Skip to content

បាតុកម្ម​នៅ​សហរដ្ឋអាមេរិក​! មនុស្ស​4​នាក់​ត្រូវ​បាន​បាញ់​ប្រហារ​ ក្នុង​នោះ​មាន​ម្នាក់​បាន​ស្លាប់​

យ៉ាងហោច​ណាស់​មាន​មនុស្ស​3​នាក់​ត្រូវ​បាន​បាញ់​ប្រហារ​ និង​មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​បាតុកម្ម​​​មួយ​ដែល​គេ​ឱ្យ​ឈ្មោះ​ថា​​ “ខ្ញុំ​មិន​អាច​ដក​ដង្ហើម” នៅ​ទីក្រុង​ Indianapolis ក្នុង​រដ្ឋ​ Indiana សហរដ្ឋ​អាមេរិក​ នាយប់​ថ្ងៃទី​30​ឧសភា​។

Randal Taylor ដែល​ជា​អធិការ​នគរបាល​ក្រុង Indianapolis បាន​ឱ្យ​ដឹង​ថា នគរ​បាល​កំពុងស្រាវ​ជ្រាវ​លើ​​ករណី​ដែល​មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​បាន​បាញ់​ប្រហារ​ ក្នុង​នោះ​មាន​មនុស្ស​ម្នាក់​បាន​បាត់បង់​ជីវិត​ក្នុង​បាតុ​កម្ម​​នា​ទីក្រុង​ Indianapolis។ អធិការ​រូប​នេះ​​បាន​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​គេច​ចេញ​ពី​កន្លែង​ដែល​មាន​បាតុករ​ច្រើន​។ Randal Taylor​ ​បាន​បន្ថែម​ថា មន្ត្រី​នគរ​បាល​ម្នាក់​ក៏​ត្រូវ​រង​របួស​ផងដែរ​។

យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​6​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ បន្ទាប់​ពី​ក្រុម​បាតុករ​បាន​វាយបំបែក​ទ្វារ​​ និង​សម្រុក​ចូល​ក្នុង​អធិការដ្ឋាន​នគរ​បាល​នៅទីក្រុង​ Indianapolis ដែល​នេះ​បាន​នាំ​ឱ្យមាន​ការ​ប៉ះទង្គិច​រវាង​ក្រុម​ប៉ូលិស​ជាមួយ​នឹង​ក្រុម​បាតុករ​។

សូម​រំឭក​ថា បាតុកម្ម​​​ដែល​មាន​ឈ្មោះ​ថា “ខ្ញុំ​មិន​អាច​ដក​ដង្ហើម​” ខាង​លើ​ បាន​ចាប់​ផ្ដើម​កើត​ចេញ​ពី​តំបន់ Minneapolis រដ្ឋ​ Minnesota ហើយ​បាន​រាល​ដាល​ពេញ​ផ្ទៃ​ប្រទេស​​ បន្ទាប់​ពី​ George Floyd ដែល​ជា​បុរស​ស្បែក​ខ្មៅ​ម្នាក់​​ត្រូវ​បាន​ប៉ូលិស​ក្រៀក​សង្កត់​រហូត​ដល់​ស្លាប់​ ព្រោះ​តែ​ជាប់​សង្ស័យ​ថា​បាន​ប្រើ​ប្រាស់​ប្រាក់​ក្លែង​ក្លាយ​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Leave a Reply

Your email address will not be published. Required fields are marked *