ពាក្យគន្លឹះ «Team Musk» និង «Team Zuck» កំពុងពេញនិយមលើបណ្ដាញសង្គម Twitter ខណៈដែលអ្នកនាំពាក្យរបស់ក្រុមហ៊ុន Meta ឱ្យដឹងថា Mark Zuckerberg ពិតជាទន្ទឹងរង់ចាំការប្រកួតជាមួយ Elon Musk នៅលើសង្វៀន។
កាលពីថ្ងៃទី 21 មិថុនា ចាប់ផ្ដើមពីរឿងរ៉ាវសរសេរលេងនៅលើ Twitter មហាសេដ្ឋី Elon Musk បានបបួលមហាសេដ្ឋី Mark Zuckerberg ណាត់ទីតាំងវាយគ្នានៅលើសង្វៀនក្នុងទ្រុងដែកនៅ Las Vegas ហើយម្ចាស់ Facebook ក៏យល់ព្រម។
សំណួរដែលសួរថា «អ្នកជ្រើសរើស Team Musk ឬ Team Zuck?» បានក្លាយជាពាក្យពេញនិយមនៅលើបណ្ដាញសង្គម Twitter និង Reddit។
«ខ្ញុំនឹងទស្សនាការប្រកួតឱ្យខាងតែបាន សូម្បីតែត្រូវចំណាយប្រាក់ច្រើន។ ខ្ញុំភ្នាល់ថា Zuckerberg នឹងឈ្នះ។ គាត់ចេះក្បាច់គុន ចំណែក Musk គ្រាន់តែមានមាឌធំប៉ុណ្ណោះ» គណនីឈ្មោះ Stefan សរសេរដូច្នេះ។
គណនីឈ្មោះ lkHouVanWiskunde សរសេរថា «មិនមែន Zuckerberg ទើបតែក្លាយជាជើងឯកគុនជឺជិតស៊ូប្រេស៊ីល (Jiu-jitsu) ទេអី? គាត់នៅក្មេង។ នេះនឹងជាការប្រកួតតែម្ខាង»។
អ្នកខ្លះថា លោក Musk ត្រូវប្រើប្រាស់មនុស្សយន្តទើបឈ្នោះ Zuckerberg។ ក៏ប៉ុន្តែ ក៏នៅមានអ្នកខ្លះជ្រើសរើសខាង Team Musk។ «ប្រាក់របស់ខ្ញុំទុកសម្រាប់អ្នកតែអង្គុយដោយមិនចាំបាច់កល់កៅអីប៉ុណ្ណោះ» អ្នកលេង Twitter ម្នាក់សរសេរដូច្នេះ និងបង្ហោះរូបថត Zuckerberg ត្រូវបន្ថែមពូកកៅអីនៅក្នុងសវនាការនៅសភាអាម៉េរិក។
បើនិយាយអំពីន័យចំ Zuckerberg អាយុ 39 ឆ្នាំ ប្រាកដជាមានប្រៀបជាង ដោយសារតែនៅក្មេង ជាអ្នកគុននិយម MMA និងធ្លាប់ឈ្នះក្នុងការប្រកួតគុនជឺជិតស៊ូប្រេងស៊ីល។ ចំណែកលោក Musk អាយុ 51 ឆ្នាំ មានប្រៀបជាងខាងកម្ពស់ និងទម្ងន់ ហើយធ្លាប់និយាយថា បានចូលរួមវាយគ្នានៅតាមដងផ្លូវពេលធំឡើងនៅអាហ្វ្រិកខាងត្បូង។
Business Insider បានវាយតម្លៃថា Zuckerberg នឹងឈ្នះ ដោយសារតែក្បាច់គុនជឺជិតស៊ូ ដែលប្រើក្បាច់ចាប់កាច់ដៃជើងដើម្បីគ្រប់គ្រងគូប្រកួត។
ក៏ប៉ុន្តែ លោក Musk បានបង្ហើបឱ្យដឹងថា «ខ្ញុំមានក្បាច់ពិសេសដែលហៅថា «The Walrus» ក្នុងនោះ ខ្ញុំគ្រាន់តែស្ថិតនៅពីលើគូប្រកួត និងមិនបាច់ធ្វើអ្វីទាំងអស់»។
ចំណែកទំព័រ Guardian វិញ ចុះផ្សាយថា ក្នុងចំណោមមិត្តរបស់លោក Musk ក៏មាន Lex Fridman ដែលជាអ្នកគុននិយមជឺជិតស៊ូ។ «គាត់អាចរៀនក្បាច់គុនការពារខ្លួនពីមិត្តរបស់គាត់ បើសិនការប្រកួតកើតឡើង» ទំព័រនេះសរសេរដូច្នេះ។
Elena Cresci អតីតអ្នកសារព័ត៌មាន និងជាជើងឯកក្បាច់គុនបុរាណខ្មែរ (នៅថៃ គេហៅមួយថៃ) យល់ថា បើសិនមានយុទ្ធសាស្ត្រគេច លោក Musk ពិតជាអាចផ្ដួលគូប្រកួត។
ដោយឡែក ទំព័រ The Verge អះអាងថា ទោះជាអ្នកណាឈ្នះក៏ដោយ ការប្រកួតរវាងម្ចាស់ Twitter និង CEO របស់ Meta នឹងជាការប្រកួតមួយដ៏អស្ចារ្យបំផុត។
ក៏ប៉ុន្តែ បើទោះនេះគឺជាការភ្នាល់ពិតប្រាកដក៏ដោយ ការប្រកួតរវាងមហាសេដ្ឋីពីររូបនេះ ទំនងជាពិបាកនឹងរៀងចំការប្រកួតលើសង្វៀនជាក់ស្ដែង៕