ប្រជាពលរដ្ឋនៅ Port Alsworth ត្រូវបើកបរយន្តហោះទៅកាន់ទីក្រុងនៅជិតបំផុតដែលមានចម្ងាយជាង 300 គីឡូម៉ែត្រដើម្បីដើរផ្សារទិញទំនិញចាំបាច់។
Salina Alsworth អាយុ 25 ឆ្នាំ រស់នៅឯ Port Alsworth ដែលជាភូមិដាច់ស្រយាលបំផុតមួយរបស់ពិភពលោក។ ភូមិនេះស្ថិតក្នុងរដ្ឋ Alaska របស់សហរដ្ឋអាម៉េរិក។ ជីដូន ជីតាទួតរបស់ Salina គឺជាមនុស្សដំបូងៗរបស់ Port Alworth នៅក្នុងទសវត្សរ៍ឆ្នាំ 1940។ បច្ចុប្បន្ន ភូមិនេះមានប្រជាជនប្រហែល 186 នាក់ ឆ្លងកាត់ 5 ជំនាន់មនុស្ស។ ចំនួនប្រជាជនអាចកើនដល់ 400 នាក់នៅក្នុងរដូវកាលទេសចរណ៍។
ភូមិនេះពុំមានផ្លូវធ្វើដំណើរឆ្លងកាត់ ហើយក៏ពុំមានផ្សារ មន្ទីរពេទ្យដូចភូមិដទៃឡើយ។ ទីក្រុងដែលនៅជិតបំផុតគឺ Anchorage ប៉ុន្តែមានចម្ងាយពីភូមិរបស់ Salina រហូតដល់ជាង 300 គីឡូម៉ែត្រ ហើយមធ្យោបាយតែមួយគត់ដែលគេអាចប្រើប្រាស់បានគឺយន្តហោះ និងត្រូវធ្វើដំណើរជាងមួយម៉ោង។ ដូច្នេះ សូម្បីតែទៅផ្សារទិញអីវ៉ាត់ក៏ត្រូវជិះយន្តហោះ។
នៅពេលទិញទំនិញតាមអ៊ីនធើណិត ប្រជាជននៅក្នុងភូមិ Port Alsworth ត្រូវចំណាយលើសេវាដឹកជញ្ជូនពី 2 ទៅ 5 ដុល្លារ/គីឡូក្រាម និងមិនមានការកំណត់ពេលវេលាជាក់លាក់សម្រាប់ការប្រគល់ទំនិញ ព្រោះត្រូវអាស្រ័យលើអាកាសធាតុ។
គ្រួសាររបស់នាង Salina មានតំបន់លំហែកាយមួយនៅ Port Alsworth ដែលមានឈ្មោះថា Lake Clark ជាទីដែលមានភ្ញៀវទេសចរណ៍ជាច្រើនមកកម្សាន្តជារៀងរាល់ឆ្នាំ។ Salina ឱ្យដឹងថា គ្រួសារនាងមានយន្តហោះខ្នាតតូចមួយចំនួនដែលសមស្របនឹងភូមិសាស្ត្រផ្សេងៗគ្នា ក្នុងនោះមានទាំងតំបន់ព្រឹល ទឹកកកផងដែរ។
នៅរដូវរងា ពេលធ្វើដំណើរតាមយន្តហោះ អ្នកភូមិត្រូវស្លៀកពាក់ដូចអ្នកទៅលេងតំបន់ប៉ូលខាងជើង ព្រោះតែអាកាសធាតុត្រជាក់រហូតដល់ជាង -30 អង្សាសេ៕