នៅពេលនិយាយដល់ជនជាតិស្បែកស យើងតែនឹកឃើញដល់ជនជាតិអាម៉េរិក ឬអឺរ៉ុប។ល។ ប៉ុន្តែ រឿងដែលចម្លែកគឺថា នៅប្រទេសចិន ជាដែនដីមួយក្នុងទ្វីបអាស៊ីបែរជាមានកុលសម្ព័ន្ធស្បែកសមួយដែលបង្ហាញវត្តមានរាប់ពាន់ឆ្នាំមកហើយ។ នារីៗនៅក្នុងកុលសម្ព័ន្ធនេះ មានសម្រស់ស្រស់ស្អាតជាងជនជាតិដទៃមួយចំនួន។
ជនជាតិស្បែកសខាងលើនេះមានឈ្មោះថា Tajik រស់នៅលើជួរភ្នំ Pamirs ជាទីដែលត្រូវបានចាត់ទុកថាជាដំបូលផ្ទះពិភពលោក។ យោងតាមស្ថិតិពីរដ្ឋាភិបាលចិន ជនជាតិ Tajik នេះ មានប្រហែលជាង 50,000 នាក់ប៉ុណ្ណោះ។
ក្រៅពីលើភ្នំ Pamirs ជនជាតិ Tajik ក៏រស់នៅប្រមូលផ្ដុំគ្នានៅស្រុកស្វយ័តជនជាតិ Tajik Tashkurgan, Kashgar (ឬ Kashi), តំបន់ស្វយ័ត Xinjiang។
ជនជាតិ Tajik បរិភោគគ្រាប់ធញ្ញជាតិច្រើនប្រភេទ រួមនឹងសាច់អាំង នំផេនខេក និងផលិតផលធ្វើពីទឹកដោះគោ បន្លែ។ល។ ហើយពួកគេក៏ចូលចិត្តផឹកតែផងដែរ។
សម្រស់របស់ជនជាតិស្បែកស Tajik នៅប្រទេសចិន មានចំណុចពិសេសរបស់ជនជាតិអឺរ៉ុប ដោយមានថ្កាសខ្ពស់ ស្បែកពណ៌អូលីវ (លឿងច្រើនជាងក្រហម) ភ្នែកធំ ក្រហូងភ្នែកជ្រៅ និងក្ដោងច្រមុះដ៏ទាក់ទាញ។
អំពីទំនៀមទម្លាប់ក្នុងគ្រួសារជនជាតិ Tajik
ឪពុកម្ដាយចាស់ៗមានទំនោរលើកស្ទួយកូនប្រុសជាងកូនស្រី។ ដូច្នេះ ដើម្បីអាចបន្តវត្តមាន និងរីកចម្រើន នារីជនជាតិ Tajik ត្រូវឆ្លងកាត់ឧបសគ្គ និងសម្ពាធយ៉ាងច្រើន។
នារីជនជាតិស្បែកស Tajik មានសម្រស់ប្រហាក់ប្រហែលនឹងជនជាតិអឺរ៉ុប ដូច្នេះពួកគេតែងទទួលបានចំណាប់អារម្មណ៍ច្រើនពីសាធារណជន។ ក៏ប៉ុន្តែ ជនជាតិនេះមានច្បាប់បុរាណដែលមិនបានចារលើក្រដាសមួយដ៏សំខាន់ សម្រាប់ការអនុវត្តចំពោះនារីភេទ នោះគឺកូនក្រមុំជនជាតិនេះមិនត្រូវបានអនុញ្ញាតឱ្យរៀបការនឹងជនជាតិដទៃ។
មូលហេតុដែលនាំឱ្យមានច្បាប់បុរាណខាងលើ នោះគឺថា ជនជាតិ Tajik ចង់រក្សាឈាមជ័រ ពូជសាសន៍របស់ខ្លួនឱ្យនៅ «បរិសុទ្ធ» ដោយមិនត្រូវបានលាយឡំនឹងពូជសាសន៍ដទៃ៕