សំឡេង​​នាវា Titan បែក​ខ្ទេច​ដោយ​សារ​​​សម្ពាធ ​​ត្រូវ​កង​ទ័ព​ដឹង​​តាំងពី​ដំបូង ប៉ុន្តែ​មិន​​បញ្ចេញ​ជា​សាធារណៈ

កងទ័ពជើងទឹក​សហ​រដ្ឋ​អាម៉េរិក បានឮ​សំឡេង​លាន់​ឡើង​ដែល​ត្រូវគេ​ជឿថា​កើតចេញពី​ហេតុការណ៍​រង​សម្ពាធ​រហូតដល់​នាវាមុជទឹក Titan ត្រូវ​បែក​ខ្ទេចខ្ទី ក្រោយពី​នាវា​នេះ​បានចាប់ផ្ដើម​មុជ​ចូល​ទឹក។

Wall Street Journal កាលពី​ថ្ងៃទី 22 មិថុនា ដកស្រង់​សម្ដី​មន្ត្រីជាន់ខ្ពស់​នៅក្នុង​ជួរ​ទ័ពជើងទឹក​អាម៉េរិក សុំ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យដឹងថា កងកម្លាំង​នេះ​បានចាប់ផ្ដើម​តាមដាន​នាវាមុជទឹក Titan ភ្លាមៗបន្ទាប់ពី​នាវា​នេះ​បាន​ដាច់​ទំនាក់ទំនង​កាលពី​ថ្ងៃទី 18 មិថុនា។

យោងតាម​មន្ត្រី​ខាងលើ ប្រព័ន្ធ​ស្រូប​សំឡេង​ក្រោម​ទឹក​សម្ងាត់​មួយ​របស់​ទ័ពជើងទឹក​អាម៉េរិក ដែល​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ស្វែងរក​នាវាមុជទឹក​រប​ស់ស​ត្រូវ «បានឮ​សំឡេង​ដែល​បង្ហាញថា មាន​ហេតុការណ៍​រង​សម្ពាធ​ដល់​បែកខ្ទេច ឬ​ការផ្ទុះ​បែក​មួយ​កើតឡើង​នៅក្បែរ​តំបន់​នាវាមុជទឹក Titan កំពុង​បាត់​ខ្លួន»។

នាវាមុជ​ទឹក Titan មុន​ពេល​កើត​ហេតុ

ពួកគេ​បានជូន​ដំណឹង​អំពី​ការរកឃើញ​ខាងលើនេះ​ទៅឱ្យ​កងកម្លាំង​ល្បាត​ឆ្នេរ ដែលជា​អ្នកដឹកនាំ​ការស្វែងរក​នាវា Titan។ កងទ័ពជើងទឹក​អាម៉េរិក ពេលនោះ​មិនទាន់​អះអាងថា សំឡេង​ដែល​បានឮ​គឺជា​សំឡេង​បាក់បែក​របស់ Titan នៅ​ឡើយ​។ ពួកគេ​មិនបាន​ប្រកាស​ព័ត៌មាន​នេះ​ជា​សាធារណៈ ក៏​ព្រោះ​តែ​ក្នុង​បំណង​​ធានាថា ការស្វែងរក និង​សង្គ្រោះ​ជីវិត​ទាន់ពេល នៅតែ​ត្រូវបាន​ធ្វើឡើង។ ការរកឃើញ​សញ្ញា​សំឡេង​ខាងលើ​ក៏បាន​ជួយ​បង្រួម​បរិវេណ​នៃ​តំបន់​ស្វែងរក មុនពេល​រកឃើញ​បំណែក​នានា​កាលពី​ថ្ងៃទី 22 មិថុនា។

«នាវា Titan ទំនងជា​ត្រូវ​រង​សម្ពាធ​រហូតដល់​បែកខ្ទេច​​តាំង​តែ​ពី​​ថ្ងៃទី 18 មិថុនា នៅក្នុង​ដំណើរ​ចុះទៅ​តំបន់​សាកសព​កប៉ាល់ Titanic ភ្លាមៗបន្ទាប់ពី​ដាច់​ទំនាក់ទំនង​ នៅក្នុង​ជម្រៅ​ប្រហែល 2,700 ម៉ែត្រ» ប្រភពព័ត៌មាន​ពី​ទ័ពជើងទឹក​អាម៉េរិក​ឱ្យដឹង​ដូច្នេះ។

Advertisement