ក្រោយការសាកល្បងទទួលបានជោគជ័យ សិង្ហបុរីកំពុងតែត្រៀមសម្រាប់ការដាក់ពង្រាយប៉ូលិសយន្តនៅទូទាំងប្រទេស។
ប៉ូលិសរ៉ូបូតទាំងនេះត្រូវបានបំពាក់កាមេរ៉ា អង្គញាណ និងមុខងារទំនាក់ទំនង ព្រមទាំងមានសមត្ថភាពបង្កើតតំបន់ហាមឃាត់ និងចេញការព្រមាននៅក្នុងហេតុការណ៍ផ្សេងៗ។ ពីរក្នុងចំណោមរ៉ូបូតទាំងនេះត្រូវបានដាក់ពង្រាយនៅឯស្ថានីយ T4 របស់អាកាសយានដ្ឋាន Changi តាំងពីខែមេសា 2023 ដោយមានភារកិច្ចជាអ្នកយាមល្បាត និងព្រមាននៅលើដី។
ដៃរបស់ប៉ូលិសយន្តអាចពន្លូតវែង និងពង្រួមចូល ហើយក៏បំពាក់កាមេរ៉ាដែលអាចមើលឃើញ 360 អង្សា។ រ៉ូបូតនេះក៏បំពាក់ប្រព័ន្ធទំនាក់ទំនងដែលអនុញ្ញាតឱ្យមន្ត្រីប៉ូលិសនិយាយគ្នាបានជាមួយនឹងប្រជាជន។
កម្លាំងប៉ូលិសសិង្ហបុរី (SPF) ឱ្យដឹងថា រ៉ូបូតល្បាតនេះគឺជាឧបករណ៍ថ្មីបំផុតដែលត្រូវបានបញ្ចូលទៅក្នុងឃ្លាំងបច្ចេកវិទ្យារបស់ SPF។
ដោយប្រើប្រាស់ភ្លើងសញ្ញា សារ៉ែន និងឧបករណ៍បំពងសំឡេង រ៉ូបូតទាំងនេះអាចធ្វើជារបង ឬព្រមានដល់អ្នកដំណើរនៅក្នុងហេតុការណ៍បន្ទាន់នានា នៅមុនពេលសមត្ថកិច្ចមកដល់៕