់​នាក់​ចូល​រួម​ពិធីបុណ្យ​សព​របស់​ទាហាន​ដែល​បាន​បាត់​បង់​ជីវិត​​នៅ​ក្នុង​ហេតុ​ការណ៍​វាយ​តប់​គ្នា​ជា​មួយ​ទាហាន​ចិន​នៅ​ព្រំ​ដែន

ក្នុង​ពេល​មាន​ការ​អំពាវ​នាវ​ឱ្យ​ឈប់​ប្រើ​ប្រាស់​ទំនិញ​ចិន​ កាល​ពី​ម្សិលមិញ​ ជនជាតិ​ឥណ្ឌា​រាប់​ពាន់​នាក់​បាន​ចូល​រួម​ពិធី​បុណ្យ​សពរបស់​ទាហាន​ឥណ្ឌា​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុ​ការណ៍​ការពារ​ទឹក​ដី​ខាង​លើ​។ នៅ​ក្នុង​ទីក្រុង​មួយ​ចំនួន​ គេ​ឃើញ​ប្រជា​ជន​ឥណ្ឌា​ជា​ច្រើន​បាន​នាំ​គ្នា​លើក​បដា​ដែល​មាន​សរសេរ​ថា “ឈប់​ប្រើ​ផលិត​ផល​ចិន​” ព្រម​ទាំង​ធ្វើ​ការ​ប្រឆាំង​នឹង​ប្រធានាធិបតី​ចិន​ លោក​ ស៊ី ជីនភីង​ផងដែរ​។

ក្រុម​មន្ត្រី​ចិន​និង​ឥណ្ឌា​កំពុង​ប្រឹង​ប្រែង​ស្វែង​រក​វិធី​ដោះ​ស្រាយ​ភាព​តាន​តឹង​​តាម​រយៈ​ការ​ចរចា​ដើម្បី​ចៀស​វាង​ការ​កើន​ឡើ​ងកម្ដៅ​ដែល​អាច​នាំ​ឱ្យ​មាន​ការ​ផ្ទុះ​អាវុធ​តាម​ព្រំ​ដែន​ ប៉ុន្តែ​ពួកគេ​បាន​ទម្លាក់​កំហុស​ដាក់​គ្នា​អំពី​​ហេតុ​ការណ៍​វាយ​តប់​គ្នា​ និង​បាន​ធ្វើ​ការ​ព្រមាន​ដាក់​គ្នា​នៅក្នុង​សេចក្ដី​ប្រកាស​រៀង​ៗ​គ្នា​។

“ឥណ្ឌា​មិន​គួរ​វាយ​តម្លៃ​ទាប​ចំពោះ​ការ​អត់​ធ្មត់​របស់​ចិន​ក្នុង​កិច្ច​ការ​ពារ​​បូរណភាព​ទឹក​ដី​របស់​ខ្លួន​នោះ​ទេ​” ក្រសួង​ការ​បរទេស​ចិន​ចេញ​សេចក្ដី​ប្រកាស​បែប​នេះ​ ក្រោយ​ពី​កិច្ច​ពិភាក្សា​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​​ចិន​ លោក​ Wang Yi និង​សមភាគី​ឥណ្ឌា Subrahmanyam Jaishankar។

ចំណែក​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ឥណ្ឌា​វិញ ថ្លែង​ថា ចិន​បាន​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​មាន​ “ផែន​ការ​មុន​” ហើយ​ថា​បញ្ហា​នេះ​នឹង​ជះឥទ្ធិពល​ធ្ងន់​ធ្ងរ​ដល់​​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement