កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក បានឮសំឡេងលាន់ឡើងដែលត្រូវគេជឿថាកើតចេញពីហេតុការណ៍រងសម្ពាធរហូតដល់នាវាមុជទឹក Titan ត្រូវបែកខ្ទេចខ្ទី ក្រោយពីនាវានេះបានចាប់ផ្ដើមមុជចូលទឹក។
Wall Street Journal កាលពីថ្ងៃទី 22 មិថុនា ដកស្រង់សម្ដីមន្ត្រីជាន់ខ្ពស់នៅក្នុងជួរទ័ពជើងទឹកអាម៉េរិក សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា កងកម្លាំងនេះបានចាប់ផ្ដើមតាមដាននាវាមុជទឹក Titan ភ្លាមៗបន្ទាប់ពីនាវានេះបានដាច់ទំនាក់ទំនងកាលពីថ្ងៃទី 18 មិថុនា។
យោងតាមមន្ត្រីខាងលើ ប្រព័ន្ធស្រូបសំឡេងក្រោមទឹកសម្ងាត់មួយរបស់ទ័ពជើងទឹកអាម៉េរិក ដែលត្រូវបានប្រើប្រាស់ដើម្បីស្វែងរកនាវាមុជទឹករបស់សត្រូវ «បានឮសំឡេងដែលបង្ហាញថា មានហេតុការណ៍រងសម្ពាធដល់បែកខ្ទេច ឬការផ្ទុះបែកមួយកើតឡើងនៅក្បែរតំបន់នាវាមុជទឹក Titan កំពុងបាត់ខ្លួន»។
ពួកគេបានជូនដំណឹងអំពីការរកឃើញខាងលើនេះទៅឱ្យកងកម្លាំងល្បាតឆ្នេរ ដែលជាអ្នកដឹកនាំការស្វែងរកនាវា Titan។ កងទ័ពជើងទឹកអាម៉េរិក ពេលនោះមិនទាន់អះអាងថា សំឡេងដែលបានឮគឺជាសំឡេងបាក់បែករបស់ Titan នៅឡើយ។ ពួកគេមិនបានប្រកាសព័ត៌មាននេះជាសាធារណៈ ក៏ព្រោះតែក្នុងបំណងធានាថា ការស្វែងរក និងសង្គ្រោះជីវិតទាន់ពេល នៅតែត្រូវបានធ្វើឡើង។ ការរកឃើញសញ្ញាសំឡេងខាងលើក៏បានជួយបង្រួមបរិវេណនៃតំបន់ស្វែងរក មុនពេលរកឃើញបំណែកនានាកាលពីថ្ងៃទី 22 មិថុនា។
«នាវា Titan ទំនងជាត្រូវរងសម្ពាធរហូតដល់បែកខ្ទេចតាំងតែពីថ្ងៃទី 18 មិថុនា នៅក្នុងដំណើរចុះទៅតំបន់សាកសពកប៉ាល់ Titanic ភ្លាមៗបន្ទាប់ពីដាច់ទំនាក់ទំនង នៅក្នុងជម្រៅប្រហែល 2,700 ម៉ែត្រ» ប្រភពព័ត៌មានពីទ័ពជើងទឹកអាម៉េរិកឱ្យដឹងដូច្នេះ។