ភាពយន្តអាម៉េរិក រឿង «Barbie» ត្រូវបានអាជ្ញាធរវៀតណាមហាមចាក់បញ្ចាំងនៅរោងកុនក្នុងប្រទេសនេះ ដោយសារតែមានរូបភាពដែលវៀតណាមមិនទទួលស្គាល់នៅសមុទ្រចិនខាងត្បូង។
កាលពីថ្ងៃទី 03 កក្កដា 2023 អាជ្ញាធរវៀតណាមបានឱ្យដឹងថា សមត្ថកិច្ចបានហាមការចាក់បញ្ចាំងភាពយន្តទាំងឡាយណាដែលមានរូបភាពផែនទីផ្លូវ 9 ខ្សែ (Nine-dash line) ដែលប្រទេសចិនបានដាក់ចេញសម្រាប់សមុទ្រចិនខាងត្បូង ដែលវៀតណាមកំពុងតវ៉ា។
មុននោះ ភាពយន្តខាងលើគ្រោងនឹងចាក់បញ្ចាំងក្នុងប្រទេសវៀតណាមចាប់ពីថ្ងៃទី 21 កក្កដា។ ទាក់ទងនឹងបញ្ហានេះ ខាងរោងកុននៅវៀតណាម និងខាងផលិតកម្មរបស់ Barbie ហាក់មិនមានប្រតិកម្មអ្វីនៅឡើយ។
ភាពយន្តនេះត្រូវបានចំណាយប្រាក់ក្នុងការផលិតអស់ចំនួន 100 លានដុល្លារអាម៉េរិក។ Barbie (សម្ដែងដោយ Margot Robbie) និយាយអំពីភព Barbieland។ ថ្ងៃមួយ គ្រប់យ៉ាងបានប្រែប្រួលនៅពេលនាងត្រូវបានកម្ចាត់ចេញពី Barbieland។ នាងក៏ជ្រើសរើសផ្លូវទៅកាន់ភពរបស់មនុស្សដើម្បីស្វែងរកសុភមង្គលថ្មី ដែលរួមដំណើរជាមួយ Ken (សម្ដែងដោយ Ryan Gosling)។
គិតមកដល់ពេលនេះ វៀតណាមបានហាមការចាក់បញ្ចាំងភាពយន្តជាច្រើនដែលមានផ្ទុករូបភាពផែនទីខាងលើ ក្នុងនោះមានដូចជា ភាពយន្តរឿង Uncharted, Abominable, Pine Gap, Put your head on my shoulder និង Madam Secretary ជាដើម៕