យាន Dragon បានចុះចតដោយជោគជ័យលើតំបន់សមុទ្រ Jacksonville រដ្ឋ Florida សហរដ្ឋអាម៉េរិក កាលពីព្រឹកម្សិលមិញ។
យានអវកាស Dragon ដឹកក្រុមអវកាសចរ Crew-6 ដែលរួមមាន Stephen Bowen និង Warren “Woody” Hoburg (អាម៉េរិក), Sultan AlNeyadi (អេមីរ៉ាតអារ៉ាប់រួម), Andrey Fedyaev (រុស្ស៊ី) បានចុះចតលើមហាសមុទ្រអាត្លង់ទិក នៅវេលាម៉ោង 11 និង 17 នាទី ថ្ងៃទី 04 កញ្ញា (ពេលវេលានៅកម្ពុជា)។
«យើងបានចេញដើរក្នុងអវកាសបីលើក ជួយយានដឹកទំនិញ Cygnus មួយគ្រឿងចូលចតនៅស្ថានីយអវកាសអន្តរជាតិ (ISS)។ យើងក៏ធ្វើកិច្ចការថែទាំជាច្រើនទៀត ហើយសង្ឃឹមថា ពេលយើងចាកចេញ ស្ថានីយនឹងប្រសើរឡើងមុនបន្តិចធៀបនឹងកាលពីពេលទើបមក» Warren ថ្លែងដូច្នេះ។
យាន Dragon បានផ្ដាច់ចេញពី ISS កាលពីវេលាម៉ោង 16 និង 05 នាទី ថ្ងៃទី 03 កញ្ញា។ ការវិលត្រលប់របស់ក្រុម Crew-6 នេះ ក៏បានបញ្ចប់បេសកកម្មអវកាស 186 ថ្ងៃរបស់ពួកគេ។ កប៉ាល់របស់ SpaceX ដែលត្រូវបានដាក់ពង្រាយនៅក្បែរទីតាំងចុះចត បាននាំយកយានអវកាស រួមនឹងអវកាសចរឡើងគោកដោយសុវត្ថិភាព។
ក្រោយពីក្រុម Crew-6 ត្រលប់មកកាន់ផែនដី លើ ISS នៅសល់អវកាសចរ 7 នាក់ រួមមាន អ្នកអវកាសរបស់អាម៉េរិក អឺរ៉ុប ជប៉ុន និងរុស្ស៊ី។ យាន Soyuz MS-23 របស់រុស្ស៊ីគ្រោងនឹងដឹកអ្នកអវកាស 3 រូប ត្រលប់មកកាន់ផែនដីនៅចុងខែកញ្ញា 2023៕