អភិបាលខេត្ត Pskov ឱ្យដឹងថា ព្រលានយន្តហោះនៅទីក្រុង Pskov បានរងការវាយប្រហារពីយន្តហោះគ្មានមនុស្សបើក (UAV) បណ្ដាលឱ្យយន្តហោះដឹកជញ្ជូនច្រើនគ្រឿងត្រូវខូចខាត។
«ក្រសួងការពារជាតិកំពុងដោះស្រាយការវាយប្រហារពី UAV មកលើព្រលានយន្តហោះ Pskov» Mikhail Vedernikov អភិបាលខេត្ត Pskov នៅភាគពាយព្យប្រទេសរុស្ស៊ី ឱ្យដឹងដូច្នេះ។ លោកក៏បានបង្ហោះវីដេអូស្ដីពីការវាយប្រហារនេះនៅលើបណ្ដាញសង្គមផងដែរ។
ក្រសួងការពារជាតិរុស្ស៊ីមិនទាន់បញ្ចេញប្រតិកម្មអ្វីនៅឡើយ។ «យោងតាមព័ត៌មានដំបូង ពុំមានករណីស្លាប់» លោក Vedernikov និយាយដូច្នេះ និងបន្ថែមថា ទំហំនៃការខូចខាតកំពុងត្រូវបានវាយតម្លៃ។
សារព័ត៌មាន TASS ដកស្រង់ប្រភពព័ត៌មានពីស្ថាប័នសង្គ្រោះបន្ទាន់ឱ្យដឹងថា យន្តហោះដឹកជញ្ជូនធុនធ្ងន់ Ilyushin II-76 ចំនួនបួនគ្រឿង បានរងការខូចខាត។ ចំណែកដែនអាកាសនៅតំបន់ព្រលានយន្តហោះ Vnukovo របស់រដ្ឋធានីមូស្គូ ត្រូវបានបិទខ្ទប់ក្នុងរយៈពេលខ្លី។
សារព័ត៌មានរុស្ស៊ី Readovka បានផ្សាយថា យន្តហោះ UAV ប្រហែល 15 គ្រឿងរបស់អ៊ុយក្រែន ដែលហោះសំដៅទៅកាន់ព្រលានយន្តហោះ Pskov ត្រូវបានបាញ់ទម្លាក់។ ទំព័រ Telegram Mash និយាយថា UAV មួយគ្រឿងទំនងជាបានហោះសំដៅឃ្លាំងឥន្ធនៈ និងបានផ្ទុះឆេះ បង្កើតបានជាផ្សែងខ្មៅក្រាស់នៅលើទីក្រុង។
Pskov មានចម្ងាយពីព្រំដែនអ៊ុយក្រែនប្រហែលជិត 800 គីឡូម៉ែត្រ។ ទីក្រុងនេះមានចម្ងាយពីប្រទេសសមាជិកណាតូចំនួនពីរគឺ អេស្តូនីប្រហែល 30 គីឡូម៉ែត្រ និងឡេតូនី ប្រហែល 60 គីឡូម៉ែត្រ ទៅទិសខាងលិច៕