ទំនប់វារីអគ្គិសនី Grand Ethiopian Renaissance ដែលកំពុងត្រូវបានប្រទេសអេត្យូពីសាងសង់នៅលើទន្លេ Nile គឺជាស្ថាបត្យកម្មដ៏អស្ចារ្យ ដោយមានទំនប់មេប្រវែង 1.7 គីឡូម៉ែត្រ និងបឹងផ្ទុកទឹក 74 ពាន់លានម៉ែត្រគុប។
បឹងសម្រាប់ផ្ទុកទឹកនៅខាងក្រោយទំនប់ Grand Ethiopian Renaissance នេះ គ្រោងនឹងមានទំហំប្រហាក់ប្រហែលនឹងទីក្រុងឡុងដ៍របស់ប្រទេសអង់គ្លេស។ ចំណែកទំនប់នេះវិញ មានកម្ពស់ខ្ពស់ជាងទ្វេដង ធៀបនឹងស្ពាន Golden Gate Bride ដែលមានកម្ពស់ 227 ម៉ែត្រ។
គម្រោងវារីអគ្គិសនីដែលសង់លើទន្លេ Nile (Nile ធ្លាប់ត្រូវបានចាត់ទុកជាទន្លេវែងជាងគេលើពិភពលោកកាលពីអតីតកាល – ខ្លីជាងទន្លេ Amazon បន្តិច) ស៊ីពេលរាប់ទសវត្សរ៍នៅក្នុងការអនុវត្ត និងបង្កើតបានជាកត្តាជំរុញសេដ្ឋកិច្ចរបស់ប្រទេសអេត្យូពី ព្រោះវាអាចជួយឱ្យមនុស្សរាប់លាននាក់រួចផុតពីស្ថានភាពក្រីក្រ។
នេះគឺជាទំនប់វារីអគ្គិសនីធំជាងគេនៅទ្វីបអាហ្វ្រិក ដោយសារវាធំដល់ថ្នាក់ត្រូវបានចាត់ជាប្រភេទមហាទំនប់ (megadam)។ បន្ទាប់ពីការសាងសង់ត្រូវបានធ្វើឡើងរួចរាល់ជាស្ថាពរ សំណង់នេះនឹងផលិតអគ្គិសនីបានជាង 5,000 ម៉េហ្គាវ៉ាត់ ច្រើនជាងទ្វេដងបើធៀបនឹងបរិមាណអគ្គិសនីដែលអេត្យូពីផលិតបាននាបច្ចុប្បន្ន។
បឹងសម្រាប់ផ្ទុកទឹករបស់ទំនប់វារីអគ្គិសនីនេះនឹងអាចផ្ទុកទឹកបាន 74 ពាន់លានម៉ែត្រគុប។ រោងចក្រចំនួនពីរ និងទំនប់ចំនួនបីរបស់គម្រោងនេះ ត្រូវសាងសង់ឡើងពីបេតុង RCC ចំនួន 10 លានម៉ែត្រគុប។ ក្នុងនោះ ទំនប់មេនឹងមានកម្ពស់ 145 ម៉ែត្រ, បណ្ដោយ 1.7 គីឡូម៉ែត្រ ខណៈដែលទំនប់រងមានប្រវែងសរុប 4.8 គីឡូម៉ែត្រ និងកម្ពស់ 45 ម៉ែទ្រ៕