ចំនួនក្រុមហ៊ុនដែលជ្រើសរើសបុគ្គលិកអាយុលើសពី 70 នៅប្រទេសជប៉ុន បានកើនទ្វេដងធៀបនឹងទសវត្សរ៍កន្លង ដោយឡើងដល់ 39%។
ដើមឡើយ ប្រទេសជប៉ុន កំណត់អាយុចូលនិវត្តន៍ត្រឹម 60 ប៉ុន្តែប្រទេសនេះបានធ្វើវិសោធនកម្មច្បាប់កាលពីឆ្នាំ 2013 ដោយស្នើឱ្យក្រុមហ៊ុននានាបន្តអនុញ្ញាតឱ្យបុគ្គលិកធ្វើការរហូតដល់អាយុ 65 ឆ្នាំ បើសិនជាបុគ្គលិកនោះចង់។ ដំបូងឡើយ បណ្ដាក្រុមហ៊ុនបានជំទាស់ទៅនឹងការប្ដូរផ្លាស់នេះ ព្រោះតែខ្លាចការចំណាយកើនឡើង។ ក៏ប៉ុន្តែ បញ្ហាខ្វះកម្លាំងពលកម្មនាបច្ចុប្បន្ន កំពុងតែធ្វើឱ្យក្រុមហ៊ុនកាន់តែច្រើនសម្រេចជ្រើសរើសបុគ្គលិកវ័យចំណាស់។
ក្រុមហ៊ុន Nojima កាលពីឆ្នាំ 2020 បានអនុញ្ញាតឱ្យបុគ្គលិកបន្តធ្វើការរហូតដល់ពួកគេមានអាយុ 80។ ឆ្នាំ 2021 ក្រុមហ៊ុន YKK ដែលជាអ្នកផលិតខ្សែរ៉ូតធំជាងគេលើពិភពលោក ក៏បានលុបចោលការកំណត់អាយុចូលនិវត្តន៍។ មិនយូរប៉ុន្មាន ក្រុមហ៊ុន Nojima ក៏បានធ្វើតាម YKK។
ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព ក៏ដូចជាក្រសួងមហាផ្ទៃ ទូរគមនាគមន៍ជប៉ុន កាលពីដើមខែសីហានេះបានប្រកាសទិន្នន័យដែលបង្ហាញថា អត្រានៃការជ្រើសរើសបុគ្គលិកវ័យលើសពី 70 ក្នុងឆ្នាំ 2022 គឺ 39% ដែលនេះខ្ពស់ជាងទ្វេដង បើធៀបនឹងឆ្នាំ 2012។
ក្រុមប្រជាជនវ័យពី 15 ដល់ 64 មាន 59% ធៀបនឹងប្រជាជនសរុបនៅជប៉ុនក្នុងឆ្នាំ 2022 ដោយថយចុះ 9% ធៀបនឹងឆ្នាំ 2000។ ក្នុងចំណោមមនុស្សដែលមានការងារធ្វើនៅជប៉ុន ក្រុមដែលមានអាយុលើសពី 65 មាន 6.39 លាននាក់ ស្មើនឹង 10.6% ខ្ពស់ជាងតួលេខ 7% នៅអាម៉េរិក និង 4% នៅអាល្លឺម៉ង់។
វិស័យដែលប្រើប្រាស់បុគ្គលិកវ័យចំណាស់ខ្ពស់ជាងគេនៅប្រទេសជប៉ុន រួមមាន វិស័យសាងសង់ វិស័យថែទាំសុខភាព វិស័យដឹកជញ្ជូន៕