ផ្កាយដុះកន្ទុយធំប៉ុនទីក្រុង និងមានឈ្មោះថា 12P/Pons – Brooks កំពុងតែហោះសំដៅមកកាន់តំបន់ក្បែរផែនដីបំផុត នៅលើគន្លងគោចរ 71 ឆ្នាំនៅក្នុងប្រព័ន្ធព្រះអាទិត្យ។
ផ្កាយដុះកន្ទុយមានភ្នំភ្លើងមួយដួង ដែលកំពុងហោះមកកាន់ផែនដី មានរូបរាងស្រដៀងនឹងថាសហោះ (UFO) បន្ទាប់ពីមានហេតុការណ៍ផ្ទុះ ធ្វើឱ្យវាភ្លឺដូចទៅនឹងកូនផ្កាយមួយដួង និងស្រោចកំអែភ្នំភ្លើងត្រជាក់ទៅក្នុងទីអវកាស។ នេះគឺជាលើកដំបូងហើយដែលអ្នកវិទ្យាសាស្ត្របានមើលឃើញផ្កាយដុះកន្ទុយនេះផ្ទុះកំអែភ្នំភ្លើង នៅក្នុងអំឡុងពេលជិត 70 ឆ្នាំមកនេះ។
12P/Pons – Brooks (12P) គឺជាផ្កាយដុះកន្ទុយមានភ្នំភ្លើងត្រជាក់។ ដូចទៅនឹងផ្កាយដុះកន្ទុយដទៃ 12P មានស្នូលរឹងដែលផ្ទុកសមាសធាតុទឹកកក ធូលី និងឧស្ម័ន ហើយជុំវិញវាគឺជាពពកឧស្ម័នដែលហៅថាក្បាលផ្កាយដុះកន្ទុយ។ ប៉ុន្តែ ខុសពីផ្កាយដុះកន្ទុយដទៃ ឧស្ម័ន និងទឹកកកនៅខាងក្នុងស្នូលរបស់ 12P មានបរិមាណច្រើនរហូតដល់អាចផ្ទុះយ៉ាងខ្លាំងក្លា បាញ់ចេញវត្ថុធាតុត្រជាក់ដែលហៅថា កំអែទឹកកក ពីស្នាមប្រេះនៅលើសម្បករបស់ស្នូល។
កាលពីថ្ងៃទី 20 កក្កដា តារាវិទូជាច្រើនរូបបានសង្កេតឃើញថា មានហេតុការណ៍ផ្ទុះធំមួយនៅលើផ្កាយដុះកន្ទុយ 12P ដែលធ្វើឱ្យវាភ្លឺជាងធម្មតារហូតដល់ប្រហែល 100 ដង។ ការភ្លឺឡើងនេះកើតឡើងនៅពេលសម្បករបស់ 12P ស្រាប់តែប៉ោងឡើងដោយសារតែឧស្ម័ន និងសមាសធាតុទឹកកកដែលកញ្ជ្រោលចេញពីខាងក្នុង នាំឱ្យចំណាំងប្លាតពន្លឺពីព្រះអាទិត្យនៅលើ 12P ជះមកកាន់ផែនដីច្រើនជាងមុន។
នៅថ្ងៃទី 26 កក្កដា សម្បករបស់ 12P រីកប៉ោងឡើងរហូតដល់មានអង្កត់ផ្ចិត 230,000 គីឡូម៉ែត្រ ធំជាង 7,000 ដង ធៀបនឹងស្នូលដែលមានអង្កត់ផ្ចិតតែ 30 គីឡូម៉ែត្រ។ ក៏ប៉ុន្តែ ប្រការដែលគួរចាប់អារម្មណ៍គឺថា សម្បកដែលប៉ោងឡើង ធ្វើឱ្យវាមានរូបរាងស្រដៀងនឹងស្នែង ឬថាសហោះ (UFO) ដែលមានកន្ទុយដូចនៅក្នុងខ្សែភាពយន្តបែបវិទ្យាសាស្ត្រ និងសង្គ្រាមអវកាស។
អ្នកវិទ្យាសាស្ត្រនិយាយថា 12P នឹងហោះមកដល់តំបន់ក្បែរព្រះអាទិត្យបំផុតនៅថ្ងៃទី 14 មេសាឆ្នាំ 2024 និងមកក្បែរផែនដីនៅថ្ងៃទី 02 មិថុនា 2024 ហើយអាចឱ្យមនុស្សមើលឃើញដោយភ្នែកទទេនៅពេលរាត្រី៕