OceanGate ដែលក្រុមហ៊ុនគ្រប់គ្រងនាវាមុជទឹក Titan អាចត្រូវប្រឈមមុខនឹងរឿងក្ដីប្ដឹងផ្ដល់ពីគ្រួសារជនរងគ្រោះ បើទោះជាក្រុមអ្នកទេសចណ៍នេះបានចុះហត្ថលេខាលើកលែងក៏ដោយ។
កាលពីថ្ងៃទី 22 មិថុនា សមត្ថកិច្ចសហរដ្ឋអាម៉េរិក និងក្រុមហ៊ុន OceanGate បានបញ្ជាក់ថា មនុស្សប្រាំនាក់ដែលស្ថិតក្នុងនាវាមុជទឹក Titan បានទទួលមរណភាពទាំងអស់ ក្រោយពីក្រុមសង្គ្រោះបានរកឃើញបំណែកនានារបស់ Titan។
អ្នកដែលបានស្លាប់ក្នុងហេតុការណ៍ខាងលើ រួមមាន Stockton Rush អាយុ 61 ឆ្នាំ ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ OceanGate, មហាសេដ្ឋីអង់គ្លេស Hamish Harding អាយុ 58 ឆ្នាំ, Shahzada Dawood អាយុ 48 ឆ្នាំ ជាអ្នកជំនួញដើមកំណើតប៉ាគីស្ថាន និងកូនប្រុស Suleman អាយុ 19 ឆ្នាំ ដែលសុទ្ធតែជាពលរដ្ឋអង់គ្លេស រួមនឹងពលរដ្ឋបារាំងមួយរូបទៀត គឺអ្នកវិទ្យាសាស្ត្រខាងសមុទ្រ Paul-Henri Nargeolet អាយុ 77 ឆ្នាំ។
បច្ចុប្បន្ន មិនទាន់ដឹងច្បាស់ថា សាកសពជនរងគ្រោះខាងលើនឹងអាចត្រូវបានស្រង់មកលើគោកបានដែរ ឬយ៉ាងណានៅឡើយ។ ប៉ុន្តែ ក្រុមសមត្ថកិច្ចនៅតែបន្តស្វែងរកវត្ថុតាងនានាដើម្បីបញ្ជាក់បន្ថែមឱ្យកាន់តែច្បាស់។
មុនពេលឡើងកប៉ាល់ និងចូលនាវា Titan ដើម្បីចុះទៅទស្សនាសាកសពកប៉ាល់ Titanic ដែលនៅបាតសមុទ្រជម្រៅជិត 4,000 ម៉ែត្រ អតិថិជនទាំងអស់សុទ្ធតែត្រូវតម្រូវឱ្យចុះហត្ថលេខាលើកលែងការទទួលខុសត្រូវលើអាយុជីវិតសម្រាប់ OceanGate។ ក៏ប៉ុន្តែ ចំពោះគ្រួសារជនរងគ្រោះ គ្រប់យ៉ាងនឹងមិនបញ្ចប់ត្រឹមនេះឡើយ។ ក្រុមអ្នកវិភាគនិយាយថា សាច់ញាតិរបស់ជនរងគ្រោះនៅតែអាចប្ដឹងក្រុមហ៊ុននេះ សូម្បីតែនៅពេលជនរងគ្រោះបានចុះហត្ថលេខារួចរាល់ក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ មុនពេលរកឃើញមូលហេតុពិតប្រាកដនៃហេតុការណ៍គ្រោះថ្នាក់នេះ គេនៅតែមិនទាន់កំណត់បានថា ករណីនេះត្រូវផាត់ចោលកិច្ចសន្យា ឬអត់។ នេះបើតាម Joseph Low មេធាវីមួយរូបនៅរដ្ឋ California សហរដ្ឋអាម៉េរិក។
មកដល់បច្ចុប្បន្ន មិនទាន់មានប្រភពណាមួយនិយាយច្បាស់អំពីរឿងថា តើគ្រួសារជនរងគ្រោះមានបំណងប្ដឹងក្រុមហ៊ុន OceanGate ឬអត់នៅឡើយ៕