កងកម្លាំងល្បាតឆ្នេរអេម៉េរិក បានរកឃើញបំណែកជាច្រើននៅក្នុងតំបន់ស្វែងរកនាវាមុជទឹក Titan ដែលកំពុងបាត់ខ្លួន ខណៈខ្យល់អុកស៊ីសែនក្នុងនាវានេះទំនងជាអស់រលីងទៅហើយ។
«ឧបករណ៍ផ្លាស់ទីក្រោមទឹកស្វ័យប្រវត្ត (ROV) បានរកឃើញបំណែកជាច្រើននៅបាតសមុទ្រក្នុងតំបន់ស្វែងរកក្បែរកប៉ាល់ Titanic។ ក្រុមជំនាញកំពុងវាយតម្លៃលើព័ត៌ពីបំណែកទាំងនេះ» កងកម្លាំងល្បាតឆ្នេរអាម៉េរិក កាលពីព្រលប់ថ្ងៃទី 22 មិថុនា (ម៉ោងនៅកម្ពុជា) ឱ្យដឹងដូច្នេះ។
នាវាមុជទឹក Titan បានបាត់ខ្លួនកាលពីថ្ងៃទី 18 មិថុនា ពេលកំពុងដឹកមនុស្ស 5 នាក់ ធ្វើដំណើរចុះទៅមើលសាកសពកប៉ាល់ Titanic ក្រោមបាតមហាសមុទ្រអាត្លង់ទិកជម្រៅជិត 4,000 ម៉ែត្រ និងមានចម្ងាយពី Newfoundland របស់កាណាដា ប្រហែល 600 គីឡូម៉ែត្រ។
អ្នកជំនាញអាម៉េរិកសន្និដ្ឋានថា ខ្យល់អុកស៊ីសែនក្នុងនាវា Titan អាចឱ្យមនុស្ស 5 នាក់ដកដង្ហើមបាន 96 ម៉ោង រាប់ចាប់ពីពេលបាត់ខ្លួន។ ការសន្និដ្ឋាននេះធ្វើឱ្យគេគណនាឃើញថា អុកស៊ីសែនក្នុង Titan ទំនងជាអស់នៅវេលាម៉ោងប្រហែល 07 និង 10 នាទី ថ្ងៃទី 22 មិថុនា (ប្រហែលម៉ោង 16 និង 10 នាទីនៅកម្ពុជា)។