សហរដ្ឋអាម៉េរិកប្រកាសអំពីការផ្ដល់បន្ថែមប្រព័ន្ធការពារដែនអាកាស NASAMS ដែលពួកគេអះអាងថា «វាយស្ទាក់បានជោគជ័យ 100%» ប្រឆាំងនឹងមីស៊ីលរុស្ស៊ី ទៅឱ្យអ៊ុយក្រែន នៅក្នុងកញ្ចប់ជំនួយថ្មី។
មន្ទីរបញ្ចកោណ កាលពីថ្ងៃទី 19 កក្កដា បានប្រកាសអំពីកញ្ចប់ជំនួយផ្នែកយោធាថ្មី តម្លៃ 1.3 ពាន់លានដុល្លារ ហើយថា នេះគឺជាមួយផ្នែកនៃកិច្ចប្រឹងប្រែងរបស់អាម៉េរិក ដើម្បីឆ្លើយតបនឹងតម្រូវការបន្ទាន់របស់ទីក្រុងកៀវ ដោយការសន្យាថា កសាងសមត្ថភាពសំខាន់ៗនៅក្នុងរយៈពេលខ្លី ទន្ទឹមនឹងការបង្កើនសមត្ថភាពយូរអង្វែងដល់កងទ័ពអ៊ុយក្រែន។
អាវុធដែលលេចធ្លោជាងគេនៅក្នុងកញ្ចប់ជំនួយថ្មីនេះ គឺប្រព័ន្ធមីស៊ីលការពារដែនអាកាសទំនើប NASAMS រួមនឹងគ្រាប់មីស៊ីល។ ការផ្ដល់អាវុធលើកនេះ ធ្វើឱ្យចំនួនប្រព័ន្ធមីស៊ីល NASAMS ដែលអាម៉េរិកផ្ដល់ឱ្យអ៊ុយក្រែន កើនឡើងដល់ 12 ប្រព័ន្ធ។
រដ្ឋមន្ត្រីការពារជាតិអាម៉េរិក Lloyd Austin កាលពីខែវិច្ឆិកា 2022 បានប្រកាសថា ប្រព័ន្ធមីស៊ីល NASAMS «សម្រេចបានអត្រាជោគជ័យ 100% នៅក្នុងការស្ទាក់វាយមីស៊ីលរុស្ស៊ី»។ នេះគឺជាប្រព័ន្ធការពារដែនអាកាសអចល័តតែមួយប្រភេទគត់ដែលត្រូវបានដាក់ពង្រាយនៅលើទឹកដីអាម៉េរិក ដើម្បីការពាររដ្ឋធានីវ៉ាស៊ីងតោន និងបណ្ដាតំបន់សំខាន់ៗរបស់ប្រទេសនេះ។
កញ្ចប់ជំនួយខាងលើនេះក៏បានធ្វើឱ្យជំនួយសរុបនៅក្នុងផ្នែកយោធាដែលអាម៉េរិកបានផ្ដល់ឱ្យអ៊ុយក្រែន កើនឡើងដល់ជាង 40 ពាន់លានដុល្លារ បន្ទាប់ពីរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនចាប់ពីខែកុម្ភៈ 2022 រហូតដល់បច្ចុប្បន្ន៕