អុកស៊ីសែន និងទឹក នឹងជាគោលដៅដំបូង និងចម្បងបំផុតរបស់ស្ថានីយរុករករ៉ែសាកល្បង របស់សហរដ្ឋអាម៉េរិក ក្នុងការរុករករ៉ែលើឋានព្រះចន្ទ។
ទីភ្នាក់ងារអវកាសអាម៉េរិក ណាសា (NASA) មានផែនការចាប់ផ្ដើមរុករករ៉ែនៅលើឋានព្រះចន្ទ ចាប់ពីទសវត្សរ៍ក្រោយ។ នេះបើតាមព័ត៌មានដែលបញ្ចេញដោយអ្នកវិទ្យាសាស្ត្ររ៉ុក្កែតរបស់ណាសា។
លោក Gerald Sanders ដែលកំពុងធ្វើការនៅឯមជ្ឈមណ្ឌលអវកាស Johnson របស់ណាសា កាលពីថ្ងៃទី 28 មិថុនា 2023 ឱ្យដឹងថា បេសកកម្មរុករករ៉ែនេះនឹងត្រូវបានអនុវត្តភ្លាមៗ បន្ទាប់ពីណាសានាំយកប្រព័ន្ធខួងរក និងទាញយករ៉ែសាកល្បង ឡើងទៅដល់ឋានព្រះចន្ទ។
អុកស៊ីសែន និងទឹក នឹងជាគោលដៅដំបូង និងចម្បងគេរបស់ស្ថានីយរុករករ៉ែសាកល្បងនៅលើឋានព្រះចន្ទ ព្រោះវាជួយគាំទ្រដល់ជីវិតរបស់មនុស្ស។ ក្រោយមក រ៉ែដទៃដូចជា ដែក និងដីកម្រជាដើម អាចត្រូវបានគិតគូរ ពេលសកម្មភាពរុករកត្រូវបានពង្រីកបន្ថែម។
ណាសាគណនាឃើញថា ព្រះចន្ទមានធនធានរ៉ែដែលមានតម្លៃរាប់សិបទ្រីលានដុល្លារ។ បច្ចុប្បន្ន មិនមែនមានតែសហរដ្ឋអាម៉េរិកនោះទេ ដែលមានបំណងរុករករ៉ែលើឋានព្រះចន្ទ ប្រទេសដទៃក៏មានមហិច្ឆតាដូចគ្នានេះដែរ ក្នុងនោះមានដូចជា អូស្ត្រាលី។ល។