បណ្ដាប្រទេសសមាជិករបស់សហភាពអឺរ៉ុប កាលពីថ្ងៃទី 26 មិថុនា បានឯកភាពគ្នាបង្កើនទំហំនៃកញ្ចប់ថវិកាសម្រាប់ជួយដល់ផ្នែកយោធារបស់អ៊ុយក្រែន។
ខ្ទង់ប្រាក់បន្ថែមដែលត្រូវបានសហភាពអឺរ៉ុប (EU) សម្រេចថានឹងផ្ដល់ឱ្យអ៊ុយក្រែនគឺ 3.5 ពាន់លានអឺរ៉ូ (ប្រហែលនឹង 3.8 ពាន់លានដុល្លារអាម៉េរិក)។ ខ្ទង់ប្រាក់នេះនាំឱ្យកញ្ចប់ជំនួយផ្នែកយោធារបស់អឺរ៉ុបសម្រាប់អ៊ុយក្រែន កើនឡើងដល់ជាង 12 ពាន់លានអឺរ៉ូ រាប់ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើង។
ឧត្តមស្នងការទទួលបន្ទុកផ្នែកសន្តិសុខ និងគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Joseph Borrell យល់ថា ការសម្រេចចិត្តថ្មីរបស់បណ្ដាប្រទេសជាសមាជិក EU បញ្ជាក់ថា សហភាពនេះនៅតែមានកញ្ចប់ថវិកាគ្រប់គ្រាន់សម្រាប់ជួយដល់ផ្នែកយោធារបស់ដៃគូសហការ៕