(ស្វ៊ីស) – មួយផ្នែកនៃកំពូលភ្នំ Fluchthorn ដែលស្ថិតក្នុងជួរភ្នំ Silvretta Alps បានបាក់រលំកាលពីថ្ងៃទី 11 មិថុនា បណ្ដាលឱ្យថ្មជាង 100,000 ម៉ែត្រគូប ធ្លាក់ទៅលើជ្រលងភ្នំនៅខាងក្រោម។
ហេតុការណ៍បាក់រលំនេះកើតឡើងបន្ទាប់ពីប្រទេសស្វ៊ីសបានរងអាកាសធាតុក្ដៅខ្លាំងក្នុងមួយរយៈពេលយូរ។ នេះអាចបណ្ដាលមកពីស្រទាប់ដីដែលមានទឹកកកស្ថិតនៅរាប់ពាន់ឆ្នាំកន្លង ត្រូវរលាយ។ សហគមន៍អ្នកវិទ្យាសាស្ត្រព្រមានថា ករណីដូចគ្នានេះនឹងអាចកើតឡើងជាបន្តទៀតនៅពេលអាកាសធាតុត្រជាក់ប្រែជាក្ដៅ ធ្វើឱ្យស្រទាប់ដីមានទឹកកកក្រាស់ៗតាំងពីបុរាណ ត្រូវរលាយ។ នេះបើតាម Live Science ចុះផ្សាយកាលពីថ្ងៃទី 26 មីថុនា 2023។
សមត្ថកិច្ចឱ្យដឹង ពុំមានអ្នករងរបួស ឬស្លាប់ក្នុងហេតុការណ៍ខាងលើ ប៉ុន្តែ កំពូលភ្នំខ្ពស់ជាងគេរបស់ Fluchthorn បានបាត់បង់កំពស់ប្រហែល 100 ម៉ែត្រ។ ករណីបាក់រលំនេះកើតឡើងនៅផ្នែកខាងលិច នៅក្នុងជ្រលងភ្នំ Futschol។ កំពូលនៅកណ្ដាលដែលមានកម្ពស់ 3,397 ម៉ែត្រ បច្ចុប្បន្នគឺខ្ពស់ជាងគេបំផុតរបស់ Fluchthorn ដែលនេះមានន័យថា កំពូលភ្នំនេះទាបជាងមុនប្រហែល 19 ម៉ែត្រ។
កំពូលភ្នំស្ទើរតែទាំងអស់ដែលមានកម្ពស់លើសពី 2,500 ម៉ែត្រនៅជួរភ្នំ Alps សុទ្ធតែគ្របដណ្ដប់ និងចាក់ចូលជ្រៅក្នុងកន្លែងចន្លោះរវាងផ្ទាំងថ្មធំៗ ដោយស្រទាប់ដីកកអាយុកាលរាប់ពាន់ឆ្នាំ ជួយផ្សារភ្ជាប់ផ្ទាំងថ្មទាំងនេះ។ បើមិនមានស្រទាប់ដីកកទាំងនេះទេ ជញ្ជាំងភ្នំអាចបាត់បង់លំនឹង នាំឱ្យបាក់រលំដូចករណីខាងលើ។