NASA-MIT រក​ឃើញ​ភព​អេលាន​ដ៏​ចម្លែក​ និង​មហិមា​ជាង​ភព​ព្រហស្បតិ៍​ទៅទៀត​

«អ្នក​រុករក​ភព​អេលាន» TESS របស់​ណាសា (NASA) បាន​រក​ឃើញ​ភព​ដ៏​អស្ចារ្យ​ពីរ​បន្ថែម​ទៀត​ ស្ថិត​ក្នុង​កញ្ចុំ​ផ្កាយ​ Draco ក្នុង​នោះ​មាន​ភព​មួយ​ដែល​មាន​គន្លង​តារា​វិថី​វែង​ជាង​គេ​បង្អស់​ក្នុង​ចំណោម​ភព​ក្រៅ​ប្រព័ន្ធ​ព្រះ​អាទិត្យ​ដែល​ត្រូវ​បាន​រកឃើញ​កន្លង​មក​។

យោង​តាម SciTech Daily ការ​រកឃើញ​នេះកើត​ឡើង​ពី​កូន​ផ្កាយ​ក្រហម​មួយ​ដួង​ដែល​មាន​ឈ្មោះ​ថា TOI-4600 ស្ថិត​នៅ​​ចម្ងាយ​ប្រហែល 815 ឆ្នាំ​ពន្លឺ​ពី​ផែនដី​។

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​មក​ពី​ណាសា រួម​នឹង​​វិទ្យាស្ថាន​បច្ចេក​វិទ្យា​ Massachusetts (MIT) និង​សាកលវិទ្យាល័យ​ New Mexico (សហរដ្ឋ​អាម៉េរិក)​ បាន​វិភាគទិន្នន័យពី​ផ្កាយរណប​ TESS របស់​ណាសា​ ដែល​មាន​ភារកិច្ច​ស្វែង​រក​ភព​ក្រៅ​ប្រព័ន្ធ​ព្រះ​អាទិត្យ​។

ពួក​គេ​រក​ឃើញ​ថា នៅ​ជុំវិញ​កូន​ផ្កាយក្រហម​ដែល​​ត្រជាក់​ជាង​ព្រះ​អាទិត្យនេះ​ មាន​ភព​​អស្ចារ្យ​​ជាងភព​ព្រហស្បតិ៍​ដែល​មាន​កាំធំជាង 11 ដង និង​ម៉ាស​ធំជាង 318 ដង​ ធៀប​នឹង​ផែនដី​។

ភព​ដំបូង​ក្នុង​ប្រព័ន្ធ​ផ្កាយ TOI-4600 គឺ TOI-4600b ​មាន​កាំ​ធំជាង​ភព​ព្រហស្បតិ៍​ 6.8 ដង និង​មួយ​ឆ្នាំ​មាន​ 86 ថ្ងៃ​។ ភព​ទីពីរ​ដែល​នៅគន្លង​តារាវិថី​ខាង​​ក្រៅ​គឺ​ TOI-4600c ​មាន​កាំ​ធំជាង​​ភព​ព្រហស្បតិ៍​រហូត​ដល់ 9.4 ដង និង​មួយ​ឆ្នាំ​មានរហូត​ដល់​ 486 ថ្ងៃ​។ TOI-4600c គឺជា​ភព​ក្រៅ​ប្រព័ន្ធ​ព្រះ​អាទិត្យ​ដែល​មាន​គន្លង​គោចរ​វែង​ជាងគេ​បង្អស់​ដែល​ធ្លាប់ត្រូវ​បាន​រកឃើញ​។

ទិន្នន័យ​បឋម​បង្ហាញ​ថា ភព​ទាំង​ពីរ​ខាងលើ​អាច​ជា​​ភព​ឧស្ម័ន​យក្ស​ដូច​ភព​ព្រហស្បតិ៍ ប៉ុន្តែ​ខាង​ក្នុង​អាច​មាន​លាយ​ឡំ​រវាង​ឧស្ម័ន​ និង​ទឹកកក​។ នេះ​គឺជា​លើក​ដំបូងដែល​ TESS រក​ឃើញ​ប្រព័ន្ធ​ផ្កាយដែល​ក្នុង​នោះ​មាន​ភព​ទម្រង់​ភព​ព្រហស្បតិ៍​ក្ដៅ និង​ភព​ព្រហស្បតិ៍​ត្រជាក់​នៅ​ជាមួយ​គ្នា​។ ភព​ដែល​នៅ​ក្នុង​គន្លង​តារាវិថី​​ខាង​ក្រៅ​មាន​សីតុណ្ហភាព​ត្រជាក់​ស្មើ​ -82 អង្សាសេ ខណៈ​ដែលភព​នៅ​ខាង​ក្នុងមាន​សីតុណ្ហភាព​ 74 អង្សាសេ​។

បន្ទាប់​ពី​លទ្ធផល​ខាងលើ​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​លើ​ទំព័រ Astrophysical Journal Letters ក្រុម​អ្នក​វិទ្យាសាស្ត្រ​ឱ្យ​ដឹង​ថា នឹងបន្ត​​ស្រាវជ្រាវ​ស៊ី​ជម្រៅ​បន្ថែម​ទៀត​៕

Advertisement