រ៉ុក្កែត Falcon 9 នាំយាន Crew Dragon ដែលដឹកអវកាសចរ 4 នាក់ក្នុងបេសកកម្ម Crew-7 ពីមជ្ឈមណ្ឌលអវកាស Kennedy នៅវេលាម៉ោង 14 និង 27 នាទី ថ្ងៃទី 26 សីហា (ម៉ោងនៅកម្ពុជា)។
កំណាត់ដំបូងរបស់ Falcon 9 បានផ្ដាច់ខ្លួនពីកំណាត់ខាងលើបន្ទាប់ពីហោះឡើងបានប្រហែល 2 នាទី និង 40 វិនាទី មុនពេលបញ្ឆេះម៉ាស៊ីនហោះត្រលប់មកកាន់ផែនដី។ ប្រហែល 7.5 នាទីក្រោយការបាញ់បង្ហោះ កំណាត់ទីមួយក៏បានចុះចតនៅមូលដ្ឋាននៃកងកម្លាំងអវកាស Cape Canaveral ដែលនៅក្បែរមជ្ឈមណ្ឌលអវកាស Kennedy។
នេះគឺជាការបាញ់បង្ហោះ និងចុះចតដំបូងរបស់រ៉ុក្កែត Falcon 9 គ្រាដែលយាន Crew Dragon មានបទពិសោធន៍ច្រើនជាងក្នុងការនាំអវកាសចរឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) ក្នុងបេសកកម្ម Crew-3 និង Crew-5 របស់ SpaceX។
នេះក៏ជាជើងហោះហើរនាំយកក្រុមអវកាសចរមានលក្ខណៈអន្តរជាតិបំផុតដែល SpaceX ធ្លាប់ធ្វើឡើង។ អ្នកអវកាស 4 រូបតំណាងឱ្យទីភ្នាក់ងារអវកាសផ្សេងៗគ្នាចំនួន 4 ស្ថាប័ន។ ប្រធានបេសកកម្ម Crew-7 គឺជាអ្នកអវកាសរបស់ណាសា អ្នកស្រី Jasmin Moghbeli។ នេះគឺជាជើងហោះហើរទៅកាន់អវកាសលើកដំបូងរបស់ Moghbeli។ អ្នកស្រីគឺជាពលរដ្ឋអាម៉េរិកដើមកំណើតអ៊ីរ៉ង់ទីពីរដែលបានហោះទៅទីអវកាស បន្ទាប់ពី Anousheh Ansari។
សមាជិក 3 រូបផ្សេងទៀតរបស់ក្រុមហោះហើរ Crew-7 រួមមាន Andreas Mogensen ដែលជាអ្នកអវកាសជនជាតិដាណឺម៉ាក មកពីទីភ្នាក់ងារអវកាសអឺរ៉ុប (ESA), Satoshi Furukawa របស់ទីភ្នាក់ងារអវកាសជប៉ុន (JAXA) និង Konstantin Borisov មកពី Roscosmos របស់រុស្ស៊ី។
Crew-7 គឺជាបេសកកម្មមានអវកាសចរលើកទី ៨ ដែល SpaceX អនុវត្តឱ្យណាសា និងជាបេសកកម្មមានអ្នកអវកាសលើកទី 11 របស់ក្រុមហ៊ុន SpaceX។
អ្នកអវកាស 4 រូបរបស់ Crew-7 ឡើងដល់ ISS វេលាម៉ោង 19 និង 50 នាទី ក្នុងថ្ងៃបាញ់បង្ហោះ ហើយក្រោយមកនឹងចាប់ផ្ដើមធ្វើការលើស្ថានីយអវកាសអន្តរជាតិរយៈពេល 6 ខែ។ ប្រហែល 5 ថ្ងៃបន្ទាប់ពី Crew-7 ឡើងដល់ ISS ក្រុម Crew-6 នឹងចាកចេញពីស្ថានីយនេះដើម្បីត្រលប់មកកាន់ផែនដី៕